ឃាតករ​ប្រឈម​នឹង​ការ​ជាប់គុក​មួយ​ជីវិត

រាជធានី​ភ្នំពេញ ៖ យោង​តាម​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​រាជធានី បាន​បង្ហើប​ថា តុលាការ​បាន​ចោទប្រកាន់​ជនសង្ស័យ​ជា​ឃាតករ​ដៃដល់​ឈ្មោះ អឿ​ត អាង​ហៅ ជួប សម្លាប់ អាយុ​៣៨​ឆ្នាំ កាលពី​រសៀល​ថ្ងៃ​ទី​១២ កក្កដា ពី​បទ «​ឃាតកម្ម​គិត​ទុកជា​មុន​» តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ និង​បន្ត​បញ្ជូន​ទៅ​កាន់​ចៅក្រម​ស៊ើបសួរ​នៅ​ថ្ងៃ​ទី​១៣ កក្កដា នេះ​បន្ត​ទៀត ។ ពេល​នេះ​ឃាតករ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ផ្ញើ​ទុក​នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ។

អ្នកនាំពាក្យ​តុលាការ និង​ជា​ព្រះរាជអាជ្ញា​រង លោក លី សុ​ផា​ន់​ណា បាន​ប្រាប់​អ្នកកាសែត​ថា​យោង​តាម​ការ​សាកសួរ​ពេញ​មួយ​ថ្ងៃ​តាម​ចម្លើយ និង​ឯកសារ​មាន​ប្រយោជន៍​ជា​ច្រើន​និង​តម្រុយ​ជា​ច្រើន​សម្រាប់​ស៊ើបអង្កេត​ទៅ​នឹង​ការ​ចោទប្រកាន់​នៅ​ក្នុង​សំណុំរឿង​នេះ គឺ​យើង​កំពុង​ពិនិត្យ​មើល​លើ​ឯកសារ​ចម្លើយ និង​ឯកសារ​នានា និង​ភស្តុ​តាង​ផ្សេង​ៗ​ក្នុង​សំណុំរឿង​នេះ​ដែល​ឈាន​ទៅ​ដល់​ការ​សម្រេច​ចោទប្រកាន់​នៅ​ថ្ងៃនេះ ។

សមត្ថ​កិ​ច្ខ​បាន​លើក​ឡើង​ថា ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​តុលាការ ដែល​ខ្មាន់កាំភ្លើង​រូប​នេះ​អាច​ប្រឈម​ជាប់គុក​មួយ​ជីវិត ប្រសិនបើ​តុលាការ​រក​ឃើញ​កំហុស​តាម​បទ​ចោទ​មែន​នោះ ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ តាំងពី​រសៀល​ថ្ងៃ​ទី​១១ កក្កដា បន្ទាប់​ពី​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ។

នៅ​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា សមត្ថកិច្ច​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​នាំ​ជនសង្ស័យ​មក​កាន់​តុលាការ ដោយ​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នកកាសែត​ថតរូប​ឡើយ គឺ​មាន​ស្ថានភាព​ដូច​កាលពី​រសៀល​ថ្ងៃ​ទី​១១ កក្កដា ។ ជនសង្ស័យ​ឃាតករ​រូប​នេះ ត្រូវ​បាន​ដឹក​តាម​រថយន្ត​ប៉ូលិស​មួយ​គ្រឿង ក្រោម​កិច្ច​ការពារ​ដ៏​តឹង​រឹង​បំផុត ។

គួរ​បញ្ជាក់​ថា តាម​សមត្ថកិច្ច​និយាយ​ថា នៅ​ដំណាក់កាល​ប៉ូលិស​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ជា​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​ការ​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ តែ​ការ​បាញ់​សម្លាប់​យ៉ា​ង​ព្រៃផ្សៃ​នេះ ដោយ​មូលហេតុ​អ្វី និង​មាន​អ្នក​ពាក់ព័ន្ធ​បែប​ណា​នោះ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច និង​តុលាការ​ប្រកាស​ឱ្យ​ដឹង​នោះ​ទេ ហើយ​រឿង​រ៉ា​វ​នេះ​កំពុង​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​តាមដាន​នៅឡើយ ថា​តើ​វាំងនន​ខ្មៅ​ងងឹត​បើក​នៅ​ពេល​ណា ហើយ​ខាង​ណា​ចំណេញ​ខាង​ណា​ខាត នឹង​ដឹង​នៅ​ពេល​ក្រោយ​ទៀត ៕