ប៉េអឹម​តាម​ដេញ​ចាប់​ក្រុម​កាប់​ប្លន់​មិនបាន​ ត្រឡប់មកវិញ​ចាប់​បាន​ចោរឆក់​

ប៉េអឹម​តាម​ដេញ​ចាប់​ក្រុម​កាប់​ប្លន់​មិនបាន​ ត្រឡប់មកវិញ​ចាប់​បាន​ចោរឆក់​



ភ្នំពេញ ៖ រយៈពេល​កន្លះ​ម៉ោង​សោះ​ នៅ​ក្នុង​ខណ្ឌដូនពេញ​ មាន​ករណី​ប៉ុនប៉ង​កាប់​ប្លន់​យក​ម៉ូតូ​មិនបាន​សម្រេច និង​ករណី​ឆក់​ទូរស័ព្ទ​ជនបរទេស​ ហើយ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ដេញ​បង្ក្រាប​ និង​ចាប់​បាន​ជនសង្ស័យ​ជំនាញ​ខាង​ឆក់​ដ៏​សកម្ម​ម្នាក់ ​ព្រមទាំង​ដកហូត​ម៉ូតូ​មួយ​គ្រឿង​ដែល​ជា​មធ្យោបាយ​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​ឆក់​ផង​ដែរ។

ហេតុការណ៍​លើក​ទី​១​ប៉ុនប៉ង​កាប់​ប្លន់​យក​ម៉ូតូ​កើតឡើង​នៅ​វេលា​ម៉ោង ២១​យប់​ថ្ងៃទី១៣ ខែ​កក្កដា​ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​១៤៨​កែង​នរោត្តម សង្កាត់​ផ្សារកណ្តាល​ទី​២​ ខណ្ឌដូនពេញ​ និង​ករណី​ទី​២​ឆក់​ទូរស័ព្ទ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ​តាម​បណ្ដោយ​ផ្លូវ​៥១​កែង​១៨៤ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌ​ដូនពេញ។

មន្ត្រី​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទទួល​បាន​នូវ​ព័ត៌មាន​ប៉ុនប៉ង​កាប់​ប្លន់​យក​ម៉ូតូ ស៊ុយ​ស៊ុយ​គីនិច ពណ៌​ក្រហម​១​គ្រឿង​ តែ​មិនបាន​សម្រេច​ដែល​មាន​ជនសង្ស័យ​គ្នា​៣​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រីម​សង់​ពណ៌​ខ្មៅ នៅ​ពេល​ផ្អើលឆោឡោ​នោះ អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ បាន​ជិះ​ដេញ​តាម​ប្រកិត​ពីក្រោយ​រហូតដល់​វត្ត​ស្ទឹងមានជ័យ​ក៏​បាត់ដាន ដោយសារតែ​ជនសង្ស័យ​ជិះ​ចូល​តាម​ច្រក​ចំហៀង​វត្ត ។

មន្ត្រី​អាវុធហត្ថ​បាន​បន្ត​ទៀត​ថា ​បន្ទាប់ពី​បាត់ដាន​ជនសង្ស័យ​ទាំងនោះ ​ហើយ​កម្លាំង​អាវុធហត្ថ​ក៏​ត្រឡប់​មក​គោលដៅ​វិញ​ ពេល​ជិះ​ដល់​ម្តុំ​ស្តុប​អាងទឹក ក៏​មាន​គេ​បោះដៃ​ប្រាប់​ថា មាន​ករណី​ឆក់​ទូរស័ព្ទ​ជនបរទេស​បាន​សម្រេច នៅ​ផ្លូវ​១៨៤​កែង​៥១ ហើយ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ជិះ​ដល់​ផ្លូវ​នេរុហ៍​កាត់​តាម​ស្តុប​អាងទឹក ក៏​ឃើញ​មុខសញ្ញា​ជិះ​កាត់​មែន ហើយក៏​ដេញ​តាម​រហូតដល់​ផ្លូវ​នេរុហ៍​កែង​១៥៦ ទើប​ចាប់​បាន​ម្នាក់​ ដោយសារតែ​ជនសង្ស័យ​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត តូ​យូ​តា​ប្រូស ដួល​សន្លប់​របួសធ្ងន់។ លុះ​ពេល​ជនសង្ស័យ​រូប​នោះ ​ដឹងខ្លួន​វិញ​ ក៏​នាំមក​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​រួម​ជាមួយ​ម៉ូតូ​ឌ្រីម​ឆ្នាំ​២០១៦​ពណ៌​ខ្មៅ​អត់​ស្លាក់​លេខ​ ជា​របស់​ជនសង្ស័យ។តែ​ដោយសារ​ជនសង្ស័យ​រូប​នោះ ​របួសធ្ងន់​អាវុធហត្ថ​ក៏​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ជួយ​សង្គ្រោះ​សិន​ ទើប​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ចាត់ការ​បន្ត​ទៀត​៕

ប៉េអឹម​តាម​ដេញ​ចាប់​ក្រុម​កាប់​ប្លន់​មិនបាន​ ត្រឡប់មកវិញ​ចាប់​បាន​ចោរឆក់​

ប៉េអឹម​តាម​ដេញ​ចាប់​ក្រុម​កាប់​ប្លន់​មិនបាន​ ត្រឡប់មកវិញ​ចាប់​បាន​ចោរឆក់​