រ​ពិស​ដៃ​ផ្ទៃ​ឆ្អែត តែ​បុរស​ម្នាក់​នេះរ​ពិស​ដៃ​ជាប់​ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ ពាក្យចាស់​លោក​ពោល​ថា រ​ពិស​ដៃ​ផ្ទៃ​ឆ្អែត តែ​បុរស​ម្នាក់​នេះរ​ពិស​ដៃ​ក៏​ត្រូវ​កងរាជអាវុធហត្ថ​ចាប់​វាយ​ខ្នោះ​បញ្ជូន​មក​បញ្ជាការដ្ឋាន​ដើម្បី​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ ករណីរ​ពិស​ដៃ​លួច​ទូរស័ព្ទ​គេ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្សារ​ដើម​ពុទ្រា ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភារ​ម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ហាក់ ទី​ម៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ធី ស្រី​នាង អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​ពេល​ដែល​ស្ត្រី​រង​គ្រោះ​កំពុង​អង្គុយ​លេង ហើយ​បាន​ដាក់​សាក​ថ្ម​នៅ​ក្នុង​តូប​បងស្រី ។ ក្រោយ​ពេល​លួច​បាន ជនសង្ស័យ​បាន​រត់គេច​ខ្លួន បន្ទាប់​មក​ម្ចាស់​ទូរស័ព្ទ​បាន​ប្តឹង​កម្លាំង​មូលដ្ឋាន​កង​រាជ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ ។

លោក​មេបញ្ជាការ​រង​បញ្ជាក់​ថា ក្រោយ​ពី​ចាប់​បាន​ជនសង្ស័យ​ហើយ​នោះ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជូន​ជនសង្ស័យ​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បច្ចុប្បន្ន​ជនសង្ស័យ​ត្រូ​បាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចំណែក​ទូរស័ព្ទ​ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ផង​ដែរ ៕