ព្រឹកនេះ សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើក​ទី​១១​នៅ​ម៉ុង​ហ្គោ​លី

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​១៤ កក្កដា ២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ នឹង​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១១ នៅ​ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ ប្រទេស​ម៉ុង​ហ្គោ​លី ។

បើ​តាម Facebook សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា «​នេះ​ជា​ការ​ជួបជុំ​ជា​ទៀងទាត់​២​ឆ្នាំ​ម្តង​រវាង​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ចំនួន​៥១ និង​អង្គការ​២ គឺ​លេខាធិការដ្ឋាន​អាស៊ាន និង​ស្នងការ​អឺរ៉ុប ។ កម្ពុជា បាន​ចូល​ជា​សមាជិក​ព្រម​ពេល​គ្នា​ជាមួយ​ឡាវ​និង​មី​យ៉ា​ន់​ម៉ា និង​ប្រទេស​៤​ផ្សេង​ទៀត​មក​ពី​អឺរ៉ុប​ក្នុង​ឆ្នាំ​២០០៤ នៅ​ហាណូយ ប្រទេស​វៀតណាម​នា​សម័យប្រជុំ​លើក​ទី​៥ ។ តាំងពី​ពេល​នោះ​មក ខ្ញុំ​បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចូលរួម​ប្រជុំ​មិន​ដែល​អាក់ខាន​គឺ ឆ្នាំ​២០០៦ នៅ​ហ្វាំ​ង​ឡង់ ឆ្នាំ​២០០៨ នៅ​ចិន ឆ្នាំ​២០១០ នៅ​ប៊ែ​ល​ហ្សិ​ក ឆ្នាំ​២០១២ នៅ​ឡាវ ឆ្នាំ​២០១៤ នៅ​អ៊ី​តា​លី និង​ឆ្នាំ ២០១៦ នេះ​នៅ​ម៉ុង​ហ្គោ​លី​។

ក្រៅពី​ការ​ប្រជុំ ខ្ញុំ​នឹង​មាន​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន ជប៉ុន ប្រ​ធា​ធិ​បតី​កូរ៉េ និង​អាច​ជួប​ប្រាស្រ័យ​ជាមួយ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ផ្សេង​ទៀត​ដែល​ចូល​ប្រជុំ​ជាមួយ​គ្នា​ដែល​នេះ​ជា​ទម្លាប់​ធម្មតា​សំរាប់​មេដឹកនាំ​រដ្ឋ​»៕