​​គ្រូ U16 កម្ពុជា​៖​ កីឡាករ​លេង​កាន់​តែ​ល្អ បើ​មានអ្នក​គាំទ្រ​កាន់​តែ​ច្រើន​

​​លោក Inoue Kazunori ​គ្រូ​បង្វឹក​ក្រុមបាល់ទាត់​​​​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៦​ឆ្នាំ​​ បាន​​លើក​ឡើង​ថា ​បើ​សិន​អ្នក​គាំទ្រ​ចូល​មើល​កាន់​តែ​ច្រើន កីឡាករ​របស់លោក​​ នឹង​លេង​កាន់​តែ​ល្អ​ជាង​នេះ​​ នា​ប្រកួ​ត​របស់​កម្ពុជា​ក្រោយ​ៗ​ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ AFF U-16 Championship 2016 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ទឹក​ដី​ប្រទេស​កម្ពុជា។

 

 ​​គ្រូ U16 កម្ពុជា​៖​ កីឡាករ​លេង​កាន់​តែ​ល្អ បើ​មានអ្នក​គាំទ្រ​កាន់​តែ​ច្រើន​លោក Inoue Kazunori

​​​

លោក Inoue Kazunori ​​បាន​ឲ្យ​ដឹង​ថា លោក​មើល​ឃើញ​​​អ្នក​គាំទ្រ​ស្រែក​ហោរ​​ឡើង កីឡាករ​របស់​លោក​មាន​សន្ទុះ​នៃ​ការ​លេង​​នៅ​លើ​ទីលាន​កាន់​តែ​ខ្លាំង។ អ្វី​ដែល​ពិសេស​នោះ​គ្រប់​កីឡាករ​ទាំង​អស់ ហាក់​ប្រឹង​ប្រែង​ខ្លាំង​មែន​ទែន ​ហើយ​បង្ហាញ​បាន​ល្អ​ ជាង​​​​​ពេល​​ហ្វឹកហាត់​ជាមួយ​លោក​ទៅ​ទៀត។

 

​​​លោក​ជឿ​ថា នៅ​ពេល​អ្នក​គាំទ្រ​ចូល​រួម​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​​ច្រើន អាច​ជា​ប្រយោជន៍​មួយ​យ៉ាង​ធំ​ ដល់​កីឡាករ​ក្នុង​​ការ​ចូល​រួម​ចំណែក​​​ជំរុញ​ទឹក​ចិត្ត​ពួក​គេ។ ​កម្ពុជា​នៅ​សល់​ពីរ​ប្រកួត​ទៀត​ក្នុង​ពូល B ដែល​សុទ្ធ​តែ​ជា​ជំនួប​​លំបាក ហេតុ​នេះ​លោក​សូម​ឲ្យ​អ្នក​គាំទ្រ​មក​លើក​ទឹកចិត្ត​​ឲ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​អាច​ឲ្យ​កម្ពុជា​បាន​ឡើង​ទៅ​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​​នៃ​ពាន​រង្វាន់​ខាង​លើ។

 

​​​​ក្រុម​​បាល់ទាត់ U16 កម្ពុជា​ចាប់ផ្ដើម​ពីរ​ប្រកួត​ដំបូង​វគ្គ​ជម្រុះ​តាម​ពូល​ ​យក​ឈ្នះ​ U16 ឡាវ ៣-១​ និង​យប់​មិញ​យក​ឈ្នះ U16 ប្រ៊ុយណេ ២-០។ ពីរ​ប្រកួត​បន្ទាប់​ម្ចាស់​ផ្ទះ​មួយ​នេះ នឹង​ស្វាគមន៍​ក្រុម​ខ្លាំង​ជើង​ឯក​ឆ្នាំ​ចាស់ U16 ថៃ នា​ថ្ងៃ​ទី១៧ ខែ​កក្កដា និង​ថ្ងៃ​ទី១៩ ខែ​កក្កដា ​ឆ្នាំ​២០១៦ ប៉ះ​ជើង​ខ្លាំង​ U16 ទីម័រខាងកើត​។

 

ពីរ​ប្រកួត​ចុង​ក្រោយ​របស់​កម្ពុជា​​នេះ នឹង​​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​វេលា​ម៉ោង ៦:៣០​នាទី​ដូច​គ្នា និង​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ MY TV ផង​ដែរ៕

 

​​គ្រូ U16 កម្ពុជា​៖​ កីឡាករ​លេង​កាន់​តែ​ល្អ បើ​មានអ្នក​គាំទ្រ​កាន់​តែ​ច្រើន​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​