ប្រវត្តិ«ស្នេហាដំបូងដ៏ផ្អែមល្ហែម» របស់ កែម ឡី និងភរិយា

ជីវិតពោរពេញ ដោយភាពទទួលខុសត្រូវ ភាពត្រជាក់ត្រជុំ និងសេចក្ដីស្នេហាដ៏ផ្អែមល្ហែម រវាងលោក កែម ឡី និង​ភរិយា​របស់​លោក គឺអ្នកស្រី បូ រចនា ពិតជារឿងរ៉ាវមួយ ដែលគេនៅតែចង់ស្ដាប់ ចង់លើកយកមក​និយាយ។ រាត្រី​នេះ លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដែល​ធ្លាប់​សម្ភាស​លោក កែម ឡី ជាញឹកញាប់​តាម​រយៈ​មីក្រូ របស់​វិទ្យុ​​អាស៊ីសេរី បាន​រំលឹក​រឿងរ៉ាវ​នេះ​មក​វិញ ហើយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូមដក​ស្រង់​សំណេរ របស់​លោក​ទាំង​ស្រុង មក​ផ្សាយ​ជូន​លោកអ្នក​ដូចតទៅ។
ប្រវត្តិ«ស្នេហាដំបូងដ៏ផ្អែមល្ហែម» របស់ កែម ឡី និងភរិយា

លោក កែម ឡី និងភរិយា។ (រូបថតហ្វេសប៊ុក)

សូមជម្រាបថា ខាងក្រោមនេះ ជាសំណេរទាំងស្រុងរបស់លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដែលលោក​បាន​បង្ហោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ​របស់លោក។ ទស្សនាវដ្ដីគ្រាន់តែកែរ​​កំហុសអក្ខរាវិរុទ្ធបន្តិចបន្តួច និង​ពាក្យ​ពេជន៍ខ្លះប៉ុណ្ណោះ។ ផ្ទុយទៅវិញ សំណេររបស់លោក ជុន ច័ន្ទបុត្រ បែរជាបានបង្ហាញថា ស្មេររូប​នេះ​ពិត​ជា​មាន​បេះដូង ជាអ្នក​ស្រឡាញ់​អក្សរសាស្ត្រជាតិម្នាក់ ដែលស័ក្ដិសមនឹងទទួលបាន ការកោតស្ងប់ស្ងែងមួយ ដ៏​ខ្ពង់​ខ្ពស់។

-------------

ថ្ងៃនេះខ្ញុំចង់ដកឃ្លា ពីនិយាយរឿងមរណភាព មករំលឹកពីជីវិត និងពីប្រវត្តិស្នេហាដ៏ផ្អែមល្ហែម និងពោរពេញ​ដោយការទទួលខុសត្រូវ របស់លោកបណ្ឌិត កែម ឡី និងភរិយារបស់លោក គឺអ្នកស្រី បូ រចនា វិញម្តង។ លោក កែម ឡី ផ្ទាល់បានរៀបរាប់រឿងរ៉ាវទំនាក់ទំនងស្នេហានេះ ប្រាប់ខ្ញុំ និងភរិយា ព្រមកូនរបស់ខ្ញុំ ពេល​ដែល​យើង​ជួបគ្នា ក្នុងពិធីញ៉ាំបាយល្ងាច ជាលក្ខណៈគ្រួសារមួយ៖

ថ្ងៃមួយកម្លោះ កែម ឡី មានបេសកកម្មធ្វើដំណើរតាមទូក ទៅខេត្តក្រចេះ។ ប៉ុន្តែមុននឹងទៅដល់ខេត្តក្រចេះ ទូក​ត្រូវចូលចតនៅស្រុកឆ្លូងសិន ដើម្បីដាក់អ្នកដំណើរ ដែលត្រូវចុះនៅស្រុកនេះ និងទទួលអ្នកដំណើរថ្មី ដែល​ត្រូវ​ចេញ​ពីឆ្លូងទៅក្រចេះ។ នេះ ក៏ជាឱកាសល្អមួយ សំរាប់អ្នកដំណើរ​​បានស្រស់ស្រូបអាហារ ព្រោះទំរាំដល់ឆ្លូង ថ្ងៃ​ត្រង់​ល្មម។

