តុលាការ​ខេត្ត​មណ្ឌលគិរី​សម្រេច​ឃុំ​ខ្លួន​ពលរដ្ឋ​ចំណាក​ស្រុក​ម្នាក់​ដែល​សង់​រោង​លើ​ដី​សម្បទាន

ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ២០០​នាក់ ដែល​នាំ​គ្នា​ចូល​ទៅ​សង់​រោង​ស្នាក់នៅ​បណ្ដោះអាសន្ន​លើ​ដី​សម្បទាន​ក្រុមហ៊ុន ប៉ាស៊ីហ្វិក (Pacific) ឋិត​ក្នុង​ឃុំ​រយ៉ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​មន្ត្រី​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ បង្ក​ឲ្យ​មាន​បទល្មើស​ព្រហ្មទណ្ឌ។ ចំណែក​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ជាង ៤០​នាក់​ផ្សេង​ទៀត នាំ​គ្នា​មក​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​លែង​អ្នក​ភូមិ​នោះ​វិញ។

ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ជាង ៤០​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​មុខ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កក្កដា ដើម្បី​ស្នើសុំ​ឲ្យ​ដោះ​លែង​ពលរដ្ឋ​ឈ្មោះ រិត វណ្ណី ក៏ប៉ុន្តែ​សំណើ​នេះ​មិន​បាន​លទ្ធផល​អ្វី​ឡើយ។

ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ម្នាក់ គឺ​លោក វណ្ណ សារួន បញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​បាន​រារាំង​មិន​ឲ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​ការិយាល័យ​អយ្យការ​បាន​ទេ ក៏ប៉ុន្តែ​ស្នងការ​រង​ប៉ូលិស​បាន​ទទួល​សំណើ​ផ្ទាល់​មាត់​របស់​អ្នក​ភូមិ។ លោក​ថា អ្នកស្រី រិត វណ្ណី មិន​មាន​កំហុស​អ្វី​នោះ​ទេ ពីព្រោះ​ពួក​គាត់​ជា​អ្នក​ក្រីក្រ សម្រេច​នាំ​គ្នា​មក​បោះ​ទីតាំង​លើ​ដី​នោះ ដើម្បី​បង្ហាញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ឃើញ​ជាក់ស្តែង​ថា ពួក​គាត់​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ច្រើន​ឆ្នាំ មក​ធ្វើ​ជា​កម្មករ​នៅ​ខេត្ត​មណ្ឌលគិរី ហើយ​រហូត​បច្ចុប្បន្ន ពួក​គាត់​គ្មាន​ដី​តាំង​លំនៅ​ពិត​ប្រាកដ៖ «ចាំ​មើល​ខាង​គេ​កាត់​ក្តី​គាត់​ខុស​យ៉ាង​ណា ព្រោះ​គាត់​អត់​មាន​កំហុស​អ្វី​ទេ។ អត់​មាន​ដី បើ​កាត់​ឲ្យ​គាត់​ខុស ពួក​ខ្ញុំ​តវ៉ា​ទៀត​ហើយ»

កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ជាង ២០០​នាក់ បាន​នាំ​គ្នា​មក​សង់​រោង​ប្រក់​សំពត់​កៅស៊ូ​នៅ​ចំណុច​ដី​ក្រុមហ៊ុន ប៉ាស៊ីហ្វិក កន្លែង​ដែល​អ្នក​ភូមិ​ធ្លាប់​បាន​តវ៉ា​ជាច្រើន​លើក​សុំ​ទីតាំង​នោះ​ជា​ដី​សម្បទាន​សង្គមកិច្ច សម្រាប់​អ្នក​ក្រីក្រ​គ្មាន​ដី​រស់នៅ ក៏ប៉ុន្តែ​ក្រុម​អាជ្ញាធរ​បាន​តម្រូវ​ឲ្យ​អ្នក​ភូមិ​រុះរើ​រោង​ចាក​ចេញ និង​ឃាត់​ខ្លួន​អ្នកស្រី រិត វណ្ណី ដោយ​សំអាង​ថា​ជា​អ្នក​ដឹក​នាំ​ប្រជាពលរដ្ឋ។

