​ក្លែមចុះក្លែមឡើងក្នុងវង់ផឹក ផ្ទុះកំហឹង

ខេត្តកំពត ​៖ បុរស​២​នាក់​​​ផឹកស្រា​​ជាមួយ​គ្នា​រហូតដល់​​ស្រវឹង​​រៀង​ៗ​​ខ្លួន ក៏បានទាស់​​ពាក្យសម្តី​​​គ្នា​ធ្វើ​ឱ្យ​បុរស​ម្នាក់​​ខឹង​ច្រឡោត​​​ឈាន​ដល់​​ប្រើ​ហិង្សា​​ទាញ​កូនកាំបិត​ចុង​​ស្រួច​ចាក់​ទៅ​លើ​បុរស​​ជា​គូទំនាស់​ ​​បណ្តាលឱ្យ​រង​របួស​ដើមដៃ​ខាងឆ្វេង​ហូរ​​ឈាម​ជោក​​អាវ ហើយ​​​ក្រោយ​ពី​ចាក់​​បាន​រត់​គេច​ខ្លួន និង​​ជន​រង​គ្រោះ​ត្រូវ​​​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ​ដើម្បី​សង្គ្រោះ​ ។

ហេតុ​ការណ៍​​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង២០​នាទី​​យប់​ថ្ងៃ​ទី​១១ កក្កដា ​២០១៦​ ស្ថិត​នៅ​​ផ្ទះ​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​​កណ្តាល ក្រុង​កំពត ។ ​

ជន​រ​ង​គ្រោះ​​ឈ្មោះ​ឈឹ​ម សុខ​ជា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​​ធំ សង្កាត់​ក្រាំង​អំពិល ក្រុងកំពត ​(​របួស​ចំ​ដើមដៃ​ឆ្វេង)។ ចំណែកជន​សង្ស័យ​​ឈ្មោះ​ជុំ សា​រុន ហៅ​មិត្ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មានទីលំ​នៅ​​ក្នុង​ភូមិ​-សង្កាត់ជាមួយ​ជន​រង​គ្រោះ​
ដែរ ។

ប្រភពឱ្យ​ដឹងថា ជន​រង​គ្រោះ និង​ជន​សង្ស័យ គឺជា​មិត្ត​​ភក្តិ​នឹង​​គ្នា ខណៈ​ផឹកស៊ី​នោះ គឺ​មាន​​មិត្ត​ភក្តិ​​ដ​ទៃៗ​ទៀត និង​ស្រវឹង​​ជោក​​ខ្លួន​អស់​ហើយ ។ ទើបបង្កទៅ​​ទំនាស់​ពាក្យ​សម្តី​​គ្នា ក៏​ធ្វើ​ឱ្យ​​ជនសង្ស័យ​​រត់ទៅយក​កាំបិត​មក​ចាក់​លើ​ជន​រង​គ្រោះ​១​​កូនកាំបិត​ដង​ឈើ​ត្រូវ​ចំ​ដើមដៃ​ខាងឆ្វេង បណ្តាលឱ្យ​​រង​​របួស ហើយជន​ដៃដល់​រត់គេចខ្លួន ។ ​

​​កម្លាំង​សមត្ថកិច្ច​បាន​​ចុះ​ស្រាវជ្រាវ រហូត​​ចុះ​​ទៅ​ឃាត់ខ្លួន​​ជនសង្ស័យ​បាន​ កាលពី​​វេលា​ម៉ោង០៨​​យប់ថ្ងៃ​ទី១២ ​កក្កដា ​២០១៦  ស្ថិត​​ត្រង់​​ចំណុច​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ​ហើយ​នាំ​ខ្លួន​មក​កាន់​ស្នងការ​ខេត្ត ដើម្បី​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ​​​ ។