បុរស​៣​នាក់​ជ្រុល​ខុស ព្រោះ​ចោរ​ជើង​មួយ

ខេត្តកំពង់ធំ ៖ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ​សំបូរ សហការ​ជា​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍ ចុះ​បង្ក្រាប​ល្បែងស៊ីសង​អាប៉ោង​ខុសច្បាប់​១​កន្លែង ដែល​កំពុង​តែ​ប្រព្រឹត្ត​នៅ​ក្នុងផ្ទះ​របស់​ឈ្មោះ ខាន់ ខេន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្ថិត​នៅ​ចំណុច​ភូមិ​សំរិត ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ដែល​តែងតែ​នាំ​គ្នា​ប្រព្រឹត្ត​នូវ​ល្បែងស៊ីសង​ខុសច្បាប់​។

សមត្ថកិច្ច​បាន​ព័ទ្ធ​ចាប់ ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ៗ ចំនួន​៣​នាក់ ចំណែក​មួយ​ចំនួន​ទៀត​បាន​រត់គេច​ខ្លួន​បាត់​អស់ ខណៈ​ឃើញ​សមត្ថកិច្ច​ទៅ​ព័ទ្ធ រួច​ប​ញ្ចូ​ន​មក​កាន់​អធិការដ្ឋាន​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។ បុរស​ដែល​ត្រូវ​ឃាត់​នោះ​មាន​ទី​១.​ឈ្មោះ​ខាត់ ខេន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្ថិត​នៅ​ភូមិ​ឃុំ​ខាងលើ​ជា​ម្ចាស់ផ្ទះ ទី​២.​ឈ្មោះ វ៉ា​ន់ សង់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង​ទី​៣.​ឈ្មោះ ហ៊ុន ប៊ុ​ន​ហាំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អ្នក​ទាំងអស់​គ្នា​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ចំណែកឯ​វត្ថុ​តាង​ដែល​ប្រមូល​បាន មាន​លុយ​មួយ​ចំនួន ហាន់​តោ ចាន ផ្តិល​គ្រប មេអាប៉ោង​១​គ្រាប់​។ ជន​ទាំង​៣​ត្រូវ​សមត្ថកិច្ច​យក​មក​ធ្វើការ​អប់រំ ដោយ​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ និង​ផ្តិត​មេដៃ​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦​នេះ​។ ប្រសិនបើ​នៅ​តែ​ប្រព្រឹត្ត​ទៀត ពេល​ចាប់​បាន​លើក​ក្រោយ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