លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន ប្រគេន​ទៀនវស្សា ១២២​ដើម ដល់ វត្ត​ចំនួន ៦១វត្ត នៅ​ស្រុក​រលាប្អៀរ

លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន ប្រគេន​ទៀនវស្សា ១២២​ដើម ដល់ វត្ត​ចំនួន ៦១វត្ត នៅ​ស្រុក​រលាប្អៀរ



កំពង់​ឆ្នាំ ៖ នៅ​ទួល​មេត្រី ហៅ វត្ត​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង លោក​បណ្ឌិត​អ៊ុក រ៉ាប៊ុន រដ្ឋ​មន្ដ្រីក្រសួង​អភិវឌ្ឍន៍​ជនបទ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​ខេត្ត​កំពង់​ឆ្នាំង និង​ក្រុមការងារ​ថ្នាក់​ជាតិ​ជា​ច្រើន​រូប​ទៀត បាន​ប្រគេន​ទៀន​ព្រះវស្សា ចំនួន ១២២ ដើម ទៅ​ប្រគេន​ព្រះសង្ឃ​និមន្ដ​មកពី​តំណាង​វត្ត​ទាំង ៦១ វត្ដ​នៅ​ទួល​មេត្រី ហៅ វត្ត​អា​ឡែ​ង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្មីៗ​កន្លងទៅ​នេះ។

វត្ត​ទាំង ៦១ ដែល​ត្រូវ​បាន​ទទួល​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ ព្រមទាំង​បច្ច័យ​នា​ពេល​នេះ​វត្ត​ស្ថិត​នៅ​ក្នុង​ឃុំ​ទាំង ១៣ ក្នុងស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​មានប្រសាសន៍ថា តាម​ទំនៀមទម្លាប់​ប្រពៃណី​របស់​ខ្មែរ​យើង ថ្ងៃ​ចូល​ព្រះវស្សា និង​ចាប់ផ្ដើម​ពី​ថ្ងៃ ០១រោច ខែអាសាឍ រហូតដល់​ថ្ងៃ ១៥​កើត ខែ អស្សុជ ដែល​ត្រូវ​និង​ថ្ងៃ​ពុធ ទី២០ ខែកក្កដា ដល់​ថ្ងៃអាទិត្យ ទី១៦ ខែតុលា ជា​ថ្ងៃ​ចេញ​ព្រះវស្សា។

ក្នុង​រយៈពេល ៣​ខែ​នេះ​ព្រះសង្ឃ​គ្រប់​ទី​វត្ត​អារាម​មិន​អាច​និមន្ត​ចេញទៅ​ណា​មក​ណា​បាន​នោះ​ទេ ហើយ​ពុទ្ធបរិស័ទ​តែងតែ​នាំ​យក​ទៀនវស្សា ទេយ្យវត្ថុ និង​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ទទួល​មរណកាល​ទៅ។ លោក​បាន​លើកឡើង​ពី​សមិទ្ធផល​នានា​របស់ រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹក​ដ៏​ឈ្លាសវៃ និង​នាំ​ប្រកបដោយ​កិត្តិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាននឹងកំពុង​បន្ត​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ បើ​និយាយ​ពី​វិស័យ​ពុទ្ធចក្រ យើង​មាន​វត្ត​ប្រមាណ​ជាង ៤ ០០០ វត្ត និង​ព្រះសង្ឃ​ជាង ៦០ ០០០ អង្គ។

ដោយឡែក​នៅ​ស្រុក​រលាប្អៀរ និង​ស្រុក​សាមគ្គី​មានជ័យ មាន​វត្ត​សរុប ៩១ វត្ត និង​ព្រះវិហារ​មួយ​ចំនួន​ទៀត​កំពុង​ដំណើរការ​សាងសង់​។ វិស័យ​អាណាចក្រ​មាន​សមិទ្ធផល​ជាច្រើន​រួមមាន ផ្លូវ ស្ពាន ត​ភ្ជាប់​ពី​តំបន់​មួយ​ទៅកាន់​តំបន់​មួយទៀត​ ព្រមទាំង​មាន​ទីកន្លែង​ផ្ដល់​សេវា​សាធារណៈ​នៅ​ទូទាំង​ប្រទេស។

លោក បាន​បន្ត​ទៀត​ថា សមិទ្ធផល​ទាំងនេះ គឺ​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ផ្ដើម​ចេញពី​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​នាយករដ្ឋ​មន្ដ្រី ទើប​ប្រទេស​យើង​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ និង​រក្សា​បាន​ស្ថិរភាព​នយោបាយ បង្ក​លក្ខណៈ​គ្រប់​បែប​យ៉ាង​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាព​សុខដុម។

លោក​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ​ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​រដូវភ្លៀង​មាន​ខ្យល់​កន្ដ្រាក់​អាច​បង្ក​គ្រោះថ្នាក់ ព្រមទាំង​ឲ្យ​ខិតខំ​បង្កបង្កើនផល​ស្រូវ និង​ដំណាំ​ផ្សេងៗ​ឲ្យ​បាន​ទាន់​ពេលវេលា។

ក្នុង​ឱកាស​នោះ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ដែល​ជា​និច្ច​ជា​កាល​តែងតែ​ចូលរួម​ថែរក្សា​សមិទ្ធផល និង​សុខសន្តិភាព ព្រម​ទាំង​បាន​ចូលរួម​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។ ក្នុង​នោះ​ក៏បាន​ឧបត្ថម្ភ​ថ្លៃ​ដឹកជញ្ជូន ៤ ម៉ឺន​រៀល​ សម្រាប់​វត្ត​នីមួយៗ និង​ពុទ្ធបរិស័ទ ៣៥០ នាក់ ម្នាក់ៗ​ទទួល​បាន ២ ម៉ឺន​រៀល ផងដែរ៕

លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន ប្រគេន​ទៀនវស្សា ១២២​ដើម ដល់ វត្ត​ចំនួន ៦១វត្ត នៅ​ស្រុក​រលាប្អៀរ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន ប្រគេន​ទៀនវស្សា ១២២​ដើម ដល់ វត្ត​ចំនួន ៦១វត្ត នៅ​ស្រុក​រលាប្អៀរ