ស្នងការ​រង​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក សូ សុវណ្ណ បញ្ជាក់​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ថា សមត្ថកិច្ច​ប៉ូលិស​បាន​កសាង​សំណុំ​រឿង​ជន​សង្ស័យ​ដឹក​នាំ​ប្រជាពលរដ្ឋ​ចូល​កាន់​កាប់​ដី​ខុស​ច្បាប់ បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ ដើម្បី​ចាត់​ការ​បន្ត។ លោក​ថា បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​មក​ស្នើសុំ​ដោះ​លែង​ជន​ជាប់​ចោទ វិល​ទៅ​លំនៅឋាន ហើយ​រង់ចាំ​ចំណាត់​ការ​របស់​ស្ថាប័ន​តុលាការ៖ «សំណើ​ហ្នឹង​ខ្ញុំ​ទទួល​យក។ ខ្ញុំ​ស្នើ​តុលាការ​ដើម្បី​ជួយ​សម្រាល។ ខ្ញុំ​និយាយ​ប៉ុណ្ណឹង ពួក​គាត់​ស្តាប់​បាន គាត់​នាំ​គ្នា​ទៅ​វិញ​ទៅ»

អ្នក​នាំ​ពាក្យ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស បញ្ជាក់​ថា មន្ត្រី​អយ្យការ និង​ចៅក្រម​ស៊ើបសួរ សម្រេច​ចាត់​ការ​តាម​នីតិវិធី​តុលាការ​រួច​ហើយ ក៏ប៉ុន្តែ​បទល្មើស​នេះ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ៖ «តំណាង​អយ្យការ​គាត់​បាន​ចោទ​ប្រកាន់ ហើយ​ចៅក្រម​ស៊ើបសួរ​គាត់​បាន​សម្រេច​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​ដូចជា​មិន​ធ្ងន់ធ្ងរ​ទេ គ្រាន់​ឲ្យ​គាត់​រាង​ចាល មិន​មែន​ទោស​ត្រូវ​រាប់​ឆ្នាំ»

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា នេះ​ជា​សេចក្តី​សម្រេច​របស់​មន្ត្រី​តុលាការ ក៏ប៉ុន្តែ​ក្នុង​នាម​អ្នក​ការពារ​សិទ្ធិ​មនុស្ស សង្កេត​ឃើញ​ថា ការ​ចូល​ទៅ​សង់​រោង​ស្នាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ក្រីក្រ​របស់​ប្រជាពលរដ្ឋ មិន​បង្ក​ឲ្យ​ខូចខាត​អ្វី​ធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន​អ្វី​នៅ​ឡើយ៖ «នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដែល​គាត់​រក​ឃើញ​ធាតុ​ផ្សំ​នៃ​បទល្មើស។ យើង​គ្រាន់​តែ​ស្នើសុំ​ថា ការ​ឃុំ​ខ្លួន​ហ្នឹង​ឲ្យ​មាន​រយៈពេល​ខ្លី​ណា​មួយ​បាន​ហើយ ដើម្បី​ឲ្យ​គាត់​រាង​ចាល​ទៅ​លើ​សកម្មភាព​របស់​គាត់»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​មក​សុំ​ឲ្យ​ដោះ​លែង​មេ​ដឹក​នាំ ពួក​គេ​បញ្ជាក់​ថា នឹង​ប្រមូល​ប្រជាពលរដ្ឋ​ច្រើន​ថែម​ទៀត​មក​ទទូច​ឲ្យ​អាជ្ញាធរ ដោះ​លែង​អ្នកស្រី រិត វណ្ណី ឲ្យ​មាន​សេរីភាព​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។