កម្មករ​រោងចក្រ​ស្បែក​ជើង​នៅ​ខេត្ត​កំពង់ចាម​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ប្រសើរ

កម្មករ​រោងចក្រ​ស្បែក​ជើង​មួយ​ឈ្មោះ វ៉ាឡុង (HWA LONG) នៅ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ប្រមាណ ៦០០​នាក់ នាំ​គ្នា​ធ្វើ​កូដកម្ម​បី​ថ្ងៃ​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​វិជ្ជមាន។ ពួក​គាត់​ប្ដេជ្ញា​នឹង​បន្ត​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​សមរម្យ​បន្ត​ទៀត រហូត​ដល់​មាន​ដំណោះស្រាយ​សមរម្យ។ បញ្ហា​នេះ មន្ត្រី​មន្ទីរ​ការងារ លើក​ឡើង​ថា ពួក​គេ​កំពុង​គិតគូរ​រក​ចំណុច​រួម​រវាង​ភាគី​ទាំង​ពីរ ដើម្បី​បញ្ចប់​វិវាទ​នោះ។

កម្មករ​រោងចក្រ​ស្បែក​ជើង​ឈ្មោះ វ៉ាឡុង មាន​ទីតាំង​នៅ​ឃុំ​ផ្ដៅជុំ ស្រុក​ជើងព្រៃ ប្រមាណ ៦០០​នាក់ សម្រេច​រំសាយ​កូដកម្ម​នៅ​ម៉ោង​ប្រមាណ ៩​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ហើយ​នឹង​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​បន្តបន្ទាប់ ប្រសិន​បើ​ការ​ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​ពួក​គាត់​មិន​មាន​ដំណោះស្រាយ។

តំណាង​កម្មករ​នៅ​រោងចក្រ វ៉ាឡុង លោក លី ផានិត្យ មាន​ប្រសាសន៍​ថា មូលហេតុ​ក្រុម​កម្មករ​សម្រេច​រំសាយ​គ្នា​នោះ ពីព្រោះ​កម្មករ​បាន​តវ៉ា​បី​ថ្ងៃ​ជាប់​គ្នា​មក​ហើយ ម្យ៉ាង​អាជ្ញាធរ​ដែនដី​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ធ្វើ​រោង​ដើម្បី​ជ្រក​កម្តៅ​ថ្ងៃ និង​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង​ក្នុង​ពេល​ធ្វើ​កូដកម្ម​ទៀត​ផង។ លោក​បន្ត​ថា កម្មករ​នាំ​គ្នា​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ៣០​ចំណុច រួម​មាន ស្នើ​ឲ្យ​រោងចក្រ​មិន​ត្រូវ​ដក ឬ​បញ្ឈប់​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​ដូច​កាល​ពី​ពេល​កន្លង​មក​នោះ​ទេ។ បន្ថែម​ពី​នេះ ពួក​គាត់​ស្នើ​ឲ្យ​មាន​ប្រព័ន្ធ​ទឹក​ស្អាត ឬ​ទឹក​បរិសុទ្ធ​ក្នុង​រោងចក្រ ជៀសវាង​យក​ទឹក​មិន​ស្អាត​ឲ្យ​កម្មករ​បរិភោគ។ កម្មករ​ស្នើ​ឲ្យ​មាន​គ្រូពេទ្យ​ប្រចាំ​ក្នុង​រោងចក្រ ព្រោះ​កន្លង​មក រោងចក្រ​នេះ​មិន​មាន​ឡើយ។ លើស​ពី​នេះ ត្រូវ​ផ្តល់​វិក្កយបត្រ​ប្រាក់​ខែ​ជូន​កម្មករ​ឲ្យ​បាន​មុន ៥​ថ្ងៃ​បើក​ប្រាក់​ខែ ដើម្បី​ងាយ​ស្រួល​ពួក​គាត់​បូក​សរុប​ប្រាក់​ខែ​របស់​ខ្លួន និង​បញ្ឈប់​ការ​គាប​សង្កត់​លើ​កម្មករ ដើម្បី​ឲ្យ​ធ្វើ​ការងារ​ថែម​ម៉ោង​នៅ​ថ្ងៃ​សៅរ៍ ស្រប​ពេល​កម្មករ​ខ្លះ​ដែល​មិន​បាន​ធ្វើ​តាម ត្រូវ​ភាគី​រោងចក្រ​បញ្ឈប់ ព្រម​ទាំង​ចំណុច​មួយ​ចំនួន​ទៀត៖ «ទឹក​ចិត្ត​របស់​កម្មករ​គាត់​បាន​និយាយ​ហើយ​ថា បើ​ក្រុមហ៊ុន​មិន​មាន​ការ​ដោះស្រាយ​សមស្រប​សម្រាប់​ពួក​គាត់​ប្រការ​ណា​មួយ​នោះ​ទេ គាត់​នឹង​ស្ម័គ្រ​ចិត្ត​ធ្វើ​កូដកម្ម​នេះ​រហូត​ដល់​ក្រុមហ៊ុន​ព្រម​ទទួល​យក​សំណើ​របស់​ពួក​គាត់​មួយ​ចំនួន»

