អ្នក​គួរ​ប្រើ​មុខងារ​សុវត្ថិភាព​ទាំង 6 នេះ ដើម្បី​រក្សា​សុវត្ថិភាព iPhone របស់​អ្នក!

តើអ្នកធ្លាប់បានគិតគូទៅដល់សុវត្ថិភាព​ស្មាតហ្វូន ដែល​អ្នក​​កំពុង​ប្រើ​ប្រាស់​​សព្វថ្ងៃ​នេះ​​ដែរ​​ឬ​ទេ? មុខងារ​សុវត្ថិភាព​​ដែល​​បាន​​បំពាក់​​នៅ​​លើ​​ស្មាតហ្វូន​​នីមួយ​ៗ​​មាន​​គុណ​សម្បត្តិ​ខ្ពស់​​ណាស់​ ​នោះ​ក៏​ដោយសារ​តែ​វា​អាច​ជួយ​អ្នក​បាន​ច្រើន​នៅ​ពេល​ បាត់​ទូរស័ព្ទ ដែល​ក្នុង​ទូរស័ព្ទ​នោះ​ពោរពេញ​ទៅ​ដោយ​ឯកសារ​សំខាន់ៗ ហើយ​អ្នក​មិន​ចង់​អោយ​អ្នក​ដទៃ​បាន​ដឹង ឬ​ឃើញ​ជា​ដើម។ ដូចនេះ​ការ​ប្រើ​ប្រាស់​មុខងារ​ប្រព័ន្ធ​សុវត្ថិភាព​ពិត​ជា​មាន​សារៈ​សំខាន់ ​ខ្លាំង​ក្លា​បំផុត​មិន​ថា​ស្មាតហ្វូន Android ឬ iOS ឡើយ។

អ្នក​គួរ​ប្រើ​មុខងារ​សុវត្ថិភាព​ទាំង 6 នេះ ដើម្បី​រក្សា​សុវត្ថិភាព iPhone របស់​អ្នក!

យើងសូម​ណែនាំ​មុខងារ​សុវត្ថិភាព​ទាំង 6 ដែល​អ្នក​ប្រើ​ប្រាស់ iPhone ទាំង​អស់​គប្បី​គិត​គូ​ពិចារណា​ទៅ​លើ​ការ​ប្រើ​ប្រាស់ ដើម្បី​ការពារ​ស្មាតហ្វូន​របស់​អ្នក​នៅ​ពេល​បាត់​បង់ ឬ​មិន​ចង់​អោយ​នរណា​ម្នាក់​កាន់​ប្រើ​ប្រាស់​ជា​ដើម។ មុខងារប្រព័ន្ធសុវត្ថិភាពទាំង 6 មានដូចខាងក្រោម៖

  1. លេខកូដសម្ងាត់

មុខងារលេខកូដសម្ងាត់នេះនរណា​ក៏​ដឹង​ដែរ ហើយ​អ្នក​ប្រើ​ប្រាស់ iPhone ភាគ​ច្រើន​តែង​តែ​ប្រើ​ប្រាស់​វា​ដើម្បី​ការពារ​មិន​អោយ​នរណា​ម្នាក់​ចុច ពិសេស​ប្អូនៗ​កុមារ។ ដើម្បី​ដំណើរ​ការ​មុខងារ​លេខ​កូដ​សម្ងាត់​នេះ​សូម​ចូល​ទៅ​កាន់ Settings > Touch ID & Passcode បន្ទាប់​មក​សូម​ចុច Turn Passcode On ជា​ការ​ស្រេច។ រី​ឯ iPhone ដំនើរការជំនាន់ iOS មុននេះបន្តិច គឺ​ស្រដៀង​គ្នា​ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់ Settings > Passcode និង​ចុច Turn Passcode On ជា​ការ​ស្រេច ក្នុង​នោះ iPad និង iPod Touch ក៏​មាន​ដំណើរ​ការ​ដូច​គ្នា​ផង​ដែរ។

  1. ប៊ូតុងស្កេនស្នាមម្រាមដៃ

មុខងារនេះគឺពិសេសជាងគេបំផុតសម្រាប់​អ្នក​ប្រើ​ប្រាស់ iPhone 5s ឡើងទៅ iPhone 6s Plus ទាំង​អស់​ដោយ​អ្នក​អាច​ប្រើ​ប្រាស់​ស្នាម​ម្រាម​ដៃ​របស់​អ្នក​ដើម្បី​ដោះសោរ ​ស្មាតហ្វូន​របស់​អ្នក បាន​ន័យ​ថា​មាន​តែ​ម្រាម​ដៃ​អ្នក​មួយ​ប៉ុណ្ណោះ​ដែល​អាច​ដោះ​សោរ iPhone 5s ឡើងទៅនោះ​បាន។ ដើម្បី​ដំណើរ​ការ​មុខងារ Touch ID ឬ​ស្កេន​ម្រាម​ដៃ​សូម​ចូល​ទៅ​ Settings > Touch ID & Passcode > Add a Fingerprint ជា​ការ​ស្រេច។

