មួយ​ខែ​ស្ថាប័ន​គយ ត្រូវ​រក​ចំណូល​ជូន​ជាតិ​១៥០​លាន​ដុល្លា

ខេត្តពោធិសាត់ ៖ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​សាលាខេត្ត​ពោធិ៍សាត់ មាន​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម​ហ៊ី​វ គឹ​ម​ហេង អគ្គនាយករង​គយ និង​រដ្ឋាករ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម គុណ ញឹ​ម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឯកឧត្តម ឈុ​ន សុង សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​។

អញ្ជើញ​ចូលរួម​មាន​មេបញ្ជាការ មេបញ្ជាការ​រង កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង​ស្រុក និង​ប្រធាន​អនុប្រធាន​មន្ទីរ​នានា​ក្នុង​ខេត្ត​មួយ​ចំនួន​ទៀត​។ ក្នុង​ពិធី​ប្រកាស​នេះ​បាន​សម្រេច​តែងតាំង​លោក ជាប សៅ អតីត​ប្រធាន​ការិយាល័យ​បង្ក្រាប​បទល្មើស រត់គេច​ពន្ធ​ជើង​ទឹក ជា​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តពោធិ៍សាត់ ជំនួស​លោក ហ៊ា​ល ទូច ដែល​ត្រូវ​ទទួល​មុខ​តំណែង​ថ្មី​ជា​អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល​គ្រប់គ្រង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ឯកឧត្តម ហ៊ី​វ គឹ​ម​ហេង និង​ឯកឧត្តម ម៉ៅ ធនិន ថ្លែង​ថា ការ​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​មុខ​តំណែង​នេះ​មិនមែន​មន្ត្រី​ណាមួយ​មាន​កំហុស​នោះ​ទេ ពោល​គឺជា​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ និង​ដើម្បី​ដកស្រង់​បទ​ពិសោធន៍​ការងារ​គ្នា​ទៅ​វិញ​ទៅ​មក​។ លោក ជាប សៅ ជា​ធនធានមនុស្ស​មួយ​ដ៏​សំខាន់ និង​ធ្លាប់​មានបទពិសោធន៍​ការងារ​គយ និង​រដ្ឋាករ​ជា​យូរ​មក​ហើយ​។ ចំណែក​លោក ហ៊ា​ល ទូច ការ​ដឹកនាំ​ការងារ​គយ និង​រដ្ឋាករ​នៅ​ខេត្តពោធិ៍សាត់ មាន​កិច្ចសហការ​ល្អ​ណាស់​ជាមួយ​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ក្នុង​ការ​ប្រមូល​ពន្ធ ហើយ​ក៏​មិន​ដែល​ធ្វើ​ឲ្យ​មន្ត្រី​ក្រោម​ឳ​វាទ​ថ្នាំងថ្នាក់​នោះ​ដែរ​។

ឯកឧត្តម​ឲ្យ​ដឹង​ទៀត​ថា ក្នុង​មួយ​ខែ​ស្ថាប័ន​គយ និង​រដ្ឋាករ​ត្រូវ​រក​ចំណូល​ជូន​រាជរដ្ឋាភិបាល​យ៉ាងតិច​១៥០​លាន​ដុល្លា​។ ការ​ប្រមូល​ពន្ធ​នេះ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផ្គត់ផ្គង់​បៀរ​វត្ស​មន្ត្រីរាជការ​និង​ការ​អភិ​វ​ឌ្ព្យ​ន៍​ប្រទេស​ជាតិ​។ យន្តការ​ដឹកនាំ​ជោគជ័យ គឺ​កត្តា​សាមគ្គីភាព ដូច្នេះ​ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ​។ ធ្វើ​ជា​មេ​គេ​ត្រូវ​មាន​ទឹកដោះ​ឲ្យ​កូន​បៅ បើ​គ្មាន​ទឹកដោះ​ត្រូវ​មានទឹក​ស្ករ​ហើយ បើ​គ្មាន​ទឹក​ស្ករ​ក៏​មានទឹក​បបរ​ដែរ​។ ឯកឧត្តម​ផ្ដាំផ្ញើ សូម​ឲ្យ​លោក ជាប សៅ ធ្វើ​យ៉ាងណា​ឲ្យ​កូនចៅ​ស្រលាញ់​ពេញចិត្ត និង​ខិតខំ​បង្ក្រាប​ឲ្យ​បាន​រាល់​ទំនិញគេចពន្ធ​នានា​ដែល​បាន​ប្រព្រឹត្ត​ខុស​៕