សួន​បន្លែ​គ្មាន​ជាតិ​គីមី​មួយ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍

ខេត្តសៀមរាប ៖ មន្ត្រី​សមាគម​មជ្ឈមណ្ឌល​ព័ត៌មាន​សហគមន៍ ហៅ​កាត់​ថា ICC គឺ​លោក ក្រួច លី ដែល​ជា​ដៃគូរ​អភិវឌ្ឍន៍​មួយ​របស់​សហគមន៍​ជ្រាវ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ថា លោក​បាន​និង​កំពុងធ្វើការ​យ៉ាង​សកម្ម ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូល​មក​ទស្សនា សួន​បន្លែ​របស់​កសិករ​នៅ សង្កាត់​ជ្រាវ ក្នុង​ក្រុង​សៀមរាប ឱ្យ​មានការ​ចាប់អារម្មណ៍​ផង​ដែរ​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា គោលបំណង​សំខាន់​នោះ​គឺ​ធ្វើ​យ៉ាងណា ឱ្យ​សង្កាត់​ជ្រាវ ប្រែ​ក្លាយទៅជា​សង្កាត់​បៃតង និង​គ្មាន​ជាតិ​គីមី​។

បើ​គេ​និយាយ​ពី​សង្កាត់​ជ្រាវ​នោះ គេ​មិន​នឹក​ស្មាន​ដល់​ថា មាន​សួន​បន្លែ​បៃតង ដែល​អ្នក​ភូមិ​ស្ទើរ​គ្រប់​ផ្ទះ យកមុខ​របរ​នេះ​ធ្វើ​ជា​មុខរបរ​ប្រកបដោយ​ជោគជ័យ​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គាត់​។ តាម​ការ​ប៉ាន់ស្មាន អ្នក​ភូមិ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ប្រមាណ​៨០% គឺជា​កសិករ ហើយ​៩០%​នៃ​បន្លែ​ពួក​គេ គឺជា​បន្លែ​ធម្មជាតិ ដែល​ពុំ​មាន​ប្រើ​សារធាតុ​គីមី​។ គួរ​បញ្ជាក់​ផង​ដែរ​ថា សហគមន៍​ជ្រាវ ក៏​កំពុង​ក្លាយជា​ទិស​ដៅ​មួយ សម្រាប់​ភ្ញៀវ​ទេសចរ ដោយ​មិន​រាប់​ពី​ភ្ញៀវ​ទេសចរ​ជាតិ​។ ក្នុង​មួយ​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជា​មធ្យម​ប្រមាណ ៣០០​នាក់​ទៅ​៤០០​នាក់ ដែល​បាន​ទៅ​ទស្សនា​សួន​បន្លែ ក្នុង​សហគមន៍​ជ្រាវ​នោះ​។

សូម​រំលឹក​ផង​ដែរ​ថា គម្រោង​នេះ បាន​លើកកម្ពស់​ជីវភាព​កសិករ​ក្នុង​សង្កាត់​ជ្រាវ គឺ​បាន​បង្កើត​ឡើង ក្នុង​អំឡុង​ឆ្នាំ​២០១២ ដោយ​ធ្វើការ​លើ​គោលការណ៍​ចំនួន​ពីរ​យ៉ាង​គឺ ទី​១-​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ទី​២- លើកកម្ពស់​កសិករ​ក្នុង​សហគមន៍​ជ្រាវ តាម​រយៈ​លើកទឹកចិត្ត​ឱ្យ​ចេះ​ដាំ​បន្លែ​ធម្មជាតិ ដោយ​ពុំ​មាន​ប្រើ​ជាតិ​គីមី​នោះ​ឡើយ​។ ក្រៅពី​ការងារ​ទាំងនេះ ក្នុង​គម្រោង​របស់​អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​សហគមន៍ ក៏​មាន​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន តាម​រយៈ​ការ​បង្កើត​រទេះគោ សម្រាប់​ដឹក​ភ្ញៀវ​ទេសចរណ៍ ដើរ​លេង​កម្សាន្ត និង​គម្រោង​ភូមិ​កសិកម្ម​នេះ​ជាដើម​ផង​ដែរ​៕