Goodbye David Cameron !

លោក David Cameron នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវចប់អាណត្តិចាប់ពីថ្ងៃនេះទៅហើយ បន្ទាប់ពីលោកបានសម្រេចចិត្តលាចេញពីតំណែង នៅក្រោយការធ្វើប្រជាមតិ ចាកចេញពីសហភាពអឺរ៉ុប។ អស់៦ឆ្នាំដែលលោកបានគ្រប់គ្រងតំណែងនេះ លោកបានពាំនាំមកនូវជោគជ័យជាច្រើនសម្រាប់អង់គ្លេស តែទីបំផុត ល្បែងនយោបាយ ដែលលោកបានរៀបចំឡើង បានមកចងជើងធ្វើឲ្យលោកដួលដោយខ្លួនឯង។ ល្បែងនយោបាយប្រជាមតិដ៏គ្រោះថ្នាក់ ដោយយកអាយុជីវិតជាតិ មកដាក់ប្រថុយ ទីបំផុតគឺបានត្រឹមតែភាពអាម៉ាស។

មនុស្សសាមញ្ញ គ្មានមហិច្ឆិតា៖

ស្ថិតក្នុងវ័យ៤៩ឆ្នាំ លោក ដេវីដ ខាមឺរ៉ុន ធ្លាប់ជាអ្នកនយោបាយអង់គ្លេសម្នាក់ ដែលមិនសូវជាមានអំណោយទាន ធ្វើឲ្យមានអ្នកនិយមគាំទ្រច្រើនទេ។ ក៏ប៉ុន្តែចំណុចពិសេស ដែលគ្រប់គ្នាសរសើរលោក ដេវីដ ខាមឺរ៉ុន គឺស្មារតីរហ័សរហួន ក្នុងការអនុវត្តកិច្ចការ ដោយយោងលើស្ថានភាពជាក់ស្តែង ច្រើនជាងបានតែទ្រឹស្តីវែងឆ្ងាយ។ ក៏ប៉ុន្តែ គឺភាពរហ័សរហួន គិតភ្លាមធ្វើភ្លាមនេះហើយ ដែលបានអូសលោក ដេវីដ ខាមឺរ៉ុន ខ្លួនឯងឲ្យចុះពីកៅអីនាយករដ្ឋមន្ត្រី។

លោក Charles Moore អ្នកសរសេរសៀវភៅជីវប្រវត្តិអ្នកនយោបាយដ៏ល្បីម្នាក់ បាននិយាយថា លោកដេវីដ ខាមឺរ៉ុប ជាមនុស្សរៀនសូត្របានច្រើន ក៏ប៉ុន្តែមិនមែនជាអ្នកបញ្ញាវ័នអ្វីទេ។ លោក ដេវីដ ខាមឺរ៉ុន ជាមនុស្សសាមញ្ញមិនក្រអឺតក្រទម តែក៏ជាមនុស្សដែលខ្វះមហិច្ឆិតា ហើយអាចទទួលយកអ្វីមួយបានដោយងាយ ដោយមិនសូវខ្វល់ច្រើន ដើម្បីសន្សំសុខ។

ឡើងជាប្រធានគណបក្សអភិរក្សនិយមកាលពី១១ឆ្នាំមុន លោកដេវីដ ខាមឺរ៉ុន បានខិតខំធ្វើកំណែទម្រង់ជាច្រើន ដើម្បីជម្រះរូបភាពចាស់គម្រិល រឺក៏កេរ្តិ៍ឈ្មោះមិនល្អរបស់គណបក្សនេះ ដើម្បីឈានទៅអន្ទងទឹកចិត្តរបស់អ្នកគាំទ្រឡើងវិញ។ គំនិតរបស់លោកខាមឺរ៉ុន មួយទៀត គឺចង់បិទបញ្ចប់ នូវចរន្តគំនិតម្ខាងស្រលាញ់សហភាពអឺរ៉ុប ម្ខាងស្អប់សហភាពអឺរ៉ុប ដែលបញ្ហានេះបានហែកហួរបក្សរបស់លោក តាំងតែពីជំនាន់លោកស្រី Margaret Thatcherមកម្លេះ។

