តម្រួត​ថៃ​ដាក់​អន្ទាក់​ចាប់​ខ្មែរ​ម្នាក់ ព្រមទាំង​ថ្នាំញៀន​ជាង​៦០០​គ្រាប់

តម្រួត​ថៃ​ដាក់​អន្ទាក់​ចាប់​ខ្មែរ​ម្នាក់ ព្រមទាំង​ថ្នាំញៀន​ជាង​៦០០​គ្រាប់



បាត់ដំបង ៖ ជន​ជាតិ​ខ្មែរ​ម្នាក់ ដែល​រស់​នៅ​ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ និង​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ត្រូវ​បាន​តម្រួត​ថៃ​ប្រើ​ល្បិច​ដាក់​អន្ទាក់​ដើម្បី​ឃាត់ខ្លួន ខណៈ​ដែល​ជនសង្ស័យ​ខាងលើ​កំពុង​នាំ​យក​គ្រឿងញៀន​ទៅ​លក់​ឲ្យ​ជនជាតិ​ថៃ​តាម​ការសន្យា។

ការ​ឃាត់​ខ្លួន​នេះ​ បាន​ប្រព្រឹត្ត​ឡើង​កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី​១៣ ខែកក្កដា ​ឆ្នាំ​២០១៦ ត្រង់​ចំណុច​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ស្រុក​តា​ផា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​ បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន និង​សាកសួរ​ទៅលើ​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​បន្ត ដែល​បាន​ទិញ​ពី​ជនជាតិ​ខ្មែរ​រូបនេះ នា​ពេល​កន្លងមក។

យោង​តាម​របាយការណ៍​របស់​ក្រុម​តម្រួត​ថៃ​បាន​បញ្ជាក់​ថា នៅមុន​ពេល​ចុះ​កិច្ចប្រតិបត្តិការ​នេះ​ គឺ​ កម្លាំង​បាន​ឃាត់​មុខសញ្ញា​ចែកចាយ​ម្នាក់​ ឈ្មោះ ស៊ុំ សាក់ ឬ​ សាក់ ឈិន​ហុង ​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​១៥ ឃុំ​ថាប់​រាជ ស្រុក​តា​ផា​យ៉ា ខេត្ត​ស្រះកែវ ​ព្រមទាំង​បាន​ដកហូត​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ១០ គ្រាប់ ដោយ​បាន​នាំខ្លួន យក​ទៅ​ធ្វើការ​សាកសួរ​បន្ត។

យោង​តាម​ចម្លើយ​សារភាព គឺ​ជនសង្ស័យ​ដែល​ជា​ជនជាតិ​ថៃ​រូប​នេះ​ បាន​សារភាព​ថា​ ថ្នាំញៀន​នេះ​ គឺ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ឆឺ​ន ឆុំ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ដែល​រស់នៅ​ភូមិ​៦ឃុំ​ខូ​កឡាន ស្រុក​តា​ផា​យ៉ា ដោយ​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​បាន​ចំនួន ១៩៣​គ្រាប់ ​ហើយ​ក៏បាន​នាំខ្លួន​យកទៅ​សាកសួរ​ថែមទៀត​ដើម្បី​តាម​រក​មេខ្លោង​ធំ។

នៅ​ទីបំផុត​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គឺ​រូបគេ​បាន​ទិញ​​ពី​ជនជាតិ​ខ្មែរ​ម្នាក់ ដែល​តែងតែ​ទំនាក់ទំនង​គ្នា​តាមរយៈ​ទូរស័ព្ទ ដោយ​គេ​ជា​អ្នក​យក​ថ្នាំញៀន​យក​មក​ឲ្យ​ដល់​ក្នុង​ទឹកដី​ថៃ​ផ្ទាល់​តែ​ម្តង។

នៅ​ពេល​នោះ​ គឺ​សមត្ថកិច្ច​បាន​រៀប​ចំ​ផែនការ​ដើម្បី​ដាក់​អន្ទាក់​ចាប់​មេខ្លោង​ចែកចាយ​គ្រឿងញៀន​ដែលជា​ជនជាតិខ្មែរ ក្នុង​គោលបំណង​បោសសំអាត​ឲ្យ​ដល់​ឫស​តែ​ម្តង ​ទើបបាន​រៀបចំ​ផែន​ការណ៍​ដោយ​ឲ្យ​ឈ្មោះ ឆឺ​ន ឆុំ ជា​អ្នក​ទូរស័ព្ទ​ទាក់ទង​ទិញ​ជា​ធម្មតា​ដូច​គ្រា​កន្លង​មក ប៉ុន្តែ​លើក​នេះ​ក្រុម​តម្រួត​បាន​កំណត់​ឲ្យ​ទិញ​ចំនួន​៦០០​គ្រាប់ ​ដោយ​ណាត់​ទីតាំង​ដោះដូរ​គឺ​នៅក្នុង​មន្ទីរពេទ្យ​ស្រុក​តា​ផា​យ៉ា ប៉ុន្តែ​នៅ​ពេល​នោះ​គឺ​ភាគី​ខ្មែរ បាន​តម្រូវ​ឲ្យ​ឈ្មោះ ឆុំ វេរ​លុយ​ទៅជា​មុន​ចំនួន​៣​ម៉ឺន​បាត​សិន ទុកជា​ការ​កក់​មុន ​គឺ​នៅ​ពេល​នោះ​ហើយ​ ដែល​ក្រុម​តម្រួត​បានសម្រេច​ចិត្ត​វេរ​លុយ​ទៅ​ឲ្យ​មុខសញ្ញា​ដែល​ជា​ជនជាតិ​ខ្មែរ ​នូវ​ទឹកប្រាក់​ចំនួន​៣​ម៉ឺន​បាត។

លុះ​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៣ ខែកក្កដា គេ​ស​ង្កេ​ត​ឃើញ​ថា មុខសញ្ញា​បាន​បង្ហាញ​ខ្លួន​ដោយ​គេ​បាន​ជិះ​ម៉ូតូ​ទៅកាន់​ទីតាំង​ដែល​បាន​កំណត់ ទើប​ក្រុម​តម្រួត​ថៃ​ធ្វើការ​ឃាត់ខ្លួន​តែម្តង ដោយ​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ចំនួន​៦០៦​គ្រាប់ ដែល​ជនសង្ស័យ​លាក់​ទុក​នៅ​ក្នុង​ហោប៉ៅ​ខោ​ខាងស្តាំ ហើយ​ជន​នេះ​មានឈ្មោះ ចិន វុ​ធ​ចិន្តា ​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​ថៃ​ត្រៀម​បញ្ជូន​ខ្លួន​ជនជាតិ​ខ្មែរ រួម​ទាំង​វត្ថុតាង​ទៅកាន់​តុលាការ​ហើយ​ ដើម្បី​ចាត់វិធានការ​តាមច្បាប់៕

តម្រួត​ថៃ​ដាក់​អន្ទាក់​ចាប់​ខ្មែរ​ម្នាក់ ព្រមទាំង​ថ្នាំញៀន​ជាង​៦០០​គ្រាប់