លោក អូ​បា​ម៉ា ស្នើ​ឲ្យ​មានការ​រួបរួមគ្នា បន្ទាប់ពី​ការបាញ់ប្រហារ​នៅ Dallas និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-13-2016, 8:19 pm         295

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អូ​បា​ម៉ា ស្នើ​ឲ្យ​មានការ​រួបរួមគ្នា បន្ទាប់ពី​ការបាញ់ប្រហារ​នៅ Dallas​នៅក្រោយ​ការបាញ់ប្រហារ​នៅ​ទីក្រុង Dallas ដែល​ឆក់យក​ជីវិត​ប៉ូលិស​៥​នាក់​រួចមក​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អំពាវនាវ​ឲ្យ​មានការ​រួបរួមគ្នា ក្នុងចំណោម​ពូជសាសន៍​ទាំងអស់ ដែល​រស់​នៅលើ​ទឹកដី​អាមេរិក​។ លោក អូ​បា​ម៉ា ដែល​ទៅកាន់​ទីក្រុង Dallas ដោយផ្ទាល់​និយាយថា ការរើសអើង​ពូជសាសន៍ នៅតែមាន ហើយ​មធ្យោបាយ​ដោះស្រាយ ក៏​បរាជ័យ​ថែមទៀត​។

​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​លុបចោល​ទស្សនកិច្ច​ខ្លះ​នៅ​អឺរ៉ុប បាន​ទៅដល់​ទីក្រុង Dallas នៃ​រដ្ឋ​តិច​សាស់ នៅ​ថ្ងៃទី​១២ ខែកក្កដា ដើម្បី​ចូលរួម​ពិធីបុណ្យ​របស់​ប៉ូលិស​៥​នាក់ ដែល​បាត់​បង់ជីវិត ដោយ​ការវាយប្រហារ​ពី​ខ្មាន់កាំភ្លើង​ស្បែក​ខ្មៅ​ម្នាក់​។ នៅ​ទីក្រុង Dallas ប្រធានាធិបតី​អាមេរិក ក៏បាន​ស្នើ​ឲ្យ​ជនជាតិ​ទាំងអស់ មិន​ថា​ស្បែ​ស ឬ​ស្បែក​ខ្មៅ ត្រូវ​ចេះ​រួបរួមគ្នា និង​ស្វែងយល់​ពីគ្នា​ឲ្យ​បាន​ច្រើន​។

​សារព័ត៌មាន The Guardian ផ្សាយ​ថា ដោយមាន​លោកស្រី Michelle ឈរ​ក្បែរ លោក​ប្រធានាធិបតី អូ​បា​ម៉ា និយាយថា លោក​ដឹង​ពី​សុខទុក្ខ​របស់​ប្រជាជន​អាមេរិក នៅពេលនេះ និង​អ្វីដែល​ពួកគេ បាន​ជួបប្រទះ កាលពី​សប្ដាហ៍​មុន​។ ប៉ុន្តែ​លោក ក៏បាន​លើកឡើង​ដែរ​ថា ប្រជាជន​ដែល​មិន​សប្បាយចិត្ត ក៏​គួរតែ​យល់​ពី​គ្រោះថ្នាក់​ដែល​ប៉ូលិស ត្រូវ​ប្រឈមមុខ​ផងដែរ​។

​ជាមួយនឹង​ការស្នើ​ឲ្យ​បញ្ឈប់​ជម្លោះ​រវាង​ប៉ូលិស និង​អ្នក​តវ៉ា ក៏ដូចជា​ជន​ស្បែ​កស និង​ជនជាតិ​ស្បែក​ខ្មៅ ប្រធានាធិបតី អូ​បា​ម៉ា ក៏បាន​សារភាពថា វិធីសាស្ត្រ​លើក​មុនៗ​ក្នុងការ​ដោះស្រាយ​ជម្លោះ មិនបាន​ជោគជ័យ​នោះទេ​។ លោក​បកស្រាយ​ថា លោក​បាន​និយាយ​ពី​ដំណោះស្រាយ នៅតាម​ពិធី​រម្លឹក​ខួប​នានា ប៉ុន្តែ​វា មិន​គ្រប់គ្រាន់​នោះទេ​។ លោក​បន្ថែមថា យើង​មិនត្រូវ​អស់សង្ឃឹម​ទេ ហើយ​យើង ក៏​មិន​បែកបាក់​ដូច​អ្វីដែល​កើតឡើង​ដែរ​។​

​សូមបញ្ជាក់ថា ខ្មាន់កាំភ្លើង​ជា​អតីតយុទ្ធជន​មានឈ្មោះ Micah Johnson មាន​វ័យ ២៥​ឆ្នាំ បាន​បាញ់សម្លាប់​ប៉ូលិស​៥​នាក់​។ បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ជន​ជា​ខ្មាន់កាំភ្លើង​នេះ​បាន​និយាយ មុនពេល​ស្លាប់​ដោយ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ថា គេ​ចង់​សម្លាប់​ប៉ូលិស​ស្បែ​កស ដើម្បី​សងសឹក​ចំពោះ​ការបាញ់ប្រហារ​លើ​ជន​ស្បែក​ខ្មៅ​ពីររូប​កាលពី​ថ្មីៗ​នេះ​។​

​អ្វីដែល​កាន់តែ​បារម្ភ​នោះ គឺ​ការបាញ់ប្រហារ​នេះ​បាន​បង្ក​ឲ្យ​មានការ​បែកបាក់​គ្នា​ខ្លាំង​រវាង​ប្រជាជន​ស្បែ​កស និង​ប្រជាជន​ស្បែក​ខ្មៅ ខណៈដែល​ភាព​តានតឹង​និង​ការ​ស្អប់ខ្ពើម​រវាង​ប្រជាជន​ស្បែ​កស និង​ស្បែក​ខ្មៅ​នោះ​នៅតែ​ជា​បញ្ហា​ធំ​នៅក្នុង​សង្គម​អាមេរិក​។ ជាងនេះទៅទៀត អ្នកនយោបាយ​ឱកាសនិយម​អាមេរិក​មួយចំនួន​បាន​ព្យាយាម​លាប​ពណ៌​ពូជសាសន៍​និង​ពណ៌​សម្បុរ​ខ្មៅ​ស ដើម្បី​កេងចំណេញ​នយោបាយ​និង​បណ្តុះ​គំនិត​ស្អប់ខ្ពើម​ជាដើម​។​

​ក្រោយ​មានការ​បាញ់ប្រហារ​លើ​ប៉ូលិស មេដឹកនាំ​បាតុករ​នៃ​ចលនា​ក្រុម Black Lives Matters  បាន​ថ្កោលទោស​ហិង្សា​ប្រដាប់អាវុធ​នៅ​ក្រុង  Dallas នេះ​ប៉ុន្តែ​ពួកគេ​បាន​អះអាងថា​គេ​នៅ​បន្ត​រក្សា​សិទ្ធិ​ជួបជុំគ្នា​នៅ​ចុង​សប្តាហ៍​នេះ​នៅ​តំបន់​សំខាន់ៗ​មួយចំនួន​។​តាមពិតទៅ ប្រជាជន​ស្បែក​ខ្មៅ​ទាំងនោះ​តស៊ូ​មតិ​ដើម្បី​បញ្ចប់​ការរើសអើង​ក្នុងការ​អនុវត្ត​ច្បាប់​ក្នុងសង្គម​អាមេរិក​និង​បញ្ហា​ប្រឈម​ផ្សេងទៀត​៕