មាន​៤ប្រទេស​ ចង់​ឲ្យ ខាន់ ជេមស៍ ទៅ​ច្រៀង ប៉ុន្តែ​…

តារា​ចម្រៀង ខាន់ ជេមស៍ បាន​បង្ហើប​ឲ្យ Sabay ដឹង​ថា បច្ចុប្បន្ន​​នេះ​ មាន​ប្រទេស​ធំៗ​ចំនួន៤ ចង់​បាន​លោក​ទៅ​ច្រៀង ប៉ុន្តែ​ការ​ចេញទៅ​នោះ ​ចំ​ពេល​ដែល​ទីផ្សារ​ក្នុង​ស្រុក​កំពុង​មមាញឹក ដូច្នេះ​ហើយ​លោក​បាន បដិសេធន៍។

 

 

មាន​៤ប្រទេស​ ចង់​ឲ្យ ខាន់ ជេមស៍ ទៅ​ច្រៀង ប៉ុន្តែ​…
លោក​បាន​រៀបរាប់​ឲ្យ​ដឹង​ថា Sponsor ដែល​ចង់​បាន​​លោក​​ទៅ​ច្រៀងនោះ មាន ប្រទេស កាណាដា សហរដ្ឋអាមេរិក ជប៉ុន និង បារាំង។ “ពួក​គាត់​ចង់​បាន​ខ្ញុំ​ទៅ​​ក្នុង​ខែ​១០ -១១ – ១២ គឺ​ចំ​ពេល​​ខ្ញុំ​រវល់​ខ្លាំង តែ​បើ​ទៅ​ខែ៧-៨ ទៅ​បាន អីចឹង​អត់​ទៅ​តែ​ម្ដង” ខាន់ ជេមស៍ លើ​កឡើង។
 

តារា​ចម្រៀង​​មាន​កំណើត​មក​ពី​ខេត្ត​តាកែវ​រូប​នេះ​ ​បាន​លើក​ឡើង​ទៀត​ថា ទីផ្សារ​​សិល្បៈ​នៅ​ប្រទេស​កម្ពុជា ​ជា​ពិសេស​តារា​ចម្រៀង​តែ​ម្ដង​តែងតែ​រវល់​ខ្លះ​នៅ​រដូវ​ចុង​ឆ្នាំ ព្រោះ​រដូវ​នេះ​​​​មាន​ក្រុមហ៊ុន​​ច្រើន​​ធ្វើ​កម្មវិធី​ជប់លៀង​ ក៏​ដូច​​សម្ពោធ​​ផលិតផល​ថ្មី​ជា​​ដើម ។ ក្នុង​នោះ​ដែរ Agency តែង​ទាក់​ទង​កក់​ទុក​​​មុន ដូច​នេះ​ការ​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស មិន​សូវ​ជា​មាន​តារា​ចម្រៀង​ល្បីៗ​ច្រើន​ចេញ​ទៅ​ទេ ត្បិតអី​ទីផ្សារ​ក្នុង​ស្រុក​ ក៏​រក​ប្រាក់ មិន​ចាញ់​ទៅ​ក្រៅ​ប្រទេស​នោះដែរ។
 

ទោះបី​ជា​ឆ្លើយ​បដិសេធន៍​ទៅ​នឹង​ម្ចាស់ Sponsor យ