អាជ្ញាធរ​រាជធានី​ភ្នំពេញ​ លើកឡើង​ពី​ការ​ប្រើ​ហិង្សា និង​ជនអនាថា​ចំនួន​១៨​នាក់ ដែល​រត់ចេញ​ពី​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​ព្រៃ​ស្ពឺ

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ លើកឡើង​ពី​ការ​ប្រើ​ហិង្សា និង​ជនអនាថា​ចំនួន​១៨​នាក់ ដែល​រត់ចេញ​ពី​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​ព្រៃ​ស្ពឺ



ភ្នំពេញ​ ៖​ លោក ​សន សុផល នាយក​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា​រាជធានី​ភ្នំពេញ ​ក្នុង​ឱកាស​ជួប​ប្រជុំ​ជាមួយ​លោក ប៊ុន សេរី អភិបាលរង​រាជធានី​ភ្នំពេញ​ នា​រសៀល​ថ្ងៃ​ទី​១២​កក្កដា​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០​កក្កដា មាន​ហេតុការណ៍​ទម្លាយ​របង​រត់ចេញ​របស់​ជនអនាថា​ចំនួន​១៨​នាក់​ ពី​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ ដែល​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​ជា​មួយ​កម្លាំង​ការពារ​មជ្ឈមណ្ឌល ​ក្រោយពី​មាន​ភាព​ជ្រួលច្របល់ ខ្លះ​រត់​ផ្លោះ​របង​,​ខ្លះ​រត់​ចេញ​ក្រៅ​យ៉ាង​អនាធិបតេយ្យ។

លោក សន សុផល បាន​ឲ្យ​ដឹង​បែបនេះ​ក្នុង​ឱកាស​ជួប​ប្រជុំ​ជាមួយ​លោក ​ប៊ុន សេរី អភិបាល​រង​រាជធានី​ភ្នំពេញ ​នា​រសៀល​ថ្ងៃ​ទី​១២​កក្កដា នៅ​សាលា​រាជធានី​ភ្នំពេញ។

កិច្ចប្រជុំ​នេះ​បាន​ផ្តោត​លើ​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ​នៅ​ព្រៃ​ស្ពឺ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​ដូចជា ​បញ្ហា​ខ្វះខាត​ក្នុង​ការ​ឧបត្ថម្ភ​ដល់​ជន​រង​គ្រោះ​ស្នាក់នៅ​ក្នុង​មណ្ឌល​,​បញ្ហា​ប្រព័ន្ធ​លូ​,​បញ្ហា​ដាក់​ឲ្យ​មាន​គ្រូ​ពេទ្យ​ប្រចាំការ​ក្នុង​មជ្ឈមណ្ឌល​,​ការ​ខ្វះ​បុគ្គលិក​បម្រើ​ការ​ក្នុង​មជ្ឈមណ្ឌល​ដែល​ត្រូវ​ជ្រើសរើស​បន្ថែម​៣០​នាក់ និង​បញ្ហា​មួយទៀត​គឺ​ប្រជាពលរដ្ឋ​តាម​ភូមិ​ក្បែរ​មណ្ឌល​មិនបាន​សហការ​ជាមួយ​មណ្ឌល​ពេល​មាន​បញ្ហា​កើតឡើង។​

ជា​មួយ​គ្នា​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ដោះស្រាយ​បញ្ហា​បានជា​ច្រើន​ហើយ​ដែរ​ដូចជា​ ការ​ឧបត្ថម្ភ​ដល់​បុគ្គលិក​ជាប់កិច្ចសន្យា ការ​ស្នើ​សុំ​រថយន្ត​មួយ​គ្រឿង​សម្រាប់​ប្រើប្រាស់​ក្នុង​មណ្ឌល និង​ការរៀបចំ​ឲ្យ​មាន​មជ្ឈមណ្ឌល​អប់រំ​ជន​វិកលចរិត​ដាច់ដោយឡែក។​

លោក ប៊ុន សេរី បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរ​ជំរុញ​ការ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នៅ​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។

លោក​ក៏បាន​រិះគន់​ទៅលើ​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​ថា បើ​ចេះ​បាន​ត្រឹមតែ​រិះគន់​ទេ គួរ​កុំ​និយាយ​វិញ​ល្អ​ជាង​។​ យើង​ប្រឹងប្រែង​ខ្លាំង​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ជនអនាថា ជន​វិកលចរិត ដែល​ចូល​ទៅ​ស្នាក់នៅ និង​ទទួល​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្នុង​មណ្ឌល។​

លោក​បន្ត​ថា ករណី​ប៉ះទង្គិច​កាលពី​ថ្ងៃ​ទី​១០​កក្កដា គឺជា​ការទប់ស្កាត់​ជនអនាថា​ចំណូល​ថ្មី​ដែល​មាន​ជាប់​សារធាតុ​ញៀន​ផង​នោះ​ ប្រើ​កាំបិត​,​ដំបង​កាប់​ទៅលើ​កម្លាំង​សន្តិសុខ​មណ្ឌល​រង​របួស​២​នាក់ ហើយ​ពួកគេ​សម្រុក​ចេញពី​មជ្ឈមណ្ឌល​យ៉ាង​អនាធិបតេយ្យ ដែល​ចាំបាច់​ត្រូវតែមាន​ការ​ទប់ស្កាត់ មិន​ដូច​ការ​លើក​ឡើង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ និង​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ធ្វើការ​ចោទ​ប្រ កាន់​ពី​ការរំលោភ​សិទ្ធ​​មនុស្ស​,​ឬ​ការ​ធ្វើ​ទារុណកម្ម​មនុស្ស​នោះ​ទេ​៕
អាជ្ញាធរ​រាជធានី​ភ្នំពេញ​ លើកឡើង​ពី​ការ​ប្រើ​ហិង្សា និង​ជនអនាថា​ចំនួន​១៨​នាក់ ដែល​រត់ចេញ​ពី​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​ព្រៃ​ស្ពឺ

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ លើកឡើង​ពី​ការ​ប្រើ​ហិង្សា និង​ជនអនាថា​ចំនួន​១៨​នាក់ ដែល​រត់ចេញ​ពី​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​ព្រៃ​ស្ពឺ