បញ្ជាក់: អ្នកអាចបន្ថែមម្រាមដៃបាន 5 ក្នុងទូរស័ព្ទ​មួយ តែ​អ្នក​តម្រូវ​អោយ​មាន​លេខ​កូដ​សម្ងាត់​ផង​ដែរ ដើម្បី​សុវត្ថិភាព​ផ្សេងៗ​នៅ​ពេល​ប៊ូតុង​នោះ​មាន​បញ្ហា​ជា​ដើម -ល-។

  1. ដំណើរការមុខងារ iCloud

មុខងារ iCloud គឺជាប្រព័ន្ធសុវត្ថិភាពដ៏ខ្លាំងក្លា​បំផុត​មួយ​ដែល​បាន​ធ្វើ​អោយ​ចំនួន​ ចោរកម្ម​លួច​ទូរស័ព្ទ​ជា​ច្រើន​ថយ​ចុះ​បាន​ច្រើន តែ​វា​ក៏​បាន​ធ្វើ​អោយ​អ្នក​ប្រើ​ប្រាស់ iPod Touch, iPad និង iPhone ជា​ច្រើន​ឈឺ​ចុក​ចាប់​មិន​តិច​នោះ​ទេ នោះ​ក៏​ដោយសារ​តែ​ពេល​តម្លើង​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS ក៏​ដូច​ជា Erase Device ម៉ាស៊ីន​ឧបករណ៍​បាន​ជាប់ Lock iCloud ដែល​បញ្ហា​នេះ​តែង​តែ​កើត​ឡើង​ចំពោះ​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​មួយ​ទឹក ឬ​ទូរស័ព្ទ​ចោរ​លួច​ជា​ដើម។ ដូច្នេះ Cambo Report សូម​ណែនាំ​ប្រិយ​មិត្ត​ទាំង​អស់​មិន​បាច់​​ប្រើ​ប្រាស់​មុខងារ​នេះ​ក៏​បាន ព្រោះ​បើ​មាន​បញ្ហា​អ្នក​នឹង​ត្រូវ​ចំនាយ​លុយ​រាប់​រយ​ដុល្លា​ដើម្បី​ដោះ​ ស្រាយ​​បញ្ហា​នោះ។

  1. ដំណើរការមុខងារ iCloud Backup

Backup ម៉ាស៊ីន iPhone របស់អ្នកគឺជារឿង​សំខាន់​មួយ ដែល​អ្នក​អាច​ដំណើរ​ការ​មុខងារ​នេះ​បាន​ដោយ​ប្រើ​ប្រាស់​កុំព្យូទ័រ​ដំណើរ​ ការ​ដោយ Windows និង Mac OS X តាម​រយៈ​កម្មវិធី iTunes ឬ​មួយ​ក៏​អ្នក​អាច​ដំ​ណើរ​ការ​មុខងារ iCloud Backup នៅ​ក្នុង​ស្មាតហ្វូន​របស់​អ្នក​ផ្ទាល់​ដោយ​ចូល​ទៅ​កាន់ Settings > iCloud បន្ទាប់​មក​ចុះ​ទៅ​ក្រោម​អ្នក​នឹង​ឃើញ​ពាក្យ​ថា Storage & backup សូម​ចុច​លើ​ពាក្យ​នោះ រួច​បើក​មុខងារ iCloud Backup ជា​ការ​ស្រេច។

បញ្ជាក់: ការប្រើប្រាស់មុខងារ Backup តាមរយៈ iCloud គឺ​មាន​ល្បឿន​យឺត និង​តម្រូវ​អោយ​ម៉ាស៊ីន​របស់​អ្នក​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណែត​ជា​មុន​សិន។ ដើម្បី​ដំណើរ​ការ​មុខងារ​នេះ​បាន​អ្នក​តម្រូវ​អោយ​មាន Account មុខងារ iCloud ជា​មុន​សិន។

