​គយ​ និងរដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​ ចាប់​បាន​ម៉ូតូ​អត់​ពន្ធ​ចំនួន​៥៦​គ្រឿង ក្នុងរយៈពេល២ខែ

​គយ​ និងរដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​ ចាប់​បាន​ម៉ូតូ​អត់​ពន្ធ​ចំនួន​៥៦​គ្រឿង ក្នុងរយៈពេល២ខែ



បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកក្កដា ​ឆ្នាំ​២០១៦ មន្ត្រី​គយ​ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​មួយ​ក្រុម​បាន​ចុះ​បង្ក្រាប​ម៉ូតូ​គ្មាន​ពន្ធ​ នៅ​តាម​ស្តង់ ​និង ​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​រយៈពេល​២​ខែ ​គយ​ចុះ​បង្ក្រាប​ចាប់​បាន​ម៉ូតូ​អត់​ពន្ធ​ចំនួន​៥៦​គ្រឿង​ យក​មក​ឲ្យ​បង់ពន្ធ​អនុគ្រោះ​រហូតដល់​ខែសីហា ឆ្នាំ​២០១៦​។

លោក ហែម ម៉ានិត​ អនុប្រធាន​សាខាគយ ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ក្នុង​ការ​ចុះ​ចាប់​ម៉ូតូ​អត់​ពន្ធ​នេះ​ ដោយមាន​ការណែនាំ​ពី​នាយកដ្ឋាន​គយ និង​រដ្ឋាករ​ និង​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​ ដើម្បី​ប្រមូល​ពន្ធ​លើ​យានយន្ត​គ្រប់​ប្រភេទ​ ដែល​ថ្នាក់លើ​បាន​កំណត់​ឲ្យ​បង់ពន្ធ​។

លោក​ឆែ សុធា​ ប្រធាន​សាខា​គយ​ និង​ រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​បាន​ដាក់​វិធានការ​ដល់​មន្ត្រី​គយ​ និង ​រដ្ឋាករ​ទាំង​អស់ ទាំង​គយ​ខេត្ត​ និង​គយ​ចល័ត​ ត្រូវ​ចុះ​បង្ក្រាប​យានយន្ត​ណា​ ដែល​គ្មាន​ពន្ធ​ចាប់​មក​ឲ្យ​បង់ពន្ធ​ឲ្យ​ខាន​តែ​បាន​ ដោយ​ឲ្យ​ចូល​បង់ពន្ធ​អនុគ្រោះ​។

លោក​ឆែ​ សុធា​ បាន​បញ្ជាក់​ថា ​ការ​ចុះ​បង្ក្រាប​នេះ​ចាប់ពី​ថ្ងៃ​ទី​៤ ​ខែមិថុនា ឆ្នាំ​២០១៦ ចាប់​ម៉ូតូ​បាន​ចំនួន​១៦​គ្រឿង ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ចាប់​បាន​ម៉ូតូ​បាន​ចំនួន​៧​គ្រឿង​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៦ ចាប់​បាន​ម៉ូតូ​ចំនួន​១១​គ្រឿង ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០១៦​ ចាប់​បាន​ម៉ូតូ​ចំនួន​២​គ្រឿង និង​ ថ្ងៃ​ទី​១២ ​ខែកក្កដា ​ឆ្នាំ​២០១៦ ​ចាប់​បាន​ម៉ូតូ​ចំនួន​១៤​គ្រឿង លុះ​ថ្ងៃ​ទី​១២ ថ្ងៃ​ទី​១៣​ខែកក្កដា ឆ្នាំ​២០១៦ ​នេះ​ចាប់​បាន​ម៉ូតូ​ចំនួន​៥​គ្រឿង​ បន្ថែម​ទៀត​សរុប​ចាប់​ម៉ូតូ​បាន​ចំនួន​៥៦​គ្រឿង ហើយ​ការ​ចាប់​នេះ​អនុវត្ត​ និង​ ធ្វើ​រហូតដល់​ខែ​សីហា ​ឆ្នាំ​២០១៦​នេះ​។

កន្លង​មក​ មន្ត្រី​គយ​ចល័ត​ និង​ រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ បាន​ចុះ​បង្ក្រាប​បាន ​យានយន្ត​គ្មាន​ពន្ធ​ជាច្រើន​គ្រឿង​យក​មក​បង់ពន្ធ​នេះ ​គឺ​ដើម្បី​រំលឹក​ដល់​ប្រជាពលរដ្ឋ ​ដែល​ប្រើប្រាស់​យានយន្ត​គ្មាន​ពន្ធ​ ត្រូវ​ចូល​មក​បង់ពន្ធ​អនុគ្រោះ​ មុន​ការអនុវត្ត​បង្ក្រាប​ឲ្យ​បង់ពន្ធ​ផាក​វិន័យ​នៅ​ខែសីហា ឆ្នាំ២០១៦​៕

​គយ​ និងរដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​ ចាប់​បាន​ម៉ូតូ​អត់​ពន្ធ​ចំនួន​៥៦​គ្រឿង ក្នុងរយៈពេល២ខែ ​គយ​ និងរដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​ ចាប់​បាន​ម៉ូតូ​អត់​ពន្ធ​ចំនួន​៥៦​គ្រឿង ក្នុងរយៈពេល២ខែ