ឃាត់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ

ឃាត់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ



បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ដែល​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ ត្រូវ​បាន​កម្លាំង​អធិការ​នគរបាល​ក្រុង​បាត់ដំបង សហការ​ជាមួយ​កម្លាំង​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ធ្វើការ​ឃាត់ខ្លួន ព្រមទាំង​បាន​ដកហូត​ នូវ​វត្ថុ​តាង​មួយ​ចំនួន​ដែល​ជា​ប្រភេទ​សារធាតុ​ញៀន​ផង​ដែរ។

កិច្ចប្រតិបត្តិការ​នេះ​ គឺ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៤ល្ងាច ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ក្រុម​ទី​៤ ភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង គឺ​ធ្វើ​ឡើង​បន្ទាប់ពី​កម្លាំង​បាន​ទទួល​ នូវ​ព័ត៌មាន​ស្តី​ពី​ករណី​ចែកចាយ​គ្រឿងញៀន ដែល​កំពុងតែ​ប្រព្រឹត្ត​ជាក់​ស្តែង ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ មី​ភី ធី​វិ​ន ភេទ​ប្រុស អាយុ២១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​កន្លែង​កើត​ហេតុ។

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ដែរ គឺ​សមត្ថកិច្ច​បាន​រឹបអូស​ថ្នាំញៀន​ ប្រភេទ​ម៉ា​ទឹកកក​ចំនួន​
១៧​កញ្ចប់ ដោយ​ក្នុង​នោះ​មាន​មួយ​កញ្ចប់​ធំ ថង់​សម្រាប់​រំលែក​លក់​មួយ​ចំនួន ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​មួយ ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​ថែមទៀត។

​ពាក់ព័ន្ធ​នឹង​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នេះ​ដែរ គឺ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំ​រឿង​ ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ ព្រមទាំង​វត្ថុ​តាង​ទៅកាន់​សាលាដំបូង​ហើយ​ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