អ៊ីរ៉ង់នាំប្រេងទៅកាន់ឥណ្ឌាប្រមាណ៣៥០ពាន់បារ៉ែលក្នុងមួយថ្ងៃ

មានប្រសាសន៍ក្រោយជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌា លោក Dharmendra Pradhan រដ្ឋមន្ត្រីក្រសួងថាមពលប្រេងអីុរ៉ង់ លោក BijanZanganehបាន ឲ្យដឹងថា ប្រទេសអ៊ីរ៉ង់កំពុងតែនាំប្រេងទៅកាន់ឥណ្ឌាប្រមាណ ៣៥០ ពាន់បារ៉ែលក្នុងមួយថ្ងៃ ហើយភាគីទាំងពីរសង្ឃឹមថា នឹងបន្ត កើនឡើងខ្ពស់ទៀតក្នុងពេលខាងមុខ ។

នៅក្នុងជំនួបលើកនេះ រដ្ឋមន្ត្រីក្រសួងថាមពលប្រេងប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនវិស័យក្នុងនោះមានថាមពលប្រេង និងការវិនិយោគ លើវិស័យប្រេង ។ លោក Pradhanបញ្ជាក់ថា ឥណ្ឌានឹងវិនិយោគជាទឹកប្រាក់ ២០ពាន់លានដុល្លារ ទៅលើកំពង់ផែ Chabahar ដែលជាកំពង់ផែដ៏សំខាន់បំផុតនៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ ។

កន្លងមករដ្ឋមន្ត្រីថាមពលប្រេងឥណ្ឌាបានបញ្ជាក់ថា ក្រុមហ៊ុនប្រេងឥណ្ឌា មានបំណងចង់វិនិយោគទៅលើវិស័យប្រេងនៅក្នុងប្រទេសអីុរ៉ង់ ។ កាលពីសប្តាហ៍មុន បណ្តាញព័ត៌មានឥណ្ឌាបានផ្សាយថា ឥណ្ឌាកំពុងតែខិតខំបង្កើន ការនាំចូលប្រេងឆៅពីប្រទេសអីុរ៉ង់ក្រោយពេលច្បាប់ដាក់ទណ្ឌកម្មទៅលើប្រទេសអីុរ៉ង់ត្រូវបានលុបចោល ។ តាមគម្រោងឥណ្ឌានឹង ត្រូវនាំចូលប្រេងពីប្រទេសអីុរ៉ង់យ៉ាងតិចបំផុត ត្រឹម៤សែនបារ៉ែលក្នុងមួយថ្ងៃទើបអាចធានាការផ្គត់ផ្គង់ថាមពលប្រេងប្រើប្រាស់ នៅ ក្នុងស្រុកបានល្អប្រសើរ ។

ក្រុមអ្នកឯកទេសបញ្ជាក់ថា អីុរ៉ង់កំពុងតែបង្កើនការនាំ ប្រេងចេញទៅខាងក្រៅឲ្យបានច្រើនបំផុតដែលអាចធ្វើទៅបាន ក្រោយពេលសហគមន៍អន្តរជាតិបញ្ចប់ទណ្ឌកម្មទៅ លើប្រទេសនេះក្រោយពេលដែលអីុរ៉ង់បានព្រមព្រៀងទៅលើកម្មវិធីបរមាណូជាមួយប្រទេសលោកខាងលិច។កន្លងមកអីុរ៉ង់ក៏បាននាំប្រេងជាច្រើនទៅកាន់ទីផ្សារក្នុងតំបន់អឺរ៉ុបដែលកំពុងតែត្រូវការថាមពលជាចាំបាច់ក្រោយពេលអឺរ៉ុបបានដាក់ទណ្ឌកម្មទៅលើវិស័យសេដ្ឋកិច្ច រុស្ស៊ី ។

នៅពេលដែលរុស្ស៊ីទទួលរងការដាក់ ទណ្ឌកម្មពីអាមេរិកនិងលោកខាងលិចដោយសារតែពាក់ព័ន្ធបញ្ហាប្រទេសអ៊ុយក្រែនពិសេសក្រោយពេលដែលរុស្ស៊ីបានដាក់បញ្ចូលតំបន់គ្រីមៀររបស់អ៊ុយក្រែនចូលក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុង មូស្គូ ។ ការដាក់ទណ្ឌកម្មនោះបានក្លាយទៅជាឧកាសដ៏ល្អ សម្រាប់អីុរ៉ង់នាំប្រេងចេញក្រៅជំនួសរុស្ស៊ី ។

កន្លងមកតំបន់អឺរ៉ុបអាស្រ័យទៅលើថាមពលប្រេងនាំចូលពីប្រទេសរុស្ស៊ី ប៉ុន្តែក្រោយដាក់ទណ្ឌកម្មហើយអឺរ៉ុបកាត់ បន្ថយការទិញប្រេងពីរុស្ស៊ីនោះអីុរ៉ង់ក៏បានទៅជំនួសកន្លែងរុស្ស៊ីបានយ៉ាងល្អបំផុត ៕

អ៊ីរ៉ង់នាំប្រេងទៅកាន់ឥណ្ឌាប្រមាណ៣៥០ពាន់បារ៉ែលក្នុងមួយថ្ងៃ

ប្រភព៖ nokorwatnews

  • អ៊ីរ៉ង់នាំប្រេងទៅកាន់ឥណ្ឌាប្រមាណ៣៥០ពាន់បារ៉ែលក្នុងមួយថ្ងៃ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:ជីវិតនិងសង្គម
Tags: