ឆ្ងល់? ដេក​បន្ទប់​ផ្សេង​គ្នា តែ​រំលោភ​បាន​សម្រេច

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​នៅផ្ទះ​សំណាក់​យីហោ «​ប៊ុ​ន​ឈ​ន​» ក្នុង​បន្ទប់​លេខ​១៦ កាលពី​វេលា​ម៉ោង​០៣​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ២០១៦ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​ស្ត្រី​ម្នាក់ បាន​ស្រែក​ផ្អើល​ឆោឡោ​ប្តឹង​ម្ចាស់ផ្ទះ​សំណាក់​ថា បុរស​ម្នាក់​ចូល​ទៅ​ចាប់រំលោភ​នាង រហូត​បាន​សម្រេច ។ តែ​ហេតុការណ៍​ផ្អើល​នេះ នៅ​យប់​ពេក គេ​មិន​បាន​ចាត់ការ​បែប​ណា​នោះ​ទេ ដោយ​រង់ចាំ​ព្រឹក ទើប​រាយការណ៍​ជូន​សមត្ថកិច្ច​ដោះស្រាយ បន្ត ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មាន​អាយុ​២៧​ឆ្នាំ (​ជា​ស្ត្រី​មេម៉ាយ​) ។ ចំណែក​បុរស​ដែល​រង​ការ​ចោទប្រកាន់ ឈ្មោះ​សុទ្ធ សុ​ធន់ អាយុ​៣១​ឆ្នាំ ជា​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​នប់ សង្កាត់​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បច្ចុប្បន្ន ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​ត្រូវ​គេ​ដឹង​ថា ពួក​គេ​ទាំង​២​នាក់​បាន​ចូល​ក្លិប​មួយ​កន្លែង នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ តែ​មិនដឹង​ថា ពួក​គេ​ស្គាល់គ្នា​ឬ​មិន​ស្គាល់គ្នា​ទេ ។ បន្ទាប់​មក ពួក​គេ​ចូល​ទៅ​ផ្ទះសំណាក់​ដេក ដោយ​បុរស​ដេក​បន្ទប់​លេខ​៧ រីឯ​នារី​ដេក​បន្ទប់​លេខ​១៦ ។ ភាគី​បុរស​ត្រូវ​ដឹង​ទៀត​ថា បាន​ផឹកស្រា​បៀរ​អស់​៦​កំប៉ុង (ABC) នៅ​ក្នុង​ក្លិប​ស្រវឹង​ទៅ​ហើយ ។ ស្រាប់តែ​នៅ​ម៉ោង​០៣​ទៀប​ភ្លឺ​នោះ ស្រាប់តែ​ស្ត្រី​រង​គ្រោះ​បាន​រត់​ចេញពី​បន្ទប់​ស្រែក​ដោយ​ប្តឹង​ម្ចាស់ផ្ទះ​សំណាក់​ថា បុរស​នោះ​ចូល​ទៅ​ចាប់រំលោភ​នាង​ក្នុង​បន្ទប់ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ដដែល​នេះ សមត្ថកិច្ច​ក៏​បាន​នាំ​បុរស​ខាងលើ ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ដោយ​ត្រូវ​ស្ត្រី​រង​គ្រោះ​បាន​ទាមទារ​សំណង​២​ពាន់​ដុល្លារ ដើម្បី​បញ្ចប់រឿង តែ​ខាង​ភាគី​ខាង​ប្រុស នៅ​មិន​ទាន់​មាន​ចម្លើយ​នោះ​ទេ ។