រដ្ឋ​មន្ត្រី​បញ្ជាក់​គោលការណ៍​ក្រសួង​វប្បធម៌ ឆ្លើយតប​ការ​រិះគន់

មាន​ការ​លើក​ឡើង​ជា​រឿយៗ​ដោយ​រិះគន់​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប តែង​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ការ​ផលិត​បទ​ចម្រៀង​មួយ​ចំនួន​ដែល​ប្រើ​ពាក្យពេចន៍​មិន​សមរម្យ ដោយ​មិន​បាន​ត្រួត​ពិនិត្យ​ជាមុន ទុក​ទាល់​តែ​ចម្រៀង​ទាំង​នោះ​ចេញ​ផ្សាយ​ ទើប​ហាម​ឃាត់​ជា​ក្រោយ។

 

រដ្ឋ​មន្ត្រី​បញ្ជាក់​គោលការណ៍​ក្រសួង​វប្បធម៌ ឆ្លើយតប​ការ​រិះគន់

 

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក​ជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប បាន​សរសេរ​លើ Pageផ្ទាល់​របស់​លោក​ជំទាវ​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប គឺ​ជា​អ្នក​គ្រប់​គ្រង ទទួល​ខុស​ត្រូវ​ទាំង​ផ្ទាល់ និង​ប្រយោល​លើ​សិល្បៈ​នានា ដែល​ផ្សព្វផ្សាយ​ទៅ​ក្នុង​ចំណោម​សាធារណជន។

 

លោក​ជំទាវ​បន្ត​ថា ប៉ុន្តែ​ជា​គោលការណ៍​ក្នុង​ពេល​បច្ចុប្បន្ន ស្នាដៃ​ចម្រៀង​នានា​ជា​ប្រភេទ​ស្ដាប់ (Audio) ពុំ​ត្រូវ​បាន​​កំណត់​ឲ្យ​ឆ្លង​ស្នាដៃ​ជាមុន​ឡើយ ដោយ​ផ្អែក​ទៅ​លើ​ស្មារតី​នៃ​ការ​គោរព​សេរីភាព​នៃ​គំនិត​ច្នៃប្រឌិត​របស់​សិល្បករ និង​អ្នក​និពន្ធ​បទ​ចម្រៀង ព្រម​ទាំង​ជំនាញ​វិជ្ជាជីវៈ​របស់​សិល្បករ​ទាំង​ឡាយ​។

 

“ប៉ុន្តែ​”។ លោក​ជំទាវ​ថ្លែង។ក្រសួង​រក្សា​សិទ្ធ​នៅ​ក្នុង​ការ​ណែ​នាំ​ដល់​សិល្បករ​ និង​ហាមប្រាម​ដល់​ស្នាដៃ​ណា ដែល​ចេញ​ផ្សាយ​ហើយ​មាន​ការ​ប៉ះ​ពាល់​ដល់​ភាព​ថ្លៃ​ថ្នូរ និង​សីលធម៌​សង្គម

 

រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ដដែល​បន្ថែម​ថា ពិត​ជា​ការ​ងាយ​ស្រួល​ ក្នុង​ការ​តម្រូវ​ឲ្យ​គ្រប់​អ្នក​និពន្ធ​បទ​ចម្រៀង​ទាំង​អស់​ត្រូវ​តែ​យក​ស្នាដៃ​មក​ឆ្លង​មុន​ពេល​ចេញ​ផ្សាយ។ ប៉ុន្តែ​វិធាន​ការ​នេះ ក៏​ពុំ​មែន​ជា​ជម្រើស​ល្អ​ទេ ពោល​គឺ​មិន​អាច​យក​ស្នាដៃ​មួយ ឬ​ពីរ ដែល​មិន​ល្អ មក​ធ្វើ​ជា​គំនាប​សម្រាប់​ស្នាដៃ​និពន្ធ​រាប់​ពាន់​ទៀត​ដែល​មាន​ការ​គោរព​វិជ្ជាជីវៈ​ដ៏​ត្រឹម​ត្រូវ​នោះ​ដែរ។

 

រដ្ឋ​មន្ត្រី​បញ្ជាក់​គោលការណ៍​ក្រសួង​វប្បធម៌ ឆ្លើយតប​ការ​រិះគន់

 

ម៉្យាងទៀត លោក​ជំទាវ​ចង់​ឱ្យ​អ្នក​និពន្ធ ដែល​នៅ​ខ្ចី​បទពិសោធន៍​មួយ​ចំនួន បាន​រៀន​សូត្រ​ជាក់​ស្ដែង​ពី​អ្វី​ដែល​ជា​ការ​ខុស​ឆ្គង​តាម​រយៈ​ប្រតិកម្ម​របស់​សាធារណជន​ និង​ការ​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រសួង​ដើម្បី​ការពារ​កុំ​ឲ្យ​រឿងរ៉ាវ​នេះ​កើត​សា​ជា​ថ្មី។

 

លោក​ជំទាវ​បន្ថែម​ថា ក្រសួង​ពិត​ជា​មាន​មោទនភាព​ចំពោះ​ការ​យល់​ដឹង​កាន់​តែ​ច្រើន​របស់​សាធារណជន​ខ្មែរ ដែល​បាន​បង្ហាញ​តាម​បណ្ដាញ​សង្គម​នានា។ សិទ្ធ​សេរីភាព​ទាំង​នោះ​ត្រូវ​បាន​បញ្ចេញ ហើយ​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​ថា​ ចំណេះ​ដឹង​ពី​សង្គម ប្រពៃណី និង​វប្បធម៌ បាន​ជ្រៀត​បន្តិចម្ដងៗ និង​កាន់​តែ​ស៊ី​ជម្រៅ​ទៅ​ក្នុង​ស្រទាប់​មហាជន។

 

ហើយ​បច្ចុប្បន្ន​នេះ​មហាជន​ និង​ទស្សនិកជន​កាន់​តែ​ទទួល​លែង​បាន​នូវ​ស្នាដៃ​អ្វី​មួយ​ដែល​ខ្វះ​វិជ្ជាជីវៈ ខ្វះ​ភាព​ថ្លៃថ្នូរ ហើយ​រួមគ្នា​រិះគន់ និង​ទប់ស្កាត់​អំពើ​ទាំង​នោះ៕

 

អត្ថបទ៖ សំ ជំនាញ