នគរបាល​បញ្ឈប់​ក្រុមមនុស្សបីនាក់​ដែល​ដឹករូប​ថត​លោក​ កែម​ ឡី

កាលម្សិលមិញ នគរបាលខេត្តកំពង់ចាមបានបញ្ឈប់ក្រុមមនុស្សបីនាក់ជាសកម្មជនដែលដឹករូបថតសពលោក កែម ឡី អ្នកវិភាគនយោបាយដែលគេបាញ់សម្លាប់កាត់តាមក្រុងកំពង់ចាមដោយសារពួកគេដើរប្រមូលលុយពីអ្នកស្រុកនៅតាមផ្លូវ។ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបាននិយាយថា អាជីវករនិងអ្នកភូមិបានចូលប្រាក់ឱ្យសកម្មជនសម្រាប់គ្រូសារសពលោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់ក្នុងភ្នំពេញកាលពីថ្ងៃអាទិត្យ ក្នុងពេលដែលពួកគេដឹករូបថតក្របរបស់អ្នកវិភាគរូបនេះចេញពីហាងផ្តិតរូបមួយទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តនៅម៉ោង១០ ព្រឹក។ លោក មុនីវណ្ណ បាននិយាយថា”សកម្មជនកំពុងតែដឹករូបថតតាមរទេះ ព្រោះរូបនេះធំ ហើយអាជីវករក៏សុំឱ្យឈប់រទេះ ដើម្បីបួងសួងដល់សពលោក កែម ឡី ហើយចូលបុណ្យ”។ លោក មុនីវណ្ណ បាននិយាយថា អាជ្ញាធរបានយល់ខុសថា សកម្មជនកំពុងតែហែរូបថត ដើម្បីប្រមូលប្រាក់កាស់។ លោកបាននិយាយថា “តាមពិត ពួកគេគ្រាន់តែដឹករូបថតលោក កែម ឡី ទៅកាន់ទីស្នាក់ការខេត្តប៉ុណ្ណោះ”។ លោក លន់ លឹមថៃ អភិបាលខេត្តបាននិយាយថា សមាជិកគណបក្សសង្គ្រោះជាតិបានហែក្បួន ដោយគ្មានការអនុញ្ញាត និងទារលុយពីអ្នកកាន់ទុក្ខ។ អភិបាលខេត្តរូបនេះបាននិយាយថា “ពួកគេចង់ប្រមូលប្រាក់ ដោយបង្ហាញរូបថតលោក កែម ឡី ដូច្នេះប្រជាជនក៏ចូលបុណ្យទៅ”។ លោក ហេង សម្បត្តិ ស្នងការរងនគរបាលខេត្តបាននិយាយថា ប៉ូលិសបានតាមទាន់សមាជិកទាំងនោះនៅខាងក្រៅផ្សារ ហើយបានសួរថា ហេតុអ្វីក៏ធ្វើដូច្នេះ ហើយបានសុំឱ្យពួកគេឈប់ទារលុយពីប្រជាជន។ មិនមានការចាប់ខ្លួនទេ។ ស្នងការរងនគរបាលរូបនេះបាននិយាយថា “នគរបាលបានទៅដល់ទីនោះដើម្បីកុំឲ្យគេហែរូបថត ដើម្បីប្រមូលលុយក្នុងក្រុងកំពង់ចាម”។ លោក សម្បតិ្ត បាននិយាយថា សកម្មជនបានបដិសេធថា ពួកគេមិនមែនធ្វើតាមការបង្គាប់ពីគណបក្សសង្គ្រោះជាតិ ឬក៏ទារលុយពីអ្នកកាន់ទុក្ខនោះទេ។ លោក សាន សឿង សមាជិកគណបក្សសង្គ្រោះជាតិខេត្តបាននិយាយថា នគរបាលបានរឹបអូសយករូបថត និងរទេះក្រោយពីសាកសួរសកម្មជនដែលបានចរចាយករូបថតនិងរទេះមកវិញ។ សមាជិករូបនេះបាននិយាយថា “យើងបានធ្វើកិច្ចសន្យាជាមួយនគរបាលថាមិនហែទេ”។ លោក សឿន បាននិយាយថា គេបានអនុញ្ញាតឱ្យទុកលុយបុណ្យដែលគេបានប្រមូល ហើយលុយនេះនឹងប្រគល់ជូនគ្រូសាររបស់លោក កែម ឡី ទោះបីជាលោកមិនបានដឹងថាមានចំនួនប៉ុន្មានក៏ដោយ៕ មាំ វិបុល       © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written […]

The post នគរបាល​បញ្ឈប់​ក្រុមមនុស្សបីនាក់​ដែល​ដឹករូប​ថត​លោក​ កែម​ ឡី appeared first on The Cambodia Daily.