គ្រាន់តែទូកចត​ដល់មាត់ច្រាំងភ្លាម អ្នកលក់បាយកញ្ចប់ នំនែក និងចំណីអាហារ ដែលងាយកាន់បរិភោគ នាំ​គ្នា​សំរុកចុះទូក ប្រជែងគ្នាលក់ទំនិញរបស់ខ្លួន។ ថ្វីត្បិតតែកម្លោះ កែម ឡី ចង់ទិញបាយ ដើម្បី​បំពេញការ​ស្រេក​ឃ្លាន ពេញមួយព្រឹកទៅហើយក្តី លោកបែរជាទៅទាក់ចិត្ត នឹងអ្នកលក់ពងទាស្ងោរជាងគេ។ អ្នកលក់ពងទា​ស្ងោរ​នោះ មានទឹកមុខញញឹមញញែម ឬកពាររម្យទម។ នាងមានសំបុរស្រអែម សក់ស្លូតវែងប្រះស្មា។ នាង​ហាក់​ទើប​ឈានចូល ដល់វ័យពេញរូបពេញរាងមួយ ដែលបង្ហាញនូវសម្រស់ ដ៏ត្រកាលពីធម្មជាតិរបស់នាង។ កម្លោះ កែម ឡី មិនអាចដកភ្នែកចេញ ពីសម្រស់ដ៏គ្មានពីរ​ របស់ក្រមុំលក់ពងទា​ស្ងោរ​នេះ​សោះឡើយ។

លោកក៏សំរេចចិត្ត ហៅអ្នកលក់ពងទាស្ងោរមកទិញ។ តែបើទិញហើយឲ្យលុយភ្លាម លោកនឹងបាត់​ឱកាស​បានគយគន់ និងជជែកស្វែងយល់ពីនាង។ លោកក៏ចាប់ផ្តើមរើសពងទាស្ងោរផង ជជែកពីនេះពីនោះផង។ ធ្វើ​ដំណើរ​តែម្នាក់ឯងសោះ តែលោករើសពងទាស្ងោរ សឹងអស់ពីថាស។ រើសបានហើយ លោកក៏នៅមិន​ទាន់​​ឲ្យ​លុយ​នាង​ភ្លាមទេ លោកនៅសួរពីនេះពីនោះ។ នាងអៀនណាស់។ នាងមិនត្រូវការសំណួរអីច្រើនពេកទេ។ ទិញ​ហើយ ឲ្យលុយមក ដើម្បីនាងបានទៅលក់ទៀត។ តែនាងរក្សាការគួរសមរហូត។

អ្នកដំណើរដែលត្រូវចុះនៅឆ្លូង ក៏ចុះអស់។ អ្នកឡើងថ្មី ក៏ឡើងមកបំពេញ។ អ្នកដំណើរដ៏ទៃទៀត ក៏បាន​ទិញ​អាហារ​ថ្ងៃត្រង់រៀងៗខ្លួន។ អ្នកលក់ទាំងឡាយ ចុះពីទូកវិញអស់ហើយ នៅឡើយតែនាងក្រមុំលក់ពងទាស្ងោរ កំពុងរង់ចាំទទួលលុយពីម៉ូយកម្លោះ ដែលហាក់ដូចជាកំពុងភ័ន្តភាំង មិនព្រមដកលុយចេញ រួច​សងថ្លៃពងទា​នាង​សោះ។

ដោយគិតថា អ្នកលក់ចុះអស់ពីទូកហើយ តៃកុងទូកក៏ចាប់ផ្តើម​បើកចាកចេញ ពីច្រាំងទៅ។ ប្រឈម​មុខ​នឹង​ស្ថានភាពនេះ ក្រមុំរូបស្រស់​លែងនៅចង់បានលុយទៀតហើយ នាងក៏ប្រញាប់ប្រញាល់​​ស្ទុះសំដៅទ្វារចេញ រួចលោតចូល​ក្នុង​ទឹក​ប្រូង ហែលសំដៅទៅមាត់ច្រាំងវិញ ចោលថាសពងទា និងលុយដែលមិនទាន់​ទារ​បាន​នៅ​ឡើយ។

ប្រវត្តិ«ស្នេហាដំបូងដ៏ផ្អែមល្ហែម» របស់ កែម ឡី និងភរិយា

មកទល់ពេលនេះ ទើបកម្លោះ កែម ឡី ភ្ញាក់ខ្លួនហើយស្តាយក្រោយ ចំពោះការដែលលោកបាន​បន្ទច់​បង្អាក់​ដំណើរ នាងលក់ពងទា រហូតដល់នាងលោតចោលថាស និងលុយ។ លោកបន្តសំលឹងមើលនាងហែល រហូត​ដល់ច្រាំងឡើងគោកវិញ ទើបលោកដកភ្នែកបាន។ លោកបន្តដំណើរទៅខេត្តក្រចេះ ដោយនាំ​ទាំង​ថាស​ពង​ទា​ស្ងោរ និងវិប្បដិសារីទៅជាមួយផង។ លោកបំពេញការងារលើកនេះ ទាំងចិត្តវិលវល់នឹកភ្នក ដល់នាងក្រមុំ​លក់​ពង​ទា​ស្ងោរស្រុកឆ្លូង មិនភ្លេចមួយវិនាទីណាឡើយ។ ម៉្យាងគិតដល់កំហុស ដែលបានធ្វើអោយ​នាងខក​ខាន​មិន​​បានចុះចេញពីទូកទៅវិញបានត្រឹមត្រូវ ម៉្យាងស្តាយមិនបានសួរឈ្មោះ និងផ្ទះនាង ដើម្បីបានយកថាស និង​​លុយ​​ទៅសងនាងវិញ។

