ការ​ពិត​អំពី គ្រួស​ក្នុង​តម្រង​នោម ដែល​អ្នក​ត្រូវ​ដឹង​!

ការ​ពិត​អំពី គ្រួស​ក្នុង​តម្រង​នោម ដែល​អ្នក​ត្រូវ​ដឹង​!


ការ​ពិត​អំពី គ្រួស​ក្នុង​តម្រង​នោម ដែល​អ្នក​ត្រូវ​ដឹង​!

​ជំងឺ​គ្រួស​ក្នុង​តម្រងនោម អាច​ជា​ជំងឺ​មួយ​ស្ងៀមស្ងាត់ ឬ​អាច​បង្ក​ជា​ការឈឺចាប់​ខ្លាំង​បាន​។ យ៉ាងណាមិញ មានរឿង​ច្រើនណាស់ ដែល​អ្នក​ត្រូវ​ដឹង អំពី​ការ​ពិត​មួយចំនួន​របស់​ជំងឺ​នេះ​។ មនុស្ស​ភាគច្រើន​ជឿថា ជំងឺ​គ្រួស​ក្នុង​តម្រងនោម អាច​កើតឡើង​ដោយសារ តែ​ការ​ញ៉ាំ​ទឹកកក​ច្រើន ដំណរ​ពូជ ឬ​កើតឡើង​តែ​លើ​មនុស្ស​ចាស់​ទេ​។ តើ​អ្វី​ជា​ការពិត របស់​ជំងឺ​នេះ​ទៅ​?

មនុស្ស​គ្រប់គ្នា សុទ្ធតែ​មាន​ឱកាស កើត​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​ទាំងអស់​
ទស្សនៈ​យល់ច្រឡំ ដែល​កើតមាន​ជា​ញឹកញាប់​ថា គ្រួស​តម្រងនោម កើតឡើង​តែ​លើ​មនុស្ស​ចាស់​នោះ​គឺ​មិន​អញ្ចឹង​នោះទេ​។ ប៉ុន្តែ​ការពិត គឺ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ទាំងអស់ ទាំង​ទារក​ទើបនឹង​កើត​រហូត​ដល់​មនុស្ស​ចាស់​។

មនុស្ស​ប្រុស ទំនង​ជា​កើត​គ្រួស​ក្នុង​តម្រង​នោម ច្រើន​ជាង​មនុស្ស​ស្រី​
ទោះបីជា​បុរស និង​ស្ត្រី​អាច​កើត​គ្រួស​ក្នុង​តម្រង​នោម ដូច​គ្នា​ក៏​ដោយ តែ​តាម​ស្ថិតិ​បានឲ្យដឹងថា មនុស្ស​ប្រុស ទំនង​ជា​កើត​ជំងឺ​នេះ ច្រើន​ជាង​មនុស្ស​ស្រី​។ រឿង​នេះ​មិនមែន​មានន័យថា មនុស្ស​ស្រី​មិន​កើត​ជំងឺ​នេះឡើយ ហើយ​ចំពោះ​រោគសញ្ញា​វា​វិញ គឺ​ដូចគ្នា​អញ្ចឹង​។

គ្រួស​ក្នុង​តម្រង​នោម អាច​គ្មាន​រោគសញ្ញា​រយៈពេល​យូរ​
អ្នក​ដែល​មាន​គ្រួស​ក្នុង​តម្រងនោម​តូចៗ  អាច​នឹង​គ្មាន​រោគសញ្ញា​ទាំងអស់ ក្នុង​ដំណាក់កាល​ដំបូង​។ គ្រួស​នេះ អាច​មាន​ក្នុង​តម្រង​នោម ដោយ​មិន​បង្ក​ការស្ទះ​ទឹកនោម ឬ​ប៉ះពាល់​ដល់​មុខងារ​តម្រងនោម​ឡើយ​។ យ៉ាងណាមិញ គ្រួស​ទាំងនេះ​អាច​មើលឃើញ តាមរយៈ​ការ​ថតកាំរស្មីអ៊ិច ឬ CT Scan លើ​ករណី​ជំងឺ​ផ្សេង​ទៅវិញ​ទេ​។

អ្នក​អាច​កើត​គ្រួស​ក្នុង​តម្រងនោម​ច្រើន​ជាង​ម្តង​
មាន​មនុស្ស​ច្រើនណាស់ ដែល​កើត​គ្រួស​ក្នុង​តម្រងនោម​ច្រើនជាង​ម្តង ហើយក៏​មាន​អ្នកខ្លះ មិនឃើញ​កើត​ម្តង​ទៀត​ដែរ ក្រោយពី​ព្យាបាល​រួច​។ ជាធម្មតា បើសិន​ជា​មនុស្ស​ម្នាក់ កើត​គ្រួសជា​លើក​ទី​ពីរ នោះ​គួរតែ​មាន​ការស្រាវជ្រាវ​បន្ថែមទៀត ទៅលើ​បញ្ហា​សរីរាង្គ​ក្នុង​ខ្លួន​ដូចជា តម្រង​នោម ក្រពេញ​ទី​រ៉ូ​អ៊ីត កម្រិត​វីតាមីន D ជាដើម​។

ការផ្លាស់ប្តូរ​របប​អាហារ និង​ការប្រើ​ថ្នាំ អាចជួយ​បង្ការ​ការ​កើត​ឡើង​វិញ នៃ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​បាន​
ពេលខ្លះ ការផ្លាស់ប្តូរ​របប​អាហារ និង​ការប្រើប្រាស់​ថ្នាំ អាច​នឹង​ត្រូវ​ធ្វើ ដើម្បី​បង្ការ​គ្រួស​ក្នុង​តម្រង​នោម​។ ការកាត់បន្ថយ​ការ​ញ៉ាំ​សាច់ ជាតិ​កាល់ស្យូម អាហារ​កែឆ្នៃ និង​ជាតិ​ប្រៃ អាចជា​រឿង​មាន​ប្រយោជន៍​។ យ៉ាងណាមិញ គួរតែ​ញ៉ាំ​អាហារ​គ្រប់​ប្រភេទ​ក្នុង​កម្រិត​មធ្យម​។ មាន​មនុស្ស​ជាច្រើន ចៀសវាង​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម ដើម្បី​កុំឲ្យ​កើត​ជំងឺ​នេះ​ម្តងទៀត​។ តែ​កាល់ស្យូម គឺជារ​សារធាតុ​ដ៏​សំខាន់​ក្នុង​រាងកាយ​ដែរ​។ ករណី​អ្នកជំងឺ​កើត​គ្រួស​ក្នុង​តម្រងនោម​ប្រភេទ Calcium Oxalates ម្តង​ហើយ​ម្តងទៀត ការ​ញ៉ាំ​របប​អាហារ​មាន​ជាតិ​កាល់ស្យូម អាច​ជួយ​បង្ការ​កុំឲ្យ​កាល់ស្យូម តោង​នឹង​សារធាតុ Oxalates ពី​ចំណីអាហារ និង​កុំឲ្យ​វាចូល​ចរន្តឈាម និង​តម្រងនោម​បង្កើត​ជា​គ្រួស​បាន​។ ដូច្នេះ ការ​ញ៉ាំ​អាហារ​ក្នុង​កម្រិត​មធ្យម គឺជា​រឿង​ដ៏​សំខាន់​ក្នុង​ការគ្រប់គ្រង និង​បង្ការ​គ្រួស​ក្នុង​តម្រងនោម​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។