មេដឹកនាំ​តវ៉ា​ត្រូវ​ចាប់​ខ្លួន​នៅ​ខេត្ត​មណ្ឌលគិរី​បន្ទាប់ពី​ប៉ុនប៉ង​កាន់កាប់​ដី​ជា​ថ្មី

នគរបាលនិងអ្នកសង្កេតការណ៍សិទ្ធិមនុស្សម្នាក់បាននិយាយថា អ្នកតវ៉ាប្រឆាំងការបណ្តេញចេញពីដីធ្លីម្នាក់ដែលនគរបាលអះអាងថា បានរៀបចំឲ្យមានការព្យាយាមកាន់កាប់ដីជាថ្មីទ្រង់ទ្រាយធំលើចម្ការកៅស៊ូដែលគ្រោងទុកនៅខេត្តមណ្ឌលគិរី ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃច័ន្ទ។ យោងតាមលោក សូ សុវណ្ណ ស្នងការរងខេត្តឲ្យដឹងថា អ្នកស្រី រិទ្ធ វណ្ណី អាយុ៤៣ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីអ្នកស្រីនិងអតីតអ្នកភូមិប្រហែល២០០នាក់នៃឃុំរ៉ាយ៉ា ស្រុកកោះញ៉ែក បានសង់ជម្រកចំនួន១៨លើដីចម្ការនោះកាលពីថ្ងៃអាទិត្យនិងថ្ងៃច័ន្ទ។ ប្រជាជនប្រហែល៥០០គ្រួសារដែលរស់នៅលើដីនោះត្រូវបានបណ្តេញចេញក្នុងឆ្នាំ២០១២ បីឆ្នាំបន្ទាប់ពីក្រុមហ៊ុន Pacific Pearl Joint Stock Company បានទទួលសម្បទានដីសេដ្ឋកិច្ចមួយកន្លែងទំហំ៩.៦១៤ហិកតា ដើម្បីធ្វើចម្ការកៅស៊ូ ដែលមិនទាន់បានចាប់ផ្តើមដំណើរការនៅឡើយ។ លោកបាននិយាយថា “យើងបានឃាត់ខ្លួនស្ត្រីរូបនេះដើម្បីសាកសួរ ពីព្រោះអ្នកស្រីបាននាំមនុស្សមកពីកន្លែងផ្សេងដើម្បីចាប់យកដីរបស់ក្រុមហ៊ុន។ យើងបានឃាត់ខ្លួនមេដឹកនាំនេះដើម្បីអប់រំ និងព្រមានអ្នកផ្សេងទៀតកុំឲ្យចាប់យកដីក្រុមហ៊ុន”។ អតីតអ្នកភូមិអះអាងថា គ្រួសារមួយចំនួនបានមកនៅតំបន់នេះនៅដើមឆ្នាំ២០០៨មកម៉្លេះ ប៉ុន្តែពួកគាត់ទទួលស្គាល់ថា ពួកគាត់មិនមានប័ណ្ណកម្មសិទ្ធិទេ។ ស្នងការរង សុវណ្ណ បាននិយាយថា ពួកគាត់សុទ្ធតែបានមកនៅបន្ទាប់ពីសម្បទានដីសេដ្ឋកិច្ចត្រូវបានផ្តល់ឲ្យ។ មន្ត្រីនគរបាលរូបនេះបាននិយាយបន្ថែមថា អ្នកស្រី វណ្ណី បានព្យាយាមស្រដៀងគ្នាដើម្បីកាន់កាប់ដីជាថ្មីបួនលើកក្នុងពេលបួនឆ្នាំនេះ ចាប់តាំងពីមានការបណ្តេញចេញ ហើយនឹងត្រូវបញ្ចូនទៅតុលាការខេត្តនៅថ្ងៃនេះ បន្ទាប់ពីត្រូវឃាត់ខ្លួនមួយយប់នៅស្នងការខេត្ត។ តំណាងក្រុមហ៊ុន Pacific Pearl មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ […]

The post មេដឹកនាំ​តវ៉ា​ត្រូវ​ចាប់​ខ្លួន​នៅ​ខេត្ត​មណ្ឌលគិរី​បន្ទាប់ពី​ប៉ុនប៉ង​កាន់កាប់​ដី​ជា​ថ្មី appeared first on The Cambodia Daily.