ព្រេង​និទាន​ខ្មែរ​រឿង”ធនញ្ជ័យ” ចេញ​ផ្សាយ​ភាគ​ទី​១​ព្រឹក​នេះ!

ភាគ​ទី​១
នេះ​នឹង​និយាយ​ពី​រឿង​ធនញ្ជ័យ​ កាល​ដើម​ឡើយ​ពេល​មក​ចាប់​កំណើត​ក្នុង​ពោះ​ម្ដាយ នាង​ជា​ម្ដាយ​​ដេក​ទៅ​យល់​សប្ដិ​តែ​ទៀប​ភ្លឺ ឯ​ព្រឹក​ដូច​ជា​យល់​សូង យល់​សប្ដិ​បេះ​ដូង​ បេះ​ទាំង​បាន​ផ្លែ យល់​សប្ដិ​ឃើញ​ខែ​ ខែ​នោះ​ពេញ​បូណ៌មី។
នាង​នោះ​ភ្ញាក់​ឡើង​ពី​ដេក​គិត​ថា សប្ដិ​នេះ​ល្អ​ណាស់​ បើ​ដូច្នេះ​អញ​នឹង​ទៅ​ឱ្យ​ហោរ​មើល​ឱ្យ​បាន​ដឹង​ថា​សប្ដិ​នេះ​ល្អ ឬ​អាក្រក់។

 

គិត​ស្រេច​ក៏​យក​ទៀន​ធូប​​ទៅ​ដល់​ផ្ទះ​ហោរ។ អ្នក​ហោរ​មិន​នៅ នៅ​តែ​ប្រ​ពន្ធ​ហោរ។ នាង​នោះ​ទៅ​ដល់​ផ្ទះ​ហោរ ​ហើយ​សួរ​ថា​៖
«អ្នក​ហោរ​នៅ​ទេ?»
«​មិន​នៅ​ទេ​! រក​គាត់​ថ្វី​នាង?»
«មក​រក​គាត់​ឱ្យ​ទាយ​ ត្បិត​ខ្ញុំ​ដេក​ទៅ​យល់​សប្ដិ​ទៀប​ ឯ​ព្រឹក​ហាក់​ដូច​យល់​សូង យល់​សប្ដិ​ឡើង​បេះ​ដូង​បេះ​បាន​ទាំង​ផ្លែ យល់​សប្ដិ​ឃើញ​ខែ​ ខែ​នោះ​ពេញ​បូណ៌មី​!»

 

ប្រពន្ធ​ហោរ​ប្រាប់​ដឹង​សព្វ​គ្រប់​ថា​ នាង​នោះ​នឹង​កើត​កូន​ កូន​នោះ​ប្រុស​ហើយ​នឹង​បាន​ជា​ស្ដេច។ ដឹង​ដូច្នោះ​គិត​ថា​ អញ​នឹង​ទាយ​ឱ្យ​ទៅ​ជា​ខ្ញុំ​គេ នាង​នោះ​ស្ដាប់​នាង​ប្រពន្ធ​ហោរ​ទាយ​ដូច្នោះ​ហើយ ក៏​លា​វិល​មក​ផ្ទះ​វិញ។

 

ដល់​ថ្ងៃ​សម្រាល​ ក៏​បាន​​​ជា​កូន​​ប្រុស​ពិត​ និង​ដាក់​ឈ្មោះ​ថា​ “ធនញ្ជ័យ​”​។ លុះ​ដល់​​​អាយុ​៧​ឆ្នាំ​ កូន​នោះ​ដើរ​ទៅ​លេង​ខាង​ផ្ទះ​មហា​សេដ្ឋី​សព្វ​ៗ​ថ្ងៃ។ ឯ​ប្រពន្ធ​មហា​សេដ្ឋី​ត្បាញ​លើ​ផ្ទះ​ បោះ​ត្រល់​ទៅ​វា​ធ្លាក់​ទៅ​ដី ​ក្រឡេក​មើល​ទៅ​ឃើញ​ធនញ្ជ័យ​នៅ​ទី​នោះ ​ក៏​ស្រែក​ហៅ៖
«​អា​ជ័យ! ​រើស​ត្រល់​ឱ្យ​អញ!»
ទើប​ធនញ្ជ័យ​សួរ​៖
«​បើ​ខ្ញុំ​រើស​ត្រល់​ឱ្យ​ តើ​ឱ្យ​របស់​អ្វី​ខ្ញុំ?»
«អញ​ឱ្យ​អំបុក​អា​ជ័យ​ឯង​!»
«​ឱ្យ​តិច​ ឬ​ច្រើន?»
នោះ​នាង​ប្រពន្ធ​មហា​សេដ្ឋី​ប្រាប់​ថា​៖
«អញ​ឱ្យ​ច្រើន​!»
ទើប​ធនញ្ជ័យ​រើស​ត្រល់​ឱ្យ ហើយ​អង្គុយ​ចាំ​ទារ​អំបុក​អំពី​ប្រពន្ធ​មហា​សេដ្ឋី​​ឱ្យ​បាន​ទើប​ទៅផ្ទះ​។ ប្រពន្ធ​មហា​សេដ្ឋី​ឱ្យ​អំបុក​មក​ធនញ្ជ័យ ធនញ្ជ័យ​ថា​តិចណាស់​ ឱ្យ​ច្រើន​ទៀត ទើប​ប្រពន្ធ​មហាសេដ្ឋី​ឱ្យ​យក​អំបុក​មក​ឱ្យ​ធនញ្ជ័យ​ច្រើន​មួយ​កញ្ជើ។

 

ធនញ្ជ័យ​នៅ​តែ​ថា​ឱ្យ​ច្រើន​ទៀត នោះ​ប្រពន្ធ​មហាសេដ្ឋី​ថា​៖
«អញ​ឱ្យ​អស់​ច្រើន​ប៉ុណ្ណោះ​ឯង!»
ធនញ្ជ័យ​ស្ដាប់​ហើយ​ ខឹង​យំ​ទារ​តែ​អំបុក​ច្រើន​ៗ​នោះ​ ក៏​ឮ​ទៅ​ដល់​មហាសេដ្ឋី​ សេដ្ឋី​ដើរ​ចូល​មក​មើល​ហើយ​សួរ​ថា៖
«អា​ជ័យ​ថ្វី​ក៏​យំ?»
ទើប​ប្រពន្ធ​មហាសេដ្ឋី​ប្រាប់​ថា៖
«ខ្ញុំ​ឱ្យ​រើស​ត្រល់​ឱ្យ​ ខ្ញុំ​ថា​ឱ្យ​អំបុក​វា​ច្រើន! ឥឡូវ​ខ្ញុំ​ឱ្យ​មួយ​កញ្ជើ​ វា​នៅ​តែ​ថា​ឱ្យ​ច្រើន​ទៀត! ឥឡូវ​នេះ​វា​អង្គុយ​តែ​យំ មិន​ព្រម​ទៅ​ផ្ទះ​សោះ​!»

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ព្រេង​និទាន​ខ្មែរ​រឿង”ធនញ្ជ័យ” ចេញ​ផ្សាយ​ភាគ​ទី​១​ព្រឹក​នេះ!

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