ក្រសួង​ការងារ​ រៀបចំ​យុទ្ធនាការ​លើកកម្ពស់​ផលិតភាព​នៅ​កម្ពុជា​

ក្រសួង​ការងារ​ រៀបចំ​យុទ្ធនាការ​លើកកម្ពស់​ផលិតភាព​នៅ​កម្ពុជា​



ភ្នំពេញ ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​បើក​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​ការប្រកាស ស្ដីពី​ការ​រៀបចំ​យុទ្ធនាការ​លើកកម្ពស់​ផលិតភាព​នៅ​កម្ពុជា​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​របស់​កម្មករ និយោជិត និយោជក និង​សាធារណជន​ទូទាំង​ប្រទេស។

កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីស្ដីការ​ក្រសួង​ កាលពី​ចុង​សប្ដាហ៍​នេះ ដោយមាន​ការ​ចូល​រួម​ពី​លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ក្រុម​ការងារ​នេះ​មាន​ភារកិច្ច​រួមមាន ​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​ផលិតភាព និង​កត្តា​ជំរុញ​ផលិតភាព​នៅ​កម្ពុជា និង​លើកកម្ពស់​ការយល់ដឹង​របស់​កម្មករ និយោជិត និយោជក និង​សាធារណជន​ទូទាំង​ប្រទេស​។ ​បង្កើត​ផែនការ​សកម្មភាព​ជាក់លាក់​មួយ​ សំដៅ​ជំរុញ​លើកកម្ពស់​ផលិតភាព បន្ទាប់ពី​បញ្ចប់​យុទ្ធនាការ​ផ្សព្វផ្សាយ​ខាងលើ​ និង​អនុវត្ត​ភារកិច្ច​ចាំបាច់​ផ្សេងៗ​ទៀត​តាម​ការ​ចាត់​តាំងរបស់​ប្រធាន​ក្រុមការងារ។

ថ្មីៗ​នេះ ​ក្រសួងពាណិជ្ជកម្ម​ក៏បាន​បើក​យុទ្ធនាការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​ផង​ដែរ ដើម្បី​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ចូលរួម​ប្រើប្រាស់​ផលិតផល​ដែល​ផលិត​នៅ​ក្នុង​ស្រុក​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ផលិត​ក្នុងស្រុក។

លោក​ ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ធ្លាប់​បាន​មានប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ ក្នុង​ឱកាស​យុទ្ធនា​ការទិញ​ផលិតផល​ខ្មែរ​នៅ​ខេត្ត​កំពង់ចាម​កាលពីពេល​ថ្មីៗ​នេះ​ថា «​ការ​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ នឹង​ជួយ​កម្ពុជា​ឲ្យ (១)បង្ក​បាន​នូវ​បរិយាកាស​អាជីវកម្ម ពាណិជ្ជកម្ម​ក្នុងស្រុក​កាន់តែ​ល្អ​ប្រសើរ​; (២) បង្កើន​លទ្ធភាព​ផលិតកម្ម និង​បង្កើន​តម្លៃ​បន្ថែម​លើ​ផលិតផល​ក្នុងស្រុក​បានជា​អតិបរមា​; (៣)​ផលិត​នូវ​ទំនិញ​ថ្មីៗ បម្រើ​សេចក្ដី​ត្រូវការ​ក្នុងស្រុក បន្ថយ​ការ​នាំ​ចូល និង​ជំរុញ​ការនាំចេញ​; (៤)​ធ្វើ​ពិពិធកម្ម​មុខទំនិញ​ថ្មីៗ ដែល​មាន​លទ្ធភាព​ប្រកួតប្រជែង​ទាំង​លើ​ទីផ្សារ​ក្នុងស្រុក ទីផ្សារ​ក្នុង​តំបន់ និង​ទីផ្សារ​ពិភពលោក​; (៥) បង្កើត​បាន​នូវ​ការងារ​ថ្មី​ថែមទៀត ជួយ​បង្កើន​ប្រាក់ចំណូល ជួយ​ទប់ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក និង​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​»។

លោក​រដ្ឋមន្ត្រី​មាន​ជំនឿ​ទុកចិត្ត​ថា ការរៀបចំ​នូវ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​នេះ នឹង​បំផុស​ឲ្យ​ពលរដ្ឋ​កម្ពុជា​ងាក​មក​ប្រើប្រាស់​ផលិតផល​ខ្មែរ ជំនួស​ឲ្យ​ការ​ប្រើ​ប្រាស់​ផលិតផល​នាំចូល​ពី​បរទេស ក៏ដូចជា​ជួយ​ពង្រឹង​វិស័យ​រោងចក្រ សហគ្រាស សិប្បកម្ម និង​ផលិតកម្ម​ទាំងឡាយ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត៕