បួនប្រាំថ្ងៃក្រោយមក បន្ទាប់ពីកម្លោះអ្នកស្រាវជ្រាវបញ្ហាសង្គមនេះ បញ្ចប់ការងារនៅខេត្តក្រចេះ លោកក៏ធ្វើ​ដំណើរតាមទូក ត្រលប់មកទៅភ្នំពេញ កាត់តាមឆ្លូងដដែល។ កម្លោះ កែម ឡី សង្ឃឹមថានេះជាឱកាសមួយ ដែល​​លោក​បានជួបនាង​លក់​ពងទាស្ងោរម្តងទៀត ដើម្បីបានប្រគល់ថាស និងសងលុយនាងវិញ។

គ្រាន់តែទូកចតចូលច្រាំងភ្លាម លោកខំសម្លឹងរកនាង...។ អ្នកលក់ប្រញាប់ប្រញាល់ ប្រជែងគ្នាចុះទូក។ កម្លោះ កែម ឡី មិនចាប់អារម្មណ៍​នឹងអ្នកណាទាំងអស់ ភ្នែកគាត់រំពៃរកមើល តែអ្នកលក់ពងទាស្ងោរ ដែលគាត់​ជំពាក់​ទាំងលុយ ជំពាក់ទាំងចិត្តតែប៉ុណ្ណោះ។ អ្នកលក់ចុះមកអស់ហើយ ម្តេចឡើយបាត់តែនាង​ មិនឃើញមកលក់​នឹង​គេ? តិចនាងអស់ចុងអស់ដើម ហើយរកទុនមកលក់លែងបាន? តិចលោនាង ត្រូវឪពុកម្តាយដាក់ទណ្ឌកម្ម ពីការលក់អស់ចុងអស់ដើម អស់ទាំងថាស ហើយលែងឲ្យមកលក់ទៀតទៅ? ដួងចិត្តរបស់លោក ច្របូក​ច្របល់​ណាស់។ សួរអ្នកលក់ដ៏ទៃទៀត ក៏គេហាក់មិនចាប់អារម្មណ៍ នឹងសំណួររបស់លោកទេ។ ម្នាក់ៗគេ​គិត​តែ​ពីខំ​លក់ទំនិញ អាលឆាប់បានចេញពីទូកវិញ។ គ្មាននរណាម្នាក់ យល់ពីដួងចិត្តតក់ក្រហល់ របស់លោក​សោះ​ឡើយ។

ប្រវត្តិ«ស្នេហាដំបូងដ៏ផ្អែមល្ហែម» របស់ កែម ឡី និងភរិយា

អ្នកលក់ចេញពីទូកវិញ ម្តងមួយៗហើយ នៅតែរកនាងមិនឃើញនៅឡើយ។ ទូកបញ្ឆេះម៉ាស៊ីន រៀបបន្ត​ដំណើរ​ទៅ​ភ្នំពេញវិញ។ លោកកែម ឡី ក៏មិនអាចចាកចេញពីទីនេះ ដោយមិនបានសងលុយ ថាស និងមិន​បាន​សុំទោស​នាងនោះដែរ។ទីបំផុត លោកសម្រេចចិត្តថា ត្រូវតែចុះនៅស្រុកឆ្លូងនេះសិន ដើម្បីស្វែងរកនាង។

លោកបានសាកសួរគេឯង ជាបន្តទៀត។ នៅពេលដែលស្ងប់​​ពីការរវល់លក់ហើយ ទើបអ្នកលក់ មានឱកាស​ស្តាប់សំណួរ របស់កម្លោះ កែម ឡី។ គេបានប្រាប់លោកថា នាងមិនមានអ្នកណាធ្វើបាបធ្វើកម្ម ឬក៏ខាត​ចុង​ខាត​ដើមអ្វីទេ។ ព្រឹកនេះនាងជាប់រៀន ទើបនាងខកខានមិនបានមកលក់។ បានឮដំណឹងនេះ កម្លោះ កែម ឡី ក៏ស្ងប់អារម្មណ៍ណាស់ដែរ។ លោកបានសួរដឹង ពីផ្ទះរបស់ម្ចាស់ថាស រួចក៏ស្កាត់ទៅជួបអាណាព្យាបាលនាង ប្រគល់​ទាំងថាស និងប្រាក់សំណងដល់ម្តាយនាង។ ចាប់ពីពេលនោះមក លោកក៏នៅតែបន្តទំនាក់ទំនង រហូត​ដល់​ចូលស្តីនាង ដណ្តឹងជាគូភរិយារហូតមក៕

----------

» សូមជូនចម្រៀង «សម្រស់នាងចែវទូកដ» បកស្រាយដោយលោក ស៊ីន ស៊ីសាមុត៖