យុវជន​គួរ​កុំ​បណ្ដោយ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ឧបករណ៍​បម្រើ​នយោបាយ!

ចាប់តាំងពីការបោះឆ្នោតជាតិចុងក្រោយនៅឆ្នាំ២០១៣ សន្ទុះយុវជនដែលចូលរួមនៅក្នុងឆាកនយោបាយមានចំនួនកើនឡើងគួរឲ្យកត់សម្គាល់។ ការចូលរួមរបស់យុវជននៅក្នុងវិស័យនយោបាយនេះ គឺជាកត្តាដ៏សំខាន់និងចាំបាច់ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែយ៉ាងណាក៏ដោយ នៅក្នុងការចូលប្រឡូកក្នុងវិស័យនយោបាយ អ្នកជំនាញបានស្នើឲ្យយុវជនធ្វើការសម្រេចចិត្តដោយប្រយ័ត្នប្រយែង ធ្វើយ៉ាងណាកុំបណ្ដោយឲ្យខ្លួនឯង ក្លាយទៅជាឧបករណ៍បម្រើនយោបាយឲ្យសោះ!

ក្នុងចំណោមប្រជាជនសរុបនៅកម្ពុជាប្រមាណ១៥លាននាក់ មានជិត៧០ភាគរយដែលមានអាយុក្រោម៣០ឆ្នាំ។ ដោយឡែក នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ យុវជនដែលមានអាយុពី១៨ឆ្នាំដល់៣០ឆ្នាំ មានចំនួនជាង៥២ភាគរយនៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ប្រមាណ៩លាន៦សែននាក់។

ចាប់តាំងពីការបោះឆ្នោតតំណាងរាស្ត្រចុងក្រោយរហូតមក ការចូលរួមរបស់យុវជនខ្មែរនៅក្នុងឆាកនយោបាយមានលក្ខណៈសកម្មជាងពេលណាៗទាំងអស់។ យុវជនចាប់ផ្ដើមស្គាល់តម្លៃនៃសន្លឹកឆ្នោតរបស់ខ្លួន។ ពួកគេចូលរួមបោះឆ្នោត ចុះផ្លូវធ្វើបាតុកម្មតវ៉ា តាមដាននិងនាំគ្នាជជែកពីបញ្ហានយោបាយតាមប្រព័ន្ធផ្សព្វផ្សាយនានា។ និន្នាការនៃការចូលរួមរបស់យុវជននៅក្នុងវិស័យនយោបាយ ទំនងជាបន្តកើនឡើងទៀត ដោយសារតែការយល់ដឹងពីសិទ្ធិ ក៏ដូចជាស្ថានភាពអំណោយផលនៃបណ្ដាញផ្សព្វផ្សាយសង្គម Facebook។

ដោយសារតែយុវជនជាបុគ្គលមានសក្តានុពលខ្លាំងទាំងផ្នែកចំណេះដឹង ការចូលរួមក្នុងសកម្មភាពសង្គមនិងនយោបាយ ពួកគេបានក្លាយខ្លួនទៅជាផ្ទាំងស៊ីប ជាគោលដៅរបស់អ្នកនយោបាយ ក្នុងការស្វែងរកសំឡេងគាំទ្រ។ នៅក្នុងបរិបទបែបនេះ អ្នកជំនាញមួយចំនួនបានផ្ដល់យោបល់ឲ្យយុវជនសម្រេចចិត្តដោយប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំបណ្ដោយឲ្យខ្លួនឯង ក្លាយទៅជាឧបករណ៍បម្រើនយោបាយឲ្យសោះ។

សម្រាប់អ្នកជំនាញ យុវជនគួរតែចូលប្រឡូកក្នុងវិស័យនយោបាយដោយ ឃ្លាំមើលការអនុវត្តនយោបាយក្រោយការបោះឆ្នោត ថាការសន្យារបស់គណបក្សនយោបាយទាំងនោះ ត្រូវបានបំពេញក្នុងកម្រិតណា? ហើយប្រសិនបើគណបក្សនយោបាយមិនបានបំពេញតាមអ្វីដែលបានសន្យាទេ នោះយុវជនអាចពិចារណាឡើងវិញនៅពេលបោះឆ្នោតលើកក្រោយទៀត។ យុវជនគួរតែជជែកដេញដោលគ្នាអំពីគោលនយោបាយរបស់គណបក្សនយោបាយ ដែលពាក់ព័ន្ធនឹងបញ្ហាជាតិសំខាន់ៗ ដើម្បីអាចសម្រេចចិត្តបានថា តើត្រូវជ្រើសរើសគណបក្សមួយណាឲ្យឡើងកាន់អំណាច។