កូដកម្ម​របស់​ក្រុម​កម្មករ​ដើម្បី​ស្នើសុំ​លក្ខខណ្ឌ​ការងារ​រយៈពេល​បី​ថ្ងៃ​មក​នេះ នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ខាង​ភាគី​ក្រុមហ៊ុន​ឡើយ។

ទាក់ទង​បញ្ហា​នេះ ជំនួយការ​ប្រធាន​រដ្ឋបាល​រោងចក្រ​ស្បែក​ជើង វ៉ាឡុង អ្នកស្រី សំណាង មិន​បាន​មាន​ប្រសាសន៍​ច្បាស់លាស់​ទេ​ចំពោះ​ការ​ទាមទារ​នេះ។

ចំណែក​ខាង​មន្ត្រី​មន្ទីរ​ការងារ​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១២ កក្កដា បាន​ជួប​ពិភាក្សា​ជាមួយ​តំណាង​កម្មករ​ជុំវិញ​លក្ខខណ្ឌ​ការងារ​ដែល​ពួក​គាត់​ទាមទារ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ពួក​គេ​ក៏​បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​វិញ​ម្តង។

ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ចាម លោក ឆេង ហ៊ាង មាន​ប្រសាសន៍​ថា ខាង​លោក​កំពុង​ធ្វើ​ការងារ​ទៅ​តាម​នីតិវិធី​ដើម្បី​រក​ចំណុច​រួម​រវាង​ភាគី​ទាំង​ពីរ សម្រាប់​ឈាន​ទៅ​បញ្ចប់​វិវាទ​មួយ​នេះ។ លោក​បន្ត​ថា ក្រោយ​ពេល​ជួប​ភាគី​ជម្លោះ​ម្នាក់​ម្តង​រួច​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៣ កក្កដា នឹង​ជួប​ភាគី​ទាំង​ពីរ​ដើម្បី​សម្របសម្រួល​ជុំវិញ​ករណី​នេះ៖ «ខាង​ក្រុមហ៊ុន​ហ្នឹង​គាត់​ជំហរ​របស់​គាត់​ហ្នឹង ចង់​និយាយ​ថា​ផល​ប្រយោជន៍​ហ្នឹង រឿង​យឺត​ដែរ​ក្នុង​ការ​សម្រេច​ចិត្ត»

លោក​ថា ប្រសិន​បើ​ភាគី​ទាំង​ពីរ​នៅ​តែ​មិន​អាច​រក​ចំណុច​រួម​បាន ខាង​មន្ទីរ​ការងារ​ខេត្ត នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​កាន់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​បន្ត​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សកម្មភាព​កូដកម្ម​របស់​កម្មករ​បី​ថ្ងៃ​មក​នេះ គឺ​មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ ហើយ​តំណាង​កម្មករ​យល់​ថា ការ​ហាម​ឃាត់​មិន​ឲ្យ​ពួក​គាត់​ធ្វើ​រោង​ជ្រក និង​ប្រើ​មេក្រូ​នោះ គឺ​ជា​រូបភាព​រឹតត្បិត​សិទ្ធិ​សេរីភាព​ចំពោះ​កម្មករ។

មន្ត្រី​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក វ៉ន សេងធុយ មើល​ឃើញ​ថា ការ​ទាមទារ​របស់​កម្មករ ដ្បិតតែ​ច្រើន​ចំណុច​ក៏ដោយ ប៉ុន្តែ​ជា​ការ​ទាមទារ​ដែល​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ការងារ។ លោក​បន្ត​ថា ប្រសិន​បើ​ខាង​ភាគី​ក្រុមហ៊ុន​នៅ​តែ​មិន​បាន​ផ្តល់​ជូន​នូវ​ចំណុច​ណា​មួយ​ដល់​កម្មករ មាន​ន័យ​ថា ខាង​ក្រុមហ៊ុន​មិន​បាន​គោរព​ច្បាប់​ការងារ​ឡើយ។ លោក​បន្ត​ថា ប្រសិន​បើ​វិវាទ​ការងារ​នេះ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​ទៀត ផល​ប៉ះពាល់​នឹង​កើត​មាន​កាន់​តែ​ធ្ងន់ធ្ងរ​ទាំង​សង​ខាង ទាំង​ភាគី​កម្មករ និង​ភាគី​ក្រុមហ៊ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។