នាយ​ឧត្តមសេនីយ៍ មាស សុភា ចុះ​បេសកកម្ម​នៅ​ភាគ​ទី​៥

ខេត្តបាត់ដំបង ៖ ក្នុង​ដំណើរ​អញ្ជើញ​ចុះ​បេសកកម្ម​នៅ​ទិស​យោធភូមិ​ភាគ​ទី​៥ ដើម្បី​ស្វែង​យល់​អំពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​នាយ ពល​ទាហាន ក្នុង​កងឯកភាព នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក អមដំណើរ​ដោយ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ឯកឧត្តម​តំណាង នាយកដ្ឋាន​ផ្គត់ផ្គង់​អគ្គ​ភស្តុ​ភា​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ព្រមទាំង​ឯកឧត្តម មេបញ្ជាការ​រង នាយ​រង​សេនាធិការ មេបញ្ជាការ​បញ្ជាការដ្ឋាន​ទ័ព​ជំនាញ កងទ័ពជើងគោក បាន​អញ្ជើញ​ចុះ​ទស្សនកិច្ច​សិក្សា​កងឯកភាព​វរ​សេនា​តូច​រថក្រោះ រថពាសដែក​លេខ​៦៧ យោធភូមិ​ភាគ​ទី​៥ ស្ថិត​នៅ​ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។

អញ្ជើញ​ចូលរួម​មាន មេបញ្ជាការ​បណ្តា​កងឯកភាព​ចំណុះ​យោធភូមិ​ភាគ​ទី​៥ ស្នងការដ្ឋាន​នគរបាល​ខេត្ត មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក ខេត្តពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ និង​នាយទាហាន ទទួល​បន្ទុក​ជំនាញ​សរុប​ចំនួន ១២៩​នាក់​។ លោក​វរសេនីយ៍ទោ ព្រហ្ម គឹ​ម មេបញ្ជាការ​វរ​សេនា​តូច បាន​សម្តែង​គារវកិច្ច ស្វា​គម​ន៏ និង​រាយ​ការ​ណ៏​ជូន​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ព្រមទាំង​ប្រតិភូ​អមដំណើរ នូវ​សកម្មភាព​បំពេញភារកិច្ច របស់​កងឯកភាព​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៦ តាម​ខ្លឹមសារ ៤​ចំណុច ក្នុង​ផែនការ​ការ​កសាង​ពង្រឹង កងឯកភាព​មូលដ្ឋាន​រឹង​មាំ​លើ​គ្រប់​វិស័យ របស់​យោធភូមិ​ភាគ​ទី​៥ ដោយ​អនុវត្តន៍​ការងារ​ដឹកនាំ​បញ្ជា និង​របៀបរបប​ធ្វើ​ការងារ ត្រៀមប្រយុទ្ធ និង​បេសកកម្ម ការងារ​ហ្វឹកហ្វឺន អប់រំ​ចិត្តសាស្ត្រ ការងារ​ចិញ្ចឹម​ទ័ព លើកកម្ពស់​ជីវភាព​រស់នៅ និង​សុខមាលភាព​កងទ័ព​។

បន្ទាប់​ពី​បាន​ទស្សនា​ទិដ្ឋភាព​ជាក់ស្តែង និង​តាម​រយៈ​បទ​បង្ហាញ​ស្តី​ពី​ការ​អនុវត្ត​សកម្មភាព របស់​កងឯកភាព​កន្លង​មក មតិ​ចូលរួម​វាយតម្លៃ របស់​បណ្តា​កងឯកភាព​ចូលរួម បាន​ស្តែង​ចេញ​នូវ​បទ​ពិសោធន៍ មួយ​ចំនួន​គួរ​ឲ្យ​កត់សម្គាល់​។ មាន​ប្រសាសន៍ សំណេះសំណាល ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បាន​ពាំនាំ​ការ​ផ្តាំផ្ញើ សួរសុខទុក្ខ និង​សេចក្តី​នឹករលឹក​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ថ្នាក់ដឹកនាំ​អគ្គបញ្ជាការ ដល់​មេបញ្ជាការ បណ្តា​កងឯកភាព នាយ ពល​ទាហាន​។

នាយ​ឧត្តមសេនីយ៍ បាន​សម្តែង​ការ​កោតសរសើរ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​អនុវត្ត ប្រកបដោយ ស្មារតី​ទទួលខុសត្រូវ របស់​មេបញ្ជាការ មេបញ្ជាការ​រង គ្រប់​លំដាប់ថ្នាក់ នាយ ពល​ទាហាន វរ​សេនា​តូច ក្នុង​ការ​បំពេញភារកិច្ច របស់​ថ្នាក់លើ​ប្រគល់​ជូន​។ ខ្លឹមសារ​៤​ចំណុច ក្នុង​ផែនការ កសាង​ពង្រឹង កងឯកភាព​មូលដ្ឋាន រឹង​មាំ​លើ​គ្រប់​វិស័យ ដែល​យោធភូមិ​ភាគ​ទី​៥ បាន​ដាក់ចុះ​លើ​ចក្ខុវិស័យ សំដៅ​កសាង​ពង្រឹង​កងឯកភាព ក្នុង​ដំណាក់​ការ​បច្ចុប្បន្ន ស្រប​ទៅ​នឹង​ផែនការ ប្រឡងប្រណាំង របស់​កងទ័ពជើងគោក​បាន​ដាក់​ចេញ​។

ការ​ចាត់តាំង​ធ្វើ​ទស្សនកិច្ច​សិក្សា មាន​អត្ថ​ប្រ​យោ​ជ​ន៏ ការ​ខិតខំ​របស់​កងឯកភាព ផ្តល់​បទ​ពិសោធន៍​កងឯកភាព ដែល​បាន​ចូល និង​ជា​យន្តការ​ជំរុញ​ចលនា​ប្រឡងប្រណាំង ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​យកចិត្តទុកដាក់ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និង​អង្គភាព ស្ថាប័ន​សម្ព័ន្ធមេត្រីភាព សប្បុរសជន ដែល​បាន​ជួយ​ឧបត្ថម្ភ​កន្លង​មក​។ នាយ​ឧត្តមសេនីយ៍ បាន​ផ្តាំផ្ញើ​ដល់​មេបញ្ជាការ នាយ ពល​ទាហាន កងឯកភាព​ដែល​បាន​ចូលរួម បន្ត​ការ​គាំទ្រ យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ គោរព​អនុវត្តន៍​ម៉ឹង​មាត់ តាម​អនុសាសន៍ ៦​ចំណុច​របស់​សម្តេច​តេ​ជា ចូលរួម​ក្នុង​សកម្មភាព ភូមិ ឃុំ មាន​សុវត្ថិភាព ត្រៀម​បំរុង​ជួយ​ប្រជាពលរដ្ឋ រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ និង​បន្ត​ការ​អនុវត្ត​៤​ខ្លឹមសារ ក្នុង​ផែនការ​កសាង​ពង្រឹង​កងឯកភាព​មូលដ្ឋាន​រឹង​មាំ​លើ​គ្រប់​វិស័យ​។ ជា​ចុងបញ្ចប់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បាន​ឧបត្ថម្ភ​ថវិកា ជូន​កងឯកភាព​ចំនួន​១០​លាន​រៀល​៕