ការ​ប្រើប្រាស់​ថ្នាំ​រញ៉េរញ៉ៃ​នឹង​ធ្វើ​អោយ​មនុស្ស​ស្លាប់​ច្រើន​ពេល​អនាគត

នៅ​តាម​ឱ​ស​ថ​ស្ថាន​ជា​ច្រើន គេ​ឃើញ​មានការ​ផ្តល់​ថ្នាំ​ដល់​អ្នកជំងឺ​ ដោយ​គ្មាន​វេជ្ជបញ្ជា​​ត្រឹមត្រូវ​​ឡើយ​ ។ ឱ​ស​ថ​ការី​ ឬ​អ្នកលក់​ថ្នាំ​ក៏​បាន​ក្លាយជា​គ្រូពេទ្យ​ផ្តល់​ថ្នាំ​ព្យាបាល​ជំងឺ​ជំនួស​គ្រូពេទ្យ​​ ។ ការ​ប្រើប្រាស់​ថ្នាំពេទ្យ​មិន​ត្រឹមត្រូវ​នឹង​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​គ្រប់​រូប​​ពេល​អនាគត ​។

ការ​ប្រើប្រាស់​ថ្នាំពេទ្យ​មិន​បាន​ត្រឹមត្រូវ​នឹង​ធ្វើ​ឱ្យ​មាន​បញ្ហា​ជំងឺ​ស៊ាំ​នឹង​ថ្នាំ ​ហើយ​មិន​អាច​ព្យាបាល​ជំងឺ​នោះ ​បានជា​សះស្បើយ​។ នៅ​ប្រទេស​កម្ពុជា ​មិន​ទាន់​មាន​ឯកសារ​ផ្លូវការ​ថា​ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​ស្លាប់​ដោយសារ​តែ​ភា​ប​ស៊ាំ​នឹង​ថ្នាំ ( antimicrobial resistance)​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ភាពស៊ាំ​នឹង​ថ្នាំ​នេះ​ អាច​នឹង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មានការ​គ្រប់គ្រង​ការ​ប្រើប្រាស់​ឱ​ស​ថ​​មិន​បាន​ត្រឹមត្រូវ​។

នៅ​លើ​ពិភពលោក គេ​បាន​ប៉ាន់​ស្មានថា ​មាន​មនុស្ស​ចំនួន​រហូត​ដល់៧០០​.០០០​នាក់​​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​ដែល​ស៊ាំ​នឹង​ថ្នាំ (drug-resistant infections)​ជា​រៀង​រាល់​ឆ្នាំ​។ គេ​រំពឹង​ថា​ដល់​ឆ្នាំ​២០៥០ តួលេខ​នឹង​ឡើង​ខ្លាំង​ដល់​១០លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ដែល​ស្លាប់​ដោយសារ​តែ​បញ្ហា​នេះ​។ ចំ​ណែ​ការ​ខាតបង់​ជា​សេដ្ឋកិច្ច​ពិភពលោក​វិញ​នឹង​មាន​ចំនួន​រហូត​ដល់១០០ ០០០ ០០០ លាន​ដុល្លា​អា​មេ​រិ​ក​ឯណោះ​ ។

ប្រទេស​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​អោយ​បាន​ម៉ត់ចត់​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​សម្រាប់​ប្រជាជន​កម្ពុជា​នៅ​ពេល​អនាគត​។ ចំណែក​ប្រជាជន​កម្ពុជា​ខ្លួនឯង​ក៏​ត្រូវ​តែ​ចៀសវាង​ការ​ប្រើ​ថ្នាំ​ផ្តេសផ្តាស​ហើយ​មិន​ត្រូវ​ពឹងផ្អែក​លើ​ការ​ផ្សំ​ថ្នាំ​តាម​ឪ​ស​ថ​ស្ថាន​ដើម្បី​ព្យាបាល​ជំងឺ​របស់​ខ្លួន​ឡើយ​។ ចំណែក​គ្រូពេទ្យ​ក៏​ត្រូវ​តែ​ប្រើប្រាស់​ថ្នាំ​ដោយ​ប្រយ័ត្នប្រយែង​ទៅ​តាម​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​។ ឪ​ស​ថ​ស្ថាន​ទាំងឡាយ​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាប់​ការ​ផ្សំ​ថ្នាំ​ដល់​អ្នកជំងឺ​។

មនុស្ស​គ្រប់​គ្នា​ពិ​សេស​ក្រសួងសុខាភិបាល​មាន​ចំណែក​ទទួលខុសត្រូវ ​នៅ​ក្នុង​ការ​ទប់ស្កាត់​ភាពស៊ាំ​របស់​មេរោគ​ទៅ​នឹង​ថ្នាំ​ព្យា​បាល ពីព្រោះ​វា​ទាក់ទង​នឹង​ជីវិត​មនុស្ស​គ្រប់​គ្នា​។

ការ​បរាជ័យ​ណាមួយ​នៅ​ក្នុង​ការ​ទប់ស្កាត់​ភាពស៊ាំ​របស់​មេរោគ​នេះ​នឹង​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​អាច​នឹង​ស្លាប់​ដោយ​សារ​តែ​ការ​មាន​ជំងឺ​ដែល​ស៊ាំ​នឹង​ថ្នាំ ឬ​ក៏​ថ្នាំ​លែង​មាន​ប្រ​សិ​ទ្ឋ​ភាព​ព្យាបាល​ជំងឺ​ ៕