ស្តាយណាស់! ដំណាំ​ឪឡឹក​ប្រមាណ​20​ហិ​កតា​​​ខូច​ខ្ទេច​

ខេត្តកំពង់ឆ្នាំង ៖ ដំណាំ​ឪឡឹក​ប្រមាណ​២០​ហិ​កតា បាន​រង​ការ​ខូចខាត​ដោយសារ​ទឹកភ្លៀង​ដែល​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជាង​៣០​លាន​​រៀល ហេតុនេះ​ពួក​គាត់​ជា​ម្ចាស់​ឪឡឹក បាន​សំណូមពរ​ដល់​អ្នកលក់​ជី សូម​បញ្ចុះតម្លៃ​ជី​ខ្លះ​ផង និង​ពិសេស​ប្រមុខរាជរដ្ឋាភិ​បាល​​​ សូមកុំ​យកពន្ធ​លើ​ជី​នាំ​ចូល​ថ្លៃ​ពេក ។

លោក ហ៊ុត ច័ន្ទ​ថុ​ល មេ​ភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ បាន​ឲ្យ​ដឹង​ថា ចម្ការឪឡឹក​ជាង​២០​ហិ​កតា​របស់​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ​នៅ​ក្រោម​ទំនប់​២០​ឧសភា ក្នុងភូមិ​ស្រះ​កែវ បាន​រង​ការ​ខូ​ត​ខាត​៩០%​ដោយសារ​ទឹកភ្លៀង​ជោកជាំ ដែល​ការ​ខូចខាត​នេះ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៣០​លាន​រៀល​។ ប្រជាពលរដ្ឋ​ស្នើ​សុំ​ក្រុមហ៊ុន​នាំ​ចូល​ជី​ជួយ​បញ្ចុះ​ថ្លៃ​ជី​ឱ្យ​បាន​ទាប និង​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​បន្ធូរ​បន្ថយថ្លៃ​ពន្ធ​លើ​ជី​នាំ​ចូល​ផង ដើម្បី​ឱ្យ​អ្នកចម្ការ​មាន​លទ្ធភាព​ធ្វើ​ចម្ការ​ទទួល​បាន​ផល​ល្អ ។

លោក តុ​ប ផ​ន អាយុ​៥៤​ឆ្នាំ ជា​អ្នក​ដាំ​ឪឡឹក​នៅ​ក្នុងភូមិ​ស្រះ​កែវ កំពុង​ផ្ទុក​ផ្លែ​ឪឡឹក​ក្នុង​ចម្ការ​របស់​គាត់ ដឹក​យក​ទៅ​បោះ​លក់​ឱ្យ​ម៉ូយ​និយាយ​ថា ការ​ដាំ​ដុះ​ដំណាំ​ឪឡឹក​ក្នុង​១​ហិ​កតា ត្រូវ​ចំណាយ​ដើមទុន​ពី​១​លាន​កន្លះ ទៅ​២​លាន​រៀល ។ ការ​ចំណាយ​ខ្លាំង​ជាងគេ​គឺ​ទៅ​លើ​ជី​ដាក់​ចម្ការ ដែល​ជី​ត្រីកោណ​ធម្មជាតិ​ក្នុង​១​បាវ​ថ្លៃ​១៦​ម៉ឺន​រៀល  និង​ក្នុង​១​ហិ​កតា​ត្រូវ​ចំណាយ​ជី​ពី​៨​ទៅ​១០​បាវ ។ ដោយឡែក​នៅ​ដើមដៃ ឪឡឹក​១​គោ​យន្ត​មាន​ចំនួន​ពី​៣០០​ទៅ​៤០០​ផ្លែ គាត់​បេះ​លក់​បាន​ថ្លៃ​ពី​៣២​ម៉ឺន​ទៅ​៣៥​ម៉ឺន​រៀល ប៉ុន្តែ​ពេល​នេះ​ឪឡឹក​សម្បូរ ក្នុង​១​គោ​យន្ត​លក់​បាន​តែ​១៣​ម៉ឺន​រៀល​ប៉ុណ្ណោះ​។

ចំណែក​លោក ឈុ​ន សុខ​គី​ម ជា​អ្នក​ដាំ​ឪឡឹក​ម្នាក់​ទៀត​និយាយ​ថា ពេល​នេះ​ឪឡឹក​នៅ​ក្នុង​ចម្ការ​របស់​គាត់​ជាង​២​ហិ​កតា​បាន​ខូចខាត​អស់​ទៅ​ហើយ ដោយសារ​ភ្លៀង​ធ្លាក់​ជោកជាំ​ពេក ធ្វើ​ឱ្យ​ដើម​និង​ផ្លែ​ឪឡឹក​រលួយ​ខូច​អស់ ។ ប្រសិនបើ​ឪឡឹក​មិន​រលួយ​ខូច គឺ​ក្នុង​១​ហិ​កតា​គាត់​ក៏​ដូច​ជា​អ្នក​ដាំ​ឪឡឹក​ទាំងអស់ អាច​ប្រមូល​ផល​លក់​បាន​ពី​៤​លាន​ទៅ​៦​លាន​រៀល ។

នៅ​មុន​ពេល​ភ្លៀង​ជោកជាំ​នេះ អ្នកចម្ការ​ខ្លះ​ក៏​បាន​ម៉ៅ​ផ្លែ​ឪឡឹក​ក្នុង​ចម្ការ​លក់​ឲ្យ​អ្នក​ភ្នំពេញ​បាន​មួយ​សា គឺ​ក្នុង​១​ហិ​កតា​ម៉ៅ​បាន​៣៨០​ម៉ឺន​រៀល ហើយ​អ្នកទិញ​កក់​ប្រាក់​មួយ​ចំនួន ។ លុះដល់​ពេល​ចម្ការឪឡឹក​លិច​ទឹក  អ្នក​ម៉ៅ​ទិញ​ឪឡឹក​ក៏​ឈប់​មក​បេះ​ឪឡឹក ចំណែក​លុយ​ដែល​នៅ​ខ្វះ​ក៏​គេ​មិន​ឱ្យ​ដែល ហើយ​អ្នកខ្លះ​ក៏​កើតរឿង​ប្តឹងប្តល់​គ្នា ។

លោក ឈុ​ន សុខ​គី​ម បន្ត​ថា ប្រជាពលរដ្ឋ​ជា​អ្នក​ដាំ​ដុះ​ឪឡឹក សំណូមពរ​ដល់​ក្រុមហ៊ុន​នាំ​ចូល​ជី​ជួយ​បញ្ចុះ​ថ្លៃ​ជី​គ្រប់​ប្រភេទ​ឱ្យ​បាន​ទាប​បន្តិច​ផង ជា​ពិសេស​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​បន្ធូរ​បន្ថយថ្លៃ​ពន្ធ​នាំ​ចូល​ជី​ឲ្យ​ទាប​ផង ដើម្បី​ឱ្យ​អ្នកចម្ការ​មាន​លទ្ធភាព​ដាំ​ដុះ​ឪឡឹក​ក៏​ដូច​ជា​ដំណាំ​គ្រប់​ប្រភេទ​ឱ្យ​ទទួល​បាន​ផល​ល្អ និង​អាច​យក​ទៅ​លក់​នៅ​ទីផ្សារ​បាន​ថ្លៃ​សមរម្យ​ដើម្បី​ដោះ​ស្រាយ​ជីវភាព​ឱ្យ​បាន​ធូរធារ ៕