ករណី​ប៉ះទង្គិច​នៅ​មណ្ឌល​ព្រៃស្ពឺ ​​គឺជនអនាថាប្រើ,​ កាំបិត និងដំបង​កាប់​លើ​ស​ន្តិ​​សុខ​

រាជធានីភ្នំពេញ ៖ លោក​​ប៊ុ​ន សេរី អភិ​បា​ល​រង​រាជធានី​​ភ្នំពេញបាន​មាន​ប្រសា​ស​ន៍​​ថា ករណី​​ប៉ះ​ទង្គិច​នៅ​មជ្ឈ​មណ្ឌល​​សំចត​សង្គម​កិច្ច​ព្រៃ​ស្ពឺ កាលពី​ថ្ងៃ​ទី​១០​ កក្កដា ​គឺ​ជា​ការ​ទប់ស្កាត់​​ជនអនាថា​ចំណូល​ថ្មី​ ដែល​មាន​ជាប់​សារធាតុ​​ញៀន ដែល​បាន​​ប្រើ​កាំបិត​,​ដំបង​​កាប់​ទៅ​លើ​កំលាំង​​សន្តិសុខ​មណ្ឌល ​បណ្តាល​ឱ្យ​​រង​របួស​​២​នាក់ ហើយ​ពូក​គេ​​សម្រុក​​ចេញពី​មជ្ឈមណ្ឌល​យ៉ាង​​អនាធិប​តេយ្យ ដែល​​ចាំបាច់​អាជ្ញាធរ​​ភ្នំពេញ ​ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់ មិន​​ដូច​ការ​លើក​ឡើង​របស់​ប្រ​ព័ន្ធ​​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ី​វិល​ខ្លះ​​ ធ្វើការ​ចោទប្រកាន់​នោះ​ទេ ។

លោក​​សន សុផល នាយក​មន្ទីរសង្គមកិច្ចអតីត​យុទ្ធ​ជន និង​យុវ​នី​តិ​សម្បទា​រាជធានី​ភ្នំពេញ​​បាន​ឱ្យ​​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០​ កក្កដា​២០១៦ មាន​ករណី​បង្ក​​ឡើង​ដោយ​ជនអនាថា​ចំណូល​ថ្មី​ ដែល​មាន​ជាប់​សារធាតុ​ញៀនបាន​ប្រើ​កាំបិត​,​ ដំបង​កាប់​ទៅ​លើ​កម្លាំង​សន្តិ​សុខ​​មណ្ឌល​ បណ្តាល​ឱ្យ​​រង​របួស ហើយ​ពូក​គេ​មាន​ចំនួន​​១៨​នាក់ បង្ក​ឱ្យ​​មាន​ភាព​ជ្រួលច្របល់ ខ្លះ​​រត់​ផ្លោះ​​របង​, ​ខ្លះ​ទម្លាយ​​ទ្វារ សំរុក​​ចេញ​ពី​មជ្ឈមណ្ឌល​យ៉ាង​អនាធិប​តេយ្យ បង្ក​​ឱ្យ​​មានការ​ប៉ះទង្គិច​​ជាមួយ​កម្លាំង​​ការពារ​មជ្ឈមណ្ឌល​​នោះ ។

លោក​ឈាង ប៊ុ​ន​​ថា អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​​បានឱ្យ​​ដឹង​​ថា កាលពី​រសៀល​ថ្ងៃ​ទី​១២​ កក្កដា ​២០១៦ រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោកប៊ុ​ន សេរី ជា​អភិ​បា​រងបាន​កោះ​ប្រជុំ​បន្ទាន់​មួយ​នៅ​សាលា​រាជធានី​ភ្នំពេញ ទាក់ទិន​​ទៅ​នឹង​ហេតុ​ការ​ណ៍​​ខាងលើ​នេះ ។

​លោក​​បន្ត​ថា កិច្ចប្រជុំ​នោះ​បាន​ផ្តោត​លើ​បញ្ហា​ប្រឈម​​មួយ​ចំនួន​ ក្នុង​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច រាជធានី​ភ្នំពេញ​​នៅ​ព្រៃ​ស្ពឺ សង្កាត់ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដូច​ជា​បញ្ហា​ខ្វះខាត​​ក្នុង​ការ​ឧបត្ថម្ភ​ដល់​ជន​រង​គ្រោះ​​ស្នាក់​នៅ​ក្នុង​មណ្ឌល​,​ បញ្ហា​ប្រ​ព័ន្ធ​​លូ​,​បញ្ហា​​គ្រូពេទ្យ​ប្រចាំការ និង​ការ​ខ្វះ​បុគ្គលិក​បម្រើ​​ការ​ក្នុង​មជ្ឈមណ្ឌល​ ដែល​ត្រូវ​ជ្រើសរើស​ប​បន្ថែម​៣០​នាក់ និង​បញ្ហា​មួយទៀត គឺ​ប្រជាពលរដ្ឋ​ តាម​ភូមិ​ក្បែរ​មណ្ឌល​​មិន​បាន​សហការ​ជាមួយ​មណ្ឌល​ ពេល​មាន​បញ្ហា​កើតឡើង ។​

តែ​​ទោះជា​​យ៉ាងណា​​ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​ដោះស្រាយ​​បញ្ហា​បាន​ជា​ច្រើន ក្នុង​នោះ ​មានការ​ឧបត្ថម្ភ​ដល់​បុគ្គលិក​ជាប់​កិច្ច​សន្យា​ការ​ស្នើ​សុំ​រថយន្ត​ សំរាប់​ប្រើប្រាស់​ក្នុង​មណ្ឌល និង​ការ​រៀបចំ​ឱ្យ​​មាន​មជ្ឈមណ្ឌល​អប់រំ​ជន​​វិកល​ច​រិ​ក​​ដាច់​ដោយឡែក​ផង
​ដែរ ។

ក្នុង​កិច្ចប្រជុំ​នោះ លោក​ប៊ុ​ន សេរី បាន​ណែនាំ​ឱ្យ​​ថ្នាក់ដឹកនាំ​មន្ទីរ​សង្គមកិច្ច ជម្រុញ​​ការ​យកចិត្តទុកដាក់​ដោះស្រាយបញ្ហា​​នៅ​មជ្ឈ​មណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញឱ្យ​​កាន់តែ​ប្រសើរ​ឡើង ។ ​លោក​បាន​ធ្វើការ​រិះគន់​ទៅ​លើ​អង្គការក្រៅរដ្ឋាភិបាល​មួយ​​ចំនួន​ថា បើ​ចេះ​បា​ន​​ត្រឹមតែ​រិះគន់​ទេ គួរ​​កុំ​និយាយ​វិញ​ល្អ​ជាង គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ មានការ​ខិតខំ​ខ្លាំង​​ណា​ស់ ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះជនអនាថាជន​វិកល​​ច​រិ​ក ដែល​ចូល​ទៅ​ស្នាក់​នៅ និង​​ទទួល​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​មណ្ឌល ប៉ុន្តែ​ការ​ជួយ​ជា​​​ជំ​​ហ៊ាន​ៗ​ទៅ​តាម​​កម្រិត​ ដោយ​មិន​មានការ​បោះបង់​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។

គួររំលឹកថា ឱ​!​មណ្ឌល​ព្រៃ​ស្ពឺ​អើយ​...​តាម​វាយ​អ្នក​សុំទាន​រត់​ចេញ