ចៅក្រមចេញ​ដីកា ឃុំខ្លួន​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី

ចៅក្រមចេញ​ដីកា ឃុំខ្លួន​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី



ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី ១៣ ខែកក្កដា ឆ្នាំ២០១៦ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ឃាតក​ ដែល​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ក្រោមការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា ២០០​នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់។

ជនជាប់ចោទ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស នា​វេលា​ម៉ោង ១៧​ល្ងាច​ថ្ងៃទី​១៣ ខែកក្កដា នេះ​ក្រោម​កិច្ចការពារ​សន្តិសុខ​យ៉ាង​រឹងមាំ​ពី​កង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​បាន​ឲ្យ​ដឹង​ថា តាម​សេចក្ដី​សម្រេច​ចោទប្រកាន់​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​បាន​ចោទប្រកាន់​ឈ្មោះ​ជួប សំលាប់ មិនមែន​ចោទប្រកាន់​ឈ្មោះ អឿ​ត អាង ឬ ចោទ​ឈ្មោះ​ឡុ​ត សំអុល នោះ​ទេ។

ជន​ដៃ​ដល់​ដែល​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​គេ​ឈ្មោះ​ជួប សំលាប់ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅ​ក្បែរ​វត្ត​ស្វាយ​ពពែ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ក្រោយពី​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ក្នុង​ម៉ា​ត​ក្បែរ​ភ្លើងស្តុប​បូកគោ។ ឃាតក​បាន​ប្រកាំ​ភ្លើង​ខ្លី​ម៉ា​កឡុក​បាញ់​២​គ្រាប់​ សម្លាប់​លោក​បណ្ឌិត​កែម ឡី ខណៈ​ជនរងគ្រោះ​កំពុង​អង្គុយ​ហូប​កាហ្វេ​នៅ​ក្នុង​ម៉ា​ត។

ឃាតក​បាន​សារភាព​ថា មូលហេតុ​ដែល​គេ​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម ឡី ដោយសារ​តែ​មាន​គំនុំ​ នឹង​លោក​កែម ឡី ជំពាក់​ប្រាក់​រូបគេ​៣០០០​ដុល្លារ​មិន​ព្រម​សង​វិញ​សោះ៕