សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ភូមិ​សាស្ត្រ​​​៣​ស្រុក

សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ភូមិ​សាស្ត្រ​​​៣​ស្រុក



កំពង់ឆ្នាំង ​៖​ សមត្ថកិច្ច​ចម្រុះ​ ដឹកនាំ​ ដោយ​នាយ​រង​ខណ្ឌ​ រដ្ឋបាល​ជលផល កំពង់ឆ្នាំង រយៈពេល​ពេញ​១​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦ ​បាន​ចេញ​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​៣​គោលដៅ ខុស​ៗ​គ្នា នៅ​ក្នុង​ស្រុក កំពង់លែង ស្រុក​បរិបូណ៌​ និង​ស្រុក​កំពង់ត្រឡាច។

កិច្ចប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​​ដើម្បី​ការពារ​មច្ឆជាតិ​ ឲ្យ​បាន​គង់វង្ស​ក្នុង​ខែ​បិទ​​នេសាទ​ ដើម្បី​ឲ្យ​ត្រី​ពង​កូន​តាម​ទម្លាប់ គឺ​ចាប់ពី​ដើមខែ​មិថុនា ដល់​បំណាច់​ខែ​កញ្ញា ឆ្នាំ​២០១៦។

លោក​ម៉ប់ សាម៉ុន នាយ​រង​ខណ្ឌ​ រដ្ឋបាល​ជលផល កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​ ៖ ​នៅ​ក្នុង​រដូវ​បិទ​ការ​នេសាទ គឺ​ច្បាប់​បាន​ហាមឃាត់​មិន​ប្រជាពលរដ្ឋ ធ្វើការ​នេសាទ​ ដោយ​ខុសច្បាប់​ឡើយ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា រយៈពេល​ពេញ​១​ថ្ងៃនេះ ​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ ដោយ​នាយរង​ខណ្ឌ រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​៣​នាក់ ចែកចេញជា​៣​គោលដៅ បាន​ចេញ​បង្ក្រាប​បទល្មើស​នេសាទ​ព្រម​គ្នា ក្នុង​នោះ ​មាន​គោលដៅ​ក្នុង​ភូមិ​សាស្ត្រ ស្រុក​កំពង់លែង ដែល​ដឹកនាំ​ដោយ​រូបលោក និង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក ផៅ ស្រៀ​ង អភិបាលរង​ស្រុក​កំពង់លែង ​​បាន​​ចេញ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច ចុង​ព្រែក​កា​ម៉ា​ល់ និង ក​វាលភក់។ ចំណែក នាយរង​ខណ្ឌ​២​រូប​ទៀត បានចេញ​បង្ក្រាប នៅ​ភូមិសាស្ត្រ ស្រុក​បរិបូណ៌ និង​ស្រុក​កំពង់ត្រឡាច។

លោក​បាន​បន្តថា ​៖ ជា​លទ្ធផល​សរុប គឺ​កាប់​បំផ្លាញ​ស្បៃ​មុង​១០​កន្លែង ស្មើ​នឹង​៣០០​ម៉ែត្រ​ លប ​​​ស្បៃ​មុង ១០​មាត់ បង្គោល​៥០​ដើម និង​ចាក់​លែង​ត្រី​១០​គីឡូក្រាម។ កាប់​របាំង​ព្រួល​រាំង​កាត់​ព្រែក ៦​កន្លែង ស្មើ​នឹង​៩០០​ម៉ែត្រ​ លប ១២ បង្គោល​៦០០​ដើម និង​ចាក់​លែង​ត្រី​១០​គីឡូក្រាម។ កាប់​បំផ្លាញ​របាំង​សាច់​អួន​២​កន្លែង ស្មើ​៣០០​ម៉ែត្រ លប​ស្បៃ​មុង​៤​មាត់ បង្គោល​១០០​ដើម និង​រឹបអូស​យក​លប​ប្រើស​១០០ បាន​២៥​ខ្សែ។ ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ខាង​លើ​នេះ ​បាន​ប្រើប្រាស់​កម្លាំង​សរុប​២៤​នាក់ និង​កាណូត​បា​ឡា​ស្មាច់​ចំនួន​៨​គ្រឿង។

លោក​នាយរង​ខណ្ឌ​រដ្ឋបាល ជលផល បាន​ឲ្យ​ដឹង​ដែរ​ថា ​៖​ ទឹកទន្លេ​ប៉ុន្មាន​ថ្ងៃនេះ បាន​ឡើង​ខ្លាំង​ធ្វើ​ឲ្យ​លិច​ចូល តាម​ព្រែក​តូច​ៗ​មួយ​ចំនួន និង​បន្ត​លិច​ខ្នង​កោះ ជា​បណ្តើរ​ហើយ​ ហេតុនេះ​សមត្ថកិច្ច​ជលផល​ សំខាន់​បំផុត គឺ​ការពារ ​ការ​ដាក់​របាំង​រាំង​ភ្ជិត​ព្រែក ដែល​ត្រី​ត្រូវ​ចរាចរ​​​ចូល​ទៅ​ពង​កូន​តាម​បឹង និង​ព្រែក​ទាំងនោះ។ ក្នុង​នាម​លោក​ជា​មន្ត្រី​ជំនាញ ​សូម​អំពាវនាវ ឲ្យ​​ប្រជាពលរដ្ឋ​ទាំងអស់ បញ្ឈប់​ការ​នេសាទ​ខុសច្បាប់ ក្នុង​រដូវ​បិទ​នេសាទ​នេះ​ ដោយ​ទុក​ឱកាស ឲ្យ​ត្រី ពង​កូន បាន​ស្រួលបួល​ទៅ​តាម​ទម្លាប់​ធម្មជាតិ និង​ម្យ៉ាងវិញទៀត សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​រាយការណ៍​រាល់​បទល្មើស​ទាំង​អស់​គ្នា បើ​ឃើញ​បទល្មើស​កើតឡើង នៅ​កន្លែង​ណា សូម​រាយការណ៍​ពី​ទីតាំង​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​មន្ត្រី​ជំនាញ ​និង​សមត្ថកិច្ច​ចម្រុះ​ ចុះ​ទៅ​បង្ក្រាប ឲ្យ​ទាន់​ពេលវេលា​ រួម​គ្នា​ការពារ​ពូជ​ត្រី​ឲ្យ​មាន​និរន្តរភាព​សម្រាប់​យើង​ទាំង​អស់​គ្នា៕

សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ភូមិ​សាស្ត្រ​​​៣​ស្រុក
សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ភូមិ​សាស្ត្រ​​​៣​ស្រុក