FA កំពុងសម្ភាសលោក Allardyce សម្រាប់ការងារក្នុងក្រុមអង់គ្លេស

ក្លិប Sunderland បានអនុញ្ញាតឲ្យសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសហៅកាត់ថា FA ធ្វើការពិភាក្សាជាមួយនឹងអ្នកចាត់ការទូទៅរបស់ពួកគេគឺលោក Sam Allardyce អំពីតំណែងក្នុងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ។

Sam-Allardyce=ft16

លោក Allardyce វ័យ៦១ឆ្នាំ គឺជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពនាំមុខគេដើម្បីជំនួសតំណែងរបស់លោក Roy Hodgson ដែលបានលាលែងពីតំណែងកាលពីខែមុន ក្រោយពីការធ្លាក់ចេញដ៏អាម៉ាស់របស់អង់គ្លេស ពីការប្រកួតព្រឹត្តិការណ៍ Euro ក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ីស្លង់។ បើយោងទៅតាមបណ្តាញសារព័ត៌មានចក្រភពអង់គ្លេស ក្លិប Sunderland បានឲ្យដឹងថា ការលើកឡើងផ្សេងៗជុំវិញអនាគតរបស់លោក Allardyce ដែលត្រូវបានសម្ភាសរួចជាស្រេចដោយក្រុមប្រឹក្សារបស់ FA នោះ ពិតជាកំពុងតែផ្តល់បញ្ហាដល់ក្លិបនេះ។

ក្លិប Sunderland ដែលបានគេចផុតពីតំបន់កាត់ចោលទាំងត្រដាបត្រដួសកាលពីរដូវកាលមុន បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោក Sam គឺជាមនុស្សដ៏សំខាន់ក្នុងផែនរបស់យើង។ ក្រោយពីការប្រជែងយ៉ាងខ្លាំងក្លាក្នុងរដូវកាលមួយ យើងពិតជាចង់ឃើញស្ថិរភាពទាំងនៅលើទីលាន និងក្រៅទីលាន ហើយយើងចង់ឲ្យរូបគេលោកនៅតែបន្តតំណែងជាអ្នកចាត់ការទូទៅនៃក្លិបបាល់ទាត់របស់យើង»៕

ប្រភពព័ត៌មាន៖ Channel News Asia