ឆ្នាំ​២០១៦​ ចំនួន​សិស្ស​និស្សិត​ទៅ​រៀន​នៅ​អូស្ត្រាលី​ មានការ​កើន​ឡើង ​​២០%

ឆ្នាំ​២០១៦​ ចំនួន​សិស្ស​និស្សិត​ទៅ​រៀន​នៅ​អូស្ត្រាលី​ មានការ​កើន​ឡើង ​​២០%



ភ្នំពេញ ៖ លោក ម៉ៅ ស្រេង អគ្គនាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ស្ថាប័ន ​IDP/ACE បាន​មាន​ប្រសា​សន៍​ថា នៅ​ឆ្នាំ​២០១៦​នេះ សិស្ស ​និស្សិត​ ទៅ​បន្ត​ការសិក្សា​ដោយ​បង់ថ្លៃ​នៅ​ប្រទេស​អូស្ត្រាលី​មាន​ចំនួន​ជិត​៤០០​នាក់​ កើន​ឡើង​២០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​មានតែ​ប្រមាណ​៣០០​នាក់​ប៉ុណ្ណោះ។​
លោក​បាន​មានប្រសាសន៍​បែបនេះ​កាលពី​ថ្ងៃ​ទី​១៣​កក្កដា​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នៅ​ក្នុង​ពិព័រណ៍​ការសិក្សា​នៅ​អូស្ត្រាលី ​ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​ចំនួន​៤៤ ​មកពី​ប្រទេស​អូស្ត្រាលី​។

លោក ម៉ៅ ស្រេង បាន​បន្ត​ថា ​សម្រាប់​ឆ្នាំនេះ​ចំនួន​អ្នកចូលរួម​ពិព័រណ៍​មានការ​កើន​ឡើង​ប្រមាណ​ជាង​១.៣០០​នាក់ ​គិត​ត្រឹម​ថ្ងៃ​ទី​១៣​កក្កដា ពិសេស​មាន​អ្នកចូលរួម​មកពី​ស្ថាប័ន​អូស្ត្រាលី​ចំនួន​៤៤​ស្ថាប័ន ​ដែល​បង្ហាញ​ថា​ មានការ​យកចិត្តទុកដាក់​ពី​ស្ថាប័ន​អប់រំ​គ្រប់​ស្ថាប័ន​ នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី​កាន់តែខ្លាំង​ឡើង​ក្នុង​ការ​ទាក់ទាញ​សិស្ស​និស្សិត​ទៅ​សិក្សា​នៅ​ទីនោះ។​

លោក​បាន​បន្ថែម​ថា ចំនួន​សិស្ស​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​អូស្ត្រាលី​មានការ​កើន​ឡើង នេះ​ដោយសារតែ​កម្រិត​ជីវភាព​របស់​ប្រជាជន​មាន​ការ​កើនឡើង​ដែល​ធ្វើ​ឲ្យ​គាត់​បញ្ជូន​បុត្រ​ធីតា​ទៅ​រៀន​នៅ​បរទេស ​និង​ការ​ផ្តល់​តម្លៃ​ទៅលើ​ការសិក្សា​នៅ​បរទេស​មានគុណ​ភាព​ប្រសិទ្ធភាព​ ដោយ​គាត់​គិត​ថា​ ការ​បញ្ជូន​កូន​ទៅ​រៀន​នៅ​បរទេស​ជា​ការ​វិនិយោគ​មួយ​ទៅលើ​អនាគត​កូនៗ​របស់​គាត់​។ ​ពិសេស​អូស្ត្រាលី​ ជា​ប្រទេស​ដែល​ពេញ​និយម​ជាងគេ​ ធៀប​នឹង​ប្រទេស​ដែល​និយាយ​ភាសា​អង់គ្លេស​ដទៃ​ទៀត​រួមមាន​ សហរដ្ឋអាមេរិក កាណាដា នូវែលហ្សេឡង់ អង់គ្លេស​ជាដើម។