ប្រជាមតិចេញពីអឺរ៉ុប៖ ចំណេះជិះកឯង របស់ ដេវីដ ខាមឺរ៉ុន
ដើម្បីត្រៀមរៀបចំយកឈ្នះការបោះឆ្នោតអាណត្តិទី២ នៅឆ្នាំ២០១៥ លោកដេវីដ ខាមឺរ៉ុន បានឆក់យកឱកាសដែលអង់គ្លេសកំពុងបាក់បែក ជាមួយនឹងចលនាអំពាវនាវឲ្យបំបែកខ្លួនចេញពីសហភាពអឺរ៉ុបរបស់អ្នកនយោបាយមួយចំនួន។ ក្រុមអ្នកនយោបាយឱកាសនិយម ដែលឃោសនាបំភ័យ និងពន្យុះប្រជាជនឲ្យស្អប់សហភាពអឺរ៉ុប បានឡើងឥទ្ធិពលកាន់តែច្រើនចាប់ពីឆ្នាំ២០១២។ គណបក្សថ្មីមួយឈ្មោះ UKIP ដែលមាននិន្នាការជាតិនិយមជ្រុល និងស្អប់សហភាពអឺរ៉ុប បានលេចចេញរូបរាង្គយ៉ាងច្បាស់។

មិនដឹងជាភាពវ័យឆ្លាត រឺក៏ត្រូវហៅថាភាពល្ងង់ខ្លៅ ព្រោះពេលនោះហើយ នៅឆ្នាំ២០១៣ លោកដេវីដ ខាមឺរ៉ុន បានយកបញ្ហាសមាជិកភាពនៃសហភាពអឺរ៉ុប របស់អង់គ្លេស មកជាកម្មវត្ថុនៃការឃោសនានយោបាយរបស់ខ្លួន ដើម្បីទាញយកសម្លេងពីក្រុមគណបក្សដ៏ទៃ។ លោក ខាមឺរ៉ុន បានសន្យាថា បើលោកជាប់ឆ្នោតអាណត្តិទីពីរ គឺលោកនឹងរៀបចំឲ្យធ្វើប្រជាមតិ ដើម្បីឲ្យប្រជាជនសម្រេចចិត្ត ថាត្រូវនៅ រឺត្រូវចេញពីសហភាពអឺរ៉ុប។សន្យាហើយ គឺមិនអាចលេបសំដីវិញបានទេ។ គណបក្សលោកដេវីដ ខាមឺរ៉ុនបានឈ្នះឆ្នោតបានសម្លេងភាគច្រើនក្នុងសភា ដូច្នេះលោកត្រូវតែរៀបចំធ្វើទៅតាមសន្យា។ វាជាការសន្យាដ៏គ្រោះថ្នាក់បំផុត។

ការធ្វើប្រជាមតិថ្វីត្បិតតែជាមធ្យោបាយប្រជាធិបតេយ្យពិតមែន តែប្រជាមតិមានចំណុចអវិជ្ជមានច្រើនណាស់។ លទ្ធផលបោះឆ្នោត គឺវារំពឹងទាំងស្រុងទៅលើការសម្រេចចិត្តរបស់ប្រជាជនម្នាក់ៗ ដែលពេលខ្លះពួកគាត់សម្រេចទាំងមិនបានស្វែងយល់ ឲ្យបានសព្វគ្រប់ជ្រុងជ្រោយ រឺដោយជឿតាមពាក្យឃោសនាបំប៉ោងរបស់អ្នកនយោបាយម្ខាងៗ។ បញ្ហាដើរចេញ រឺបន្តនៅក្នុងសហភាពអឺរ៉ុប គឺជារឿងធំមហិមា ដែលគេមិនគួរយកវាទៅឲ្យប្រជាជនធ្វើប្រជាមតិ ទាំងពួកគាត់មិនយល់ច្បាស់ ថាវាមានផលល្អរឺអាក្រក់យ៉ាងណាខ្លះនោះទេ។

ជារឿងដ៏ចំលែកបំផុត គឺលោកដេវីដ ខាមឺរ៉ុនខ្លួនឯង ជាអ្នកស្នើឲ្យមានប្រជាមតិ តែជាអ្នកដែលខំឃោសនាសូមឲ្យប្រជាជនកុំបោះឆ្នោតចេញពីអឺរ៉ុប ទៅវិញ។ នេះគឺវាបង្ហាញពីនយោបាយដើរជ្រុលមួយជំហានរបស់លោកទៅហើយ ហើយជំហាននេះ គឺជាជំហានស្លាប់រស់សម្រាប់លោក និងគណបក្សលោក។ ទីបំផុត នៅថ្ងៃទី២៣ មិថុនា ប្រជាជនអង់គ្លេស៥២% បានបោះឆ្នោតយល់ព្រមឲ្យអង់គ្លេសចេញពីសហភាពអឺរ៉ុប។

លោកដេវីដ ខាមឺរ៉ុន បានប្រកាសលាលែងពីតំណែងភ្លាម នៅពេលបានដឹងលទ្ធផលប្រជាមតិនៅថ្ងៃបន្ទាប់។ វិបត្តិនយោបាយចាប់ផ្តើមផ្ទុះឡើង។ អ្នកនយោបាយ មន្ត្រីបក្សមកពីគណបក្សអភិរក្សនិយម ក៏ដូចជាគណបក្សពលករ ចាប់ផ្តើមដើរចេញពីតំណែងជាបន្តបន្ទាប់។ មេឃោសនាបំប៉ោងបំភ័យប្រជាជន បានទទួលសារភាពថាខ្លួន បានបំប៉ោងតួលេខដើម្បីឲ្យប្រជាជនស្អប់សហភាពអឺរ៉ុប។

បង្ហើរសំនៀងលាគ្នា៖
ចាប់ពីថ្ងៃទី១៣ កក្កដានេះទៅ លោកដេវីដ ខាមឺរ៉ុន បានក្លាយជាអតីតនាយករដ្ឋមន្រ្តីអង់គ្លេស។ លោកស្រី Theresa May ត្រូវស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ចាប់ពីពេលនេះទៅ។ គឺលោកស្រីនាយករដ្ឋមន្ត្រីថ្មី ដែលនឹងត្រូវទទួលថ្មបាក់ បន្តពីលោកខាមឺរ៉ុន ក្នុងការចរចាចុះកិច្ចព្រមព្រៀងផ្តាច់ខ្លួន ជាមួយសហភាពអឺរ៉ុប។ នេះគឺជាបញ្ហាស្មុគស្មាញបំផុត ដែលគេគ្រប់គ្នាទទួលស្គាល់។

យ៉ាងណា ចាប់ពីថ្ងៃនេះទៅ លោកដាវីដ ខាមឺរ៉ុន អាចបោសដៃ ទៅអង្គុយគងទាក់ខ្លា នៅមាត់សមុទ្រយ៉ាងរំភើយ ដោយត្រូវលែងខ្វល់ពីវាសនារបស់អង់គ្លេស។ អង់គ្លេសដែលកំពុងតែដាំក្បាលចុះសំយ៉ុង ដោយសារតែស្នាដៃរបស់លោកដេវីដ ខាមឺរ៉ុន។ កាលពីល្ងាចថ្ងៃចន្ទ ទី១១ កក្កដា ក្រោយពេលថ្លែងប្រកាសពីការតែងតាំងនាយករដ្ឋមន្ត្រីថ្មី នៅខាងមុខអាគារការិយាល័យនាយករដ្ឋមន្ត្រី លោកដេវីដ ខាមឺរ៉ុន បានដើរចូលទៅក្នុងវិញ ដោយឆ្លៀតបង្ហើបមាត់ច្រៀងទៀតផង។ ប្រហែលជាគាត់ភ្លេចថា មីក្រូហ្វូន នៅចងជាប់និងក្រវ៉ាត់កលោកនៅឡើយ ការបង្ហើរសំនៀងនេះ ត្រូវបានផ្សព្វផ្សាយផ្អើលពេញសារព័ត៌មាន។

ការបង្ហើរសំនៀងនេះ បង្ហាញថាលោកសប្បាយចិត្ត ដែលបានយករួចខ្លួន ដោយបានផ្ទេរថ្មបាក់ និងការលំបាកយ៉ាងធ្ងន់ ទៅឲ្យអ្នកថ្មី រឺយ៉ាងណា? សម្រាប់អ្នកវិភាគជាច្រើន គេមិនខ្លាចនឹងនិយាយទេ ថាលោកដេវីដ ខាមឺរ៉ុន ជាមនុស្សកំសាក បានបង្កាត់ភ្លើងដោយខ្លួនឯង តែពេលដែលភ្លើងឆេះ បែរជាប្រគល់តួនាទីឲ្យអ្នកដ៏ទៃជាអ្នកពន្លត់ទៅវិញ។

លាហើយ លោក ដេវីដ ខាមឺរ៉ុន។ ពីថ្ងៃនេះទៅ ឈ្មោះលោក នឹងត្រូវគេចារក្នុងប្រវត្តិសាស្ត្រអឺរ៉ុប ថាគឺជាមនុស្សទីមួយ ដែលបាននាំប្រទេសសមាជិកមួយ ឲ្យដកខ្លួនចេញពីសហភាពអឺរ៉ុប ហើយបានបំផ្លាញមហាគ្រួសារអឺរ៉ុប។ អរគុណលោក ដេវីដ ខាមឺរុន ជាអនេក ចំពោះគំនិតដ៏ឆ្លាតវៃរបស់លោក ដែលបានស្នើឲ្យមានការធ្វើប្រជាមតិ ដើម្បីបំផ្លាញខ្លួនឯង និងអង់គ្លេស។ សហភាពអឺរ៉ុប នឹងនៅតែដើរទៅមុខ បើទោះបីជាគ្មានអង់គ្លេសក៏ដោយ។ គឺអង់គ្លេសខ្លួនឯងទេដែលត្រូវនៅឯកោ ចាប់ពីថ្ងៃនេះទៅ៕

ប្រភពៈ RFI


Related Posts