ចូល​លួច​ទូរស័ព្ទ​ដៃ​​​មួយ​គ្រឿង​​ ​ម្ចាស់​តាម​ទាន់​ប្ដឹង​អាវុធហត្ថ​ឲ្យ​ឃាត់​ខ្លួន

ចូល​លួច​ទូរស័ព្ទ​ដៃ​​​មួយ​គ្រឿង​​ ​ម្ចាស់​តាម​ទាន់​ប្ដឹង​អាវុធហត្ថ​ឲ្យ​ឃាត់​ខ្លួន



បន្ទាយមានជ័យ​ ៖ ​ជន​សង្ស័យ​ម្នាក់​បាន​ចូល​លួច​ទូរស័ព្ទ​ដៃ​របស់​ស្ត្រី​ម្នាក់​ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​គេ​ទាន់​ប្តឹង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឲ្យ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ចំណុច​ផ្សារ​ដើម​ពុទ្រា​ ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី​ ជា ដា ​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​ឈ្មោះ​ធី ស្រី​នាង ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​គប់​ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក​បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ​​ ​ជនរងគ្រោះ​បាន​ចេញពី​ធ្វើការ ​រួច​មក​អង្គុយ​លេង​នៅ​តូប​លក់​ឥវ៉ាន់​របស់​បងស្រី​ក្នុង​ផ្សារ​ដើម​ពុទ្រា។ ពេលនោះ​ជនរងគ្រោះ​បាន​យក​ទូរស័ព្ទ​ម៉ាក​សាំ​សុង​ពណ៌​ ស ដាក់បញ្ចូល​ថ្ម​លើ​តុ​ក្នុង​តូប បន្ទាប់មក​ជនរងគ្រោះ​បាន​ដើរ​ចេញពី​តូប​លក់​ឥវ៉ាន់​ទៅ​ទិញ​ម្ហូប។ លុះ​ដើរ​បាន​ត្រឹមតែ​៣០​ម៉ែត្រ ​ស្រាប់តែ​បងស្រី​ខ្លួន​បាន​ស្រែក​ថា ចោរៗ​លួច​ទូរស័ព្ទ​ ហើយ​​អ្នកជិតខាង​បាន​រត់​ដេញ​តាម​ចាប់​​​ជនសង្ស័យ​ភ្លាមៗ​យក​ទៅ​ឲ្យ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត។

លោក​វរសេនីយ៍ត្រី ជា ដា បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​លើ​ការងារ​យុត្តិធម៌ បានឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ហាក់ ទី​ម៉ា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ។ នៅ​ចំពោះមុខ​អាវុធហត្ថ​ខេត្ត​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​លួច​ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង​ពណ៌​ ស ១​គ្រឿង​របស់​ជនរងគ្រោះ​ដូច​ការចោទប្រកាន់​ពិតប្រាកដ​មែន។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ចំណែក​ទូរស័ព្ទ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​ហើយ៕

ចូល​លួច​ទូរស័ព្ទ​ដៃ​​​មួយ​គ្រឿង​​ ​ម្ចាស់​តាម​ទាន់​ប្ដឹង​អាវុធហត្ថ​ឲ្យ​ឃាត់​ខ្លួន

ចូល​លួច​ទូរស័ព្ទ​ដៃ​​​មួយ​គ្រឿង​​ ​ម្ចាស់​តាម​ទាន់​ប្ដឹង​អាវុធហត្ថ​ឲ្យ​ឃាត់​ខ្លួន