ក្រសួង​សង្គមកិច្ច​រក​គន្លឹះ​ដោះស្រាយ ប្រាក់​ចូលនិវត្តន៍ ឲ្យ​មាន​គម្លាត​តម្លៃ​ប្រហាក់ប្រហែល​គ្នា

ក្រសួង​សង្គមកិច្ច​រក​គន្លឹះ​ដោះស្រាយ ប្រាក់​ចូលនិវត្តន៍ ឲ្យ​មាន​គម្លាត​តម្លៃ​ប្រហាក់ប្រហែល​គ្នា



ភ្នំពេញ ៖ រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​ថ្លែង​ឲ្យ​ដឹង​ថា ទាក់ទិន​នឹង​គម្លាត ប្រាក់​ចូលនិវត្តន៍​របស់​និវត្តន៍​ជន ក្រសួង​កំពុង​សិក្សា​ និង ​ស្វែងរក​គន្លឹះ​ដោះស្រាយ​ សមហេតុ ​សម​ផល​ ណា​មួយ រវាង​អ្នក​ចូលនិវត្តន៍​មុន ឲ្យ​ទទួល​បាន​ប្រាក់​ប្រហាក់ប្រហែល​ នឹង​អ្នក​ចូលនិវត្តន៍​ក្នុង​ពេល​បច្ចុប្បន្ននេះ។

នេះ​ជា​ការ​លើកឡើង​របស់​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន និង​នីតិសម្បទា បាន​ថ្លែង​លើកឡើង​នៅ ក្នុង​ការ​ជួប​សំណេះសំណាល ជាមួយ​លោកជំទាវ Felicidade de Sousa Guterres ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រលេ​ស្តេ ប្រចាំ​នៅ​កម្ពុជា ថ្ងៃ​ទី​១៣ ខែ​កក្ត​ដា ឆ្នាំ​២០១៦​នេះ​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា សម្រាប់ ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​របប​ជាច្រើន ជាពិសេស​ចាប់​តាំង​ពី​ក្នុង​របប​ប៉ុល ពត ​មក​ការ​រៀបចំ​ប្រាក់ បៀរ​វត្សរ៍ គឺ​បាន​អនុវត្តន៍​ចាប់​តាំងពី​ចំណុចសូន្យ ហើយ​បាន​បន្ត​ឡើង​ប្រាក់​បៀរ​វត្សរ៍​នេះ​ទៅតាម​ស្ថានភាព សេដ្ឋកិច្ច ទាំង​មន្ត្រីរាជការ និង​អ្នក​ចូលនិវត្តន៍។

លោក​បន្ត​ទៀត​ថា សម្រាប់​អតីត​យុទ្ធជន ក៏បាន​ទទួល​របប​ប្រាក់ ចូលនិវត្តន៍​ខុស​ៗ​គ្នា​ផង​ដែរ ព្រោះ​អ្នក​ដែល​ចូលនិវត្តន៍​ពីមុនៗ ​ដែល​មាន​ប្រាក់ខែ​ទាប ការ​ទទួល​ភាគរយ ប្រាក់​ចូលនិវត្តន៍​ក៏​ទាប បើ​ប្រៀបធៀប​ នឹង ​អ្នក​ទើបតែ​ចូលនិវត្តន៍​បច្ចុប្បន្ន​ឃើញ​ថា ការ​ទទួល​ប្រាក់​របប នេះ​ក៏​មាន​លក្ខណៈ​ខុសគ្នា។

ជុំវិញ​បញ្ហា​នេះ​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ដើម្បី​ដោះស្រាយ​គម្លាត​ប្រាក់​របប​ ចូលនិវត្តន៍​កុំ​ឲ្យ​ឃ្លាតឆ្ងាយ​ ពី​គ្នា​ពេក​នោះ ក្រសួង​កំពុង​សិក្សា​ស្វែងរក​គន្លឹះ​ដោះស្រាយ​សម​ហេតុ​សម​ផល​ណាមួយ ក្នុង​វិធី​ចែក​រំលែក​អ្នក​ដែល​មាន​ប្រាក់ខែ​ទាប​ពីមុន ឲ្យ​ទទួល​បាន​ប្រាក់​របប​ប្រហាក់ប្រហែល​គ្នា ដោយ​ឲ្យ​ខិត​ជិត រវាង​អ្នក​ចូលនិវត្តន៍​ពីមុន និង​អ្នក​ចូលនិវត្តន៍​ក្នុង​ពេល​បច្ចុប្បន្ន។

លោក វង សូត បាន​បន្ត​ថា ក្នុងនាម​ក្រសួង​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល បាន​ចាត់​ទុក បញ្ហា​នេះ​គឺជា​រឿង​មួយ ដែល​ជា​បន្ទុក​របស់​រា​ជ​រដ្ឋាភិបាល​ ត្រូវ​ផ្តល់​ភាពកក់ក្តៅ ទៅលើ​មុខសញ្ញា​ទាំងអស់​នោះ ប៉ុន្តែ​រឿង​នេះ​ ក៏​មិន​អាច​ធ្វើ​បាន​នៅ​ក្នុង​រយៈពេល​មួយ​ខ្លី​ផង​ដែរ ព្រោះ​ដោយសារ​ទំហំ​នៃ​តម្រូវការ ថវិកា​គឺ​ត្រូវ​ប្រើប្រាស់​ច្រើន។

នៅ​ក្នុង​ជំនួប​នេះ​ដែរ លោកស្រី​Felicidade de Sousa Guterres ឯកអគ្គរដ្ឋទូត នៃ​សាធារណ រដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រលេ​ស្តេ ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ឲ្យ​ដឹង​ផង​ដែរ​ថា ទាក់ទិន​នឹង​អតីត​យុទ្ធជន​នេះ ប្រទេស​ទី​ម័​រលេ​ស្តេ ក៏​ជួប​នឹង​បញ្ហា​ស្មុគ​ស្មោញ ព្រោះ​ទី​ម័​រលេ​ស្តេ​បាន​ឆ្លងកាត់​របប​ត្រួតត្រា​របស់ ឥណ្ឌូណេស៊ី​អស់​រយៈពេល​២៤​ឆ្នាំ​មក ក្នុង​នោះ​ក៏បាន​បែង​ចែក​ជា​រណសិរ្ស​អ្នកតស៊ូ​ក្នុង​មូលដ្ឋាន រណសិរ្ស អ្នកតស៊ូ​នៅ​ក្រៅ​ប្រទេស និង​រណសិរ្ស​អ្នកតស៊ូ​ជា​ទាហាន​នៅ​តាម​ព្រៃភ្នំ​ផង​ដែរ ដែល​បញ្ហា​មួយ​មាន​ភាព ស្មុគស្មាញ ក្នុង​ការ​រៀបចំ​ប្រាក់​របប​គោលនយោបាយ​ចូលនិវត្តន៍​ជូន​ពួកគេ​ទាំងនោះ៕

ក្រសួង​សង្គមកិច្ច​រក​គន្លឹះ​ដោះស្រាយ ប្រាក់​ចូលនិវត្តន៍ ឲ្យ​មាន​គម្លាត​តម្លៃ​ប្រហាក់ប្រហែល​គ្នា ក្រសួង​សង្គមកិច្ច​រក​គន្លឹះ​ដោះស្រាយ ប្រាក់​ចូលនិវត្តន៍ ឲ្យ​មាន​គម្លាត​តម្លៃ​ប្រហាក់ប្រហែល​គ្នា