ការសម្រេចចិត្តរបស់យុវជន ដើម្បីគាំទ្រ ចូលរួម ឬបម្រើគណបក្សនយោបាយណាមួយ គឺជារឿងសំខាន់បំផុត។ យុវជន គួរពិចារណាទៅលើគោលនយោបាយនិងការអនុវត្តរបស់គណបក្ស ជាជាងជឿជាក់យ៉ាងផ្កាប់មុខទៅលើគណបក្សណាមួយ។ ការជឿជាក់ផ្កាប់មុខដោយឥតពិចារណាចំពោះគណបក្សណាមួយ អាចធ្វើឲ្យយុវជនធ្លាក់ខ្លួនទៅជាឧបករណ៍នយោបាយ ដែលងាយស្រួលអនុញ្ញាតឲ្យគណបក្សនោះ បង្វិល ពង្វក់ និងបញ្ជាតាមអំពើ
ចិត្ត។

វាជារឿងល្អ ប្រសិនបើគណបក្សដែលយុវជនជឿជាក់នោះ គិតគូរពីផលប្រយោជន៍ប្រទេសជាតិ ហើយពង្វក់ឲ្យយុវជនងប់ងល់ក្នុងការងារបម្រើប្រទេសជាតិ។ ផ្ទុយទៅវិញ ប្រសិនបើយុវជនធ្លាក់ខ្លួនជឿលើប្រជាភិថុតិរបស់អ្នកនយោបាយទុច្ចរិត នោះវិបត្តិសង្គមអាចនឹងកើតមានឡើងក៏ថាបាន។ ព្រោះសូមកុំភ្លេចថា យុវជន ជាជំពូកមនុស្សដែលមានសក្តានុពលខ្លាំង នៅក្នុងគ្រប់ការងារទាំងអស់ដែលពួកគេសម្រេចចិត្តចូលប្រឡូក។ កម្លាំងនិងថាមពលរបស់យុវជន ដែលបម្រើបក្សនយោបាយទុច្ចរិត មិនត្រឹមតែមិនបានរួមចំណែកអភិវឌ្ឍប្រទេសជាតិទេ វាថែមទាំងរុញឲ្យប្រទេសធ្លាក់ចូលទៅក្នុងភាពវឹកវរទៀតផង។

សរុបមកវិញ យុវជនត្រូវពិនិត្យពិចារណាឲ្យបានម៉ត់ចត់ មុនពេលសម្រេចចិត្តគាំទ្រ ចូលរួម ឬបម្រើគណបក្សនយោបាយណាមួយ។ ការសម្រេចចិត្តគួរធ្វើឡើងដោយផ្អែកទៅលើគោលនយោបាយនិងការអនុវត្តរបស់គណបក្សនោះផ្ទាល់ ចៀសវាងសម្រេចចិត្តផ្អែកតាមអារម្មណ៍ ឬការជឿជាក់ទៅលើការឃោសនាប្រជាភិថុតិ។ យុវជនគឺជាសសរទ្រូងនៃប្រទេសជាតិ ជាទំពាំងស្នងឫស្សី និងជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមសម្រេចជោគវាសនារបស់ប្រទេសជាតិ។ ការសម្រេចចិត្តត្រឹមត្រូវ នឹងនាំឲ្យជាតិរុងរឿង។ ខណៈការសម្រេចចិត្តខុសរបស់យុវជន អាចធ្វើឲ្យប្រទេសជាតិធ្លាក់ទៅក្នុងគ្រោះមហន្តរាយ។ ទន្ទឹមនឹងការចូលរួមក្នុងវិស័យនយោបាយ យុវជនខ្លួនឯងត្រូវព្យាយាមពង្រឹងនិងពង្រីកសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីរួមចំណែកកសាងជាតិឲ្យមានលូតលាស់ទៅមុខប្រកបដោយវឌ្ឍនភាព៕

ប្រភពៈ RFI


Related Posts