Stoke នឹងដេញថ្លៃក្នុងទឹកប្រាក់១២លានផោនដើម្បីនាំ យក Lemina ពី Juventus

ក្លិប Stoke City កំពុងត្រៀមផ្តល់សំណើដេញថ្លៃក្នុងទឹកប្រាក់ប្រមាណជា១២លានផោន (ស្មើនឹង១៥,៧លានដុល្លារអាមេរិក) ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិហ្គាបុង Mario Lemina ពីក្លិប Juventus ខណៈដែលលោក Mark Hughes ចាប់ផ្តើមធ្វើការពង្រឹងក្រុមរបស់ខ្លួន នៅមុនពេលរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League។

Nampalys-Mendy-ft-16

Lemina ដែលបានចូលរួមជាមួយនឹងក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus ពីក្លិប Marseille ក្នុងតម្លៃខ្លួន៧,៥លានផោនកាលពីខែមេសា ក្រោយពីបានចំណាយពេលក្នុងនាមជាកីឡាករកម្ចីនៅឯទីក្រុង Turin នោះ ក៏ធ្លាប់ជាគោលដៅទិញពីសំណាក់ក្លិប Leicester ក្នុងពេលបើកទីផ្សារដោះដូរកីឡាករផងដែរ នៅមុនពេលពួកគេបានធ្វើការជ្រើសរើសក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Nampalys Mendy ជំនួសវិញ។

ប៉ុន្តែ បើទោះបីកីឡាករ Glen Whelan ទើបតែបានបន្តកុងត្រាថ្មីរយៈពេលមួយឆ្នាំទៀតនៅសប្តាហ៍នេះក៏ដោយ លោក Mark Hughes អ្នកចាត់ការទូទៅរបស់ក្លិប Stoke ពិតជាចង់ពង្រឹងតំបន់បម្រើរបស់លោក ហើយ Lemina បានក្លាយជាគោលដៅដ៏សំខាន់របស់ពួកគេ។

ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះ អាចលេងជាខ្សែបម្រើការពារ និងបានបង្ហាញខ្លួនចំនួន៧លើករួចជាស្រេចក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A ខណៈដែល Juventus បានការពារពានក្របខ័ណ្ឌកំពូលរបស់អ៊ីតាលីយ៉ាងជោគជ័យកាលពីរដូវកាលមុន។ បច្ចុប្បន្ន Juventus ពិតជាចង់ទទួលបានសាច់ប្រាក់ត្រឡប់មកវិញ ក្រោយពីបានទិញកីឡាករ Miralem Pjanic កាលពីដើមរដូវកាលនេះ៕

ប្រភពព័ត៌មាន៖ The Guardian