ប្អូនស្រី​ពិការប្រាថ្នា​ឃើញ​មុខ​លោក​បណ្ឌិត កែម ឡី ចុង​ក្រោយ

រាជធានីភ្នំពេញ ៖ ការ​ស្លាប់​បាត់បង់​ជីវិត​របស់​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​ឲ្យ​មានការ​រំជើបរំជួល​ក្នុង​ស្រទាប់​មហាជន ដោយ​មាន​មនុស្ស​ម្នា​ក្មេង​ចាស់​ប្រុស​ស្រី​យ៉ាងច្រើន​កុះករ​រាប់​ទាំង សិស្ស និស្សិត មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល សហជីព និងតំណាង​គណបក្ស​នយោបាយ​នានា នាំ​គ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ ជាមួយនឹង​កម្រងផ្កា​ លាយឡំ​ដោយ​ទឹកមុខ​សោកសង្រេង​ក្នុង​ក្តី​មរណទុក្ខ ។

នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែកក្កដា ២០១៦ ដែល​ជា​ថ្ងៃ​ទី​២​នៃ​ការ​តម្កល់សព​ដើម្បី​ធ្វើបុណ្យ នៅ​ឈាបនដ្ឋាន​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា គេ​ឃើញ​ប្អូនស្រី​ម្នាក់​ ពិការ​ជើង​ទាំង​ពីរ ដែល​គេ​ស្គាល់​ថា ជា​និស្សិត នៅ​សាកលវិទ្យាល័យ​ធនធានមនុស្ស ទាំង​ទឹកមុខ​ស្រងូតស្រងាត់ ខំព្យាយាម រំកិល​ខ្លួន​ដោយ​មិន​មាន​រទេះ​ជិះ​ផង រហូត​ដល់ទី​កន្លែង​តម្កល់សព ខំតោងអើតមើល ប្រាថ្នា​ឃើញ​មុខ​លោក​បណ្ឌិត កែម ឡី ចុង​ក្រោយ ។

ជាមួយ​គ្នា​នោះ​ដែរអ្នក​នៅ​ជិត​នោះ​ឃើញ​ដោយ​ក្ដី​ក្តុកក្តួល​អាសូរ​ដល់​ប្អូនស្រី​ដែល​ពិការណាស់... ក៏​បាន​ជួយគ្រាក​លើក​ ដោយ​ប្អូនស្រី​ខំ​តោង​ឡើង​ផង ដើម្បីឃើញ​មុខ​សព​បណ្ឌិត កែម ឡី ​ហើយប្អូនស្រី​​ពិការ​រំកិល​ខ្លួន​ចេញ​ដោយ​ក្តី​អាឡោះអាល័យ​ជាទី​បំផុត... ដោយ​ពោល​ពាក្យ​ថា «​សូម​វិញ្ញាណក្ខន្ធលោកពូ​...បាន​ទៅ​កាន់​សុគតិភព...​!» ៕