កូន​តិរច្ឆាន ​ស្រវឹង​ខួប​ យក​ឪពុក​បង្កើត​ធ្វើជា​បាវ​ខ្សាច់​

កូន​តិរច្ឆាន ​ស្រវឹង​ខួប​ យក​ឪពុក​បង្កើត​ធ្វើជា​បាវ​ខ្សាច់​



កំពង់ធំ ៖ ​កូនប្រុស​ចិត្ត​អប្រិយ​យក​ស្រា​ធ្វើជា​ត្រីមុខ ស្រវឹង​ខួប​រករឿង​វាយដំច្រំធាក់​ទៅ​លើ​ឪពុក​បង្កើត និង​ប្អូន ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​អស់​ក្តី​ទ្រាំ​មេត្តា ទើប​សម្រេចចិត្ត​ប្ដឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ដើម្បី​ចាប់​កូន​របស់​ខ្លួន​វាយ​ខ្នោះ​បញ្ជូន​ទៅ​ចូល​ទ្រុង​ដែក​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។

បុរស​ស្រវឹង​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ​ខេត្ត បន្ទាប់ពី​ស្រវឹង​ស្រា ហើយ​ប្រើ​អំពើ​ហិង្សា​ទៅលើ​ប្អូនៗ ​និង​វាយ​ច្របាច់ក​ឪពុក​ខ្លួនឯង​បង្កើត កាល​យប់​ថ្ងៃ​ទី​១២ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។

ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ខាង​លើ​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជន​បង្ក​ហេតុ​ម្នាក់​នេះ​បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​ឪពុក និង​ប្អូនៗ​ជា​ច្រើនដង​មក​ហើយ ​តែ​ក្រុម​គ្រួសារ​មិនបាន​ប្ដឹង​ទេ ព្រោះ​ទុក​ឱកាស​ឲ្យ​ជន​បង្ក​ម្នាក់​នេះ​កែខ្លួន រហូតមកដល់​ពេលនេះ​នៅតែ​ប្រព្រឹត្ត​អំពើ​ហិង្សា​មក​លើ​ឪពុក​របស់​ខ្លួន​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ បណ្ដាល​ឲ្យ​បងប្អូន និង​អ៊ំប្រុស​ត្រូវជា​ឪពុក​ទ្រាំ​លែង​បាន។​

តាម​ការ​ឲ្យ​ដឹង​ពី​លោក​អ៊ំ ពេជ្រ សារឿន អាយុ​៧៨​ឆ្នាំ ត្រូវជា​ឪពុក​បាន​ឲ្យ​ដឹង​ថា កូនប្រុស​ម្នាក់​នេះ ជា​កូន​ទី​៦ កន្លងមក​បាន​ប្រពន្ធ​ទៅ​នៅ​ស្រុក​បារាយណ៍ ហើយ​ក៏បាន​លែងលះ​គ្នា​ជាង​១០​ឆ្នាំ​ទើប​មក​រស់នៅ​ជាមួយ​គាត់ លុះ​បច្ចុប្បន្ន​មានមុខ​របរ​ជា​ជាង​ផ្សារ​ដែក រាល់ពេល​ស្រវឹង​ មក​ដល់​ផ្ទះ តែងតែ​បោកប្រាស់​របស់របរ ជេរប្រទេច ខឹងសម្បា​បងប្អូន ​វាយ​ធ្វើបាប នៅ​ពេល​គាត់​ស្តី​ឲ្យ​តែងតែ​វាយ​ធ្វើបាប ច្របាច់ក និង​មួល​ដៃ​ឪពុក​បង្កើត កុំ​តែ​ប្អូនស្រីៗ​មក​ជួយ​ទាន់​ ម្ល៉េះ​ប្រហែល​ជា​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មិន​ខាន​! ទើប​ពួកគាត់​បាន​ទូរស័ព្ទ​ទៅ​ប្តឹង​សមត្ថកិច្ច​ចុះ​មក​ឃាត់ខ្លួន​ជនដៃដល់​យក​មក​សាកសួរ​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ទាំង​កណ្តាល​យប់។

ជនសង្ស័យ​ដែល​ប្រើ​អំពើ​ហិង្សា​លើ​គ្រួសារ​មានឈ្មោះ ​រឿន​ ណា​រុន ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ/​ឃុំ​កើតហេតុ​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ​ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក​ដោយ​ផ្អែក​តាម​ពាក្យបណ្ដឹង​របស់​ក្រុម​គ្រួសារ​ថា​ បុរស​ខាងលើ​ធ្លាប់​បាន​ប្រើ​ហិង្សា​ដល់​ឪពុក​ និង​ប្អូន​ជាច្រើន​ដង​មក​ហើយ​ តែ​មិន​ព្រម​កែខ្លួន ទោះបីជា​យ៉ាងណាក៏ដោយ ​សមត្ថកិច្ច​បា​ន​បំពេញបែបបទ បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​កំពង់ធំ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕​

កូន​តិរច្ឆាន ​ស្រវឹង​ខួប​ យក​ឪពុក​បង្កើត​ធ្វើជា​បាវ​ខ្សាច់​