លោក​បញ្ជាក់​ថា ការ​បញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅ​បរទេស គឺ​តាមរយៈ​អា​ឌី​ភី​ ជា​ស្ថាប័ន​ដ៏​ធំ​លំដាប់​ពិភពលោក​ក្នុង​ការ​ផ្តល់​សេវាកម្ម​ជួយ​ដល់​សិស្ស​និស្សិត​បរទេស​ទៅ​សិក្សា​នៅ​បរទេស​ពិសេស​ទៅ​សិក្សា​នៅ​អូស្ត្រាលី​ ដោយមាន​ការិយាល័យ​ទាំងអស់​ចំនួន​១០០​ការិយាល័យ​នៅ​ក្នុង​ប្រទេស​ចំនួន​១៣០។ ការ​ជួយ​ដល់​សិស្ស​និស្សិត​ទៅ​បន្ត​ការសិក្សា​នៅ​អូស្ត្រាលី​នេះ​មិន​មាន​គិត​ថ្លៃ​ទេ​រួម​នឹង​បំពេញបែបបទ​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​ ឬ​សាលា​បច្ចេកទេស ​ឬ​សាលា​មធ្យមសិក្សា។​

លោក​បាន​បន្ថែម​ថា​ សិស្ស​និស្សិត​ទៅ​រៀន​នៅ​អូស្ត្រាលី​ទទួល​បាន​នូវ​ជំនាញ​ដែល​អាច​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ ខណៈ​ពេល​ដែល​កម្ពុជា​ចូលរួម​សេដ្ឋកិច្ច​សហគមន៍​អាស៊ាន​។​ ដូចនេះ​ភាសា​អង់គ្លេស​ជា​យាន​ដ៏​សំខាន់​ទទួល​បាន​ការអប់រំ​ជា​លក្ខណៈ​អន្តរជាតិ​ ពិសេស​ប្រទេស​អូស្ត្រាលី​និង​ប្រទេស​ដទៃ​ទៀត​មាន​គុណភាព​អប់រំ​ល្អ។

ទោះ​បី​ជា​យ៉ាងណាក៏ដោយ ​លោក​ទទួល​ស្គាល់​ថា​ សិស្ស​និស្សិត​រៀន​នៅ​អូស្ត្រាលី​ជួប​ការ​លំបាក ​គឺ​ផ្នែក​ភាសា​អង់គ្លេស​។ ​ដូចនេះ ​លោក​ស្នើសុំ​ឲ្យ​សិស្ស​និស្សិត​ត្រូវ​ខិតខំ​រៀន​ភាសា​អង់គ្លេស​បន្ត​ទៀត​ ដើម្បី​ចូលរួម​សិក្សា​នៅ​បរទេស​ទទួល​បាន​ជោគជ័យ។​

ពិព័រណ៍​ការសិក្សា​ប្រចាំ​ឆ្នាំ​២០១៦ ជា​កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា​នៅ​អូស្ត្រាលី​លើក​ទី​១៣ សម្រាប់​ឆ្នាំនេះ បាន​ផ្ដល់​ជា​វេទិកា​ដ៏​ល្អ​បំផុត​សម្រាប់​សិស្ស និស្សិត និង​អាណាព្យាបាល ធ្វើ​ការ​ជួប​ផ្ទាល់​ជាមួយ​សាលា សាកលវិទ្យាល័យ និង​ស្ថាប័ន អប់រំ​ល្បីៗ​មកពី​ទូទាំង​អូស្ត្រាលី។ ស្ថាប័ន​អប់រំ របស់​ប្រទេស​អូស្ត្រាលី​ទាំងនេះ​នឹង​ធ្វើ​បទ​បង្ហាញ​ស្ដីពី​ជម្រើស​សិក្សា​នានា​ ចាប់ពី​ថ្នាក់​វិទ្យាល័យ និង ការ​អប់រំ​ជា​លក្ខណៈ​ជំនាញ ឧត្ដម​សិក្សា និង​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា​ផង​ដែរ​។ ​

ប្រទេស​អូស្ត្រាលី​បាន​ក្លាយ​ជា​ជម្រើស​ដ៏​ពេញ​និយម​មួយ​សម្រាប់​អ្នក​ចង់​ទៅ​បន្ត​ការ​សិក្សា​នៅ​បរទេស ដោយសារ​មាន​សិស្ស​និស្សិត​កម្ពុជា​រាប់​រយ​នាក់​ជ្រើស​ទៅ​សិក្សា​នៅ​ទីនោះ​ជា​រៀងរាល់​ឆ្នាំ៕