  1. ដំណើរការមុខងារ Find My iPhone

វាពិតជាសំខាន់នៅពេលទូរស័ព្ទរបស់​អ្នក​ទាំង​អស់​គ្នា​បាន​បាត់​ដោយ​មិន​ដឹង​ ខ្លួន ហើយ​ក្នុង​ទូរស័ព្ទ​នោះ​មាន​រូបភាព វីដេអូ និង​ឯកសារ​សំខាន់ អ្នក​កុំ​ព្រួយ​បារម្មណ៍​អី អ្នក​អាច​ប្រើ​ប្រាស់​មុខងារ Find My iPhone ដើម្បី​ស្វែង​រក​ទូរស័ព្ទ​របស់​អ្នក​មក​វិញ​មិន​ថា​ទូរស័ព្ទ​នោះ​នៅ​ទី​ណា​ ឡើយ អោយ​តែ​វា​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណែត​ភ្លាម​អ្នក​នឹង​ដឹង​យ៉ាង​ច្បាស់​ថា​វា​ នៅ​ទី​ណា។ ផ្ទុយ​ទៅ​វិញ​បើ​ស្មាតហ្វូន​នោះ​នៅ​ឆ្ងាយ​ពី​អ្នក ដែល​អ្នក​មិន​អាច​ទៅ​ដល់​នោះ អ្នក​ក៏​អាច​បញ្ជា​អោយ Lock ទូរស័ព្ទ​នោះ​ពី​ចម្ងាយ​ក៏​បាន មាន​ន័យ​ថា​បើ​ចោរ​លួច ឬ​អ្នក​រើស​បាន iPhone របស់​អ្នក​បើក​ទូរស័ព្ទ​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណែត​ទូរស័ព្ទ​នឹង​ជាប់ Lock មិន​អាច​ប្រើ​ប្រាស់​បាន​តែ​ម្ដង​ហើយ​វា​នឹង​ក្លាយ​ជា​ដុំ​លោហៈ​ធាតុ​មួយ​។

  1. Encrypt Your Data

មុខងារ Encrypt your Data ក៏មានសារៈ​សំខាន់​ផង​ដែរ វា​អាច​ដំណើរ​ការ​ទៅ​បាន​លុះ​ត្រា​ណា​តែ​ម៉ាស៊ីន​របស់​អ្នក​បាន​ដំណើរ​ការ​ មុខងារ Touch ID ឬ Passcode ជា​ដើម ដូច​ទៅ​នឹង​អ្វី​ដែល​ខ្ញុំ​បាន​រៀប​រាប់​ខាង​លើ។ អញ្ចឹង​ដើម្បី​ដំណើរ​ការ​មុខងារ​នេះ​គឺ​ស្រួល​បំផុត ដំបូង​អ្នក​ត្រូវ​មាន​លេខ​កូដ​សម្ងាត់​នៅ​លើ​ម៉ាស៊ីន ឬ​មុខងារ​ស្កេន​ម្រាម​ដៃ បន្ទាប់​មក​សូម​ចូល​ទៅ​កាន់ Settings > Touch ID & Passcode បន្ទាប់​មក​ចុះ​ទៅ​ក្រោម​អោយ​អស់​អ្នក​នឹង​ឃើញ​មាន​ពាក្យ​ថា Erase Data សូម​ចុច​ដំណើរ​ការ​វា​ជា​ការ​ស្រេច។

បញ្ជាក់: មុខងារនេះនឹងជួយដល់អ្នកបានច្រើន​នៅ​ពេល​ស្មាតហ្វូន​ត្រូវ​បាន​បាត់ ហើយ​ជាប់​សោរ បើ​នរណា​​ម្នាក់​ចុច​ដោះ​លេខ​កូដ​នោះ​ខុស​ចំនួន 10 ដង​មាន​ន័យ​ថា​ម៉ាស៊ីន iPhone នឹង​ធ្វើ​ការ​លុប​ចោល​ទិន្នន័យ​ទាំង​អស់​នៅ​ក្នុង​ទូរស័ព្ទ ហើយ​រាល់​ឯកសារ​ជា​ច្រើន​របស់​អ្នក​នឹង​ត្រូវ​លុប​ចោល​។

ជាចុងក្រោយខ្ញុំសូមប្រាប់ទៅដល់អ្នកប្រើប្រាស់ iDevice ទាំង​អស់​ថា បើ​ក្នុង​ស្មាតហ្វូន ឬ​ថេប្លេត​របស់​អ្នក​​មាន​អ្វី​សំខាន់ អ្នក​គប្បី​ប្រើ​ប្រាស់​មុខងារ​ទាំង 6 ខាង​លើ តែ​សូម​មេត្តា​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់ ព្រោះ​​អ្នក​​អាច​នឹង​មាន​ការ​ភ្លេច​ភ្លាំង ដែល​ជា​ហេតុ​បង្ក​អោយ​មាន​បញ្ហា​ទៅ​ដល់​ការ​ជាប់ Lock ម៉ាស៊ីន​បាត់​បង់​ឯកសារ​ជា​ដើម។ យ៉ាង​ណា​មិញ​វា​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​អ្នក​ទាំង​អស់​ គ្នា ពិសេស​​អ្នក​មាន​ភារកិច្ច​ធំៗ​ដែល​មាន​រឿង​មិន​ចង់​អោយ​នរណា​ម្នាក់​ដឹង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

អ្នក​គួរ​ប្រើ​មុខងារ​សុវត្ថិភាព​ទាំង 6 នេះ ដើម្បី​រក្សា​សុវត្ថិភាព iPhone របស់​អ្នក!

  • ដោយ: Hong
  • 9:42 AM, 02 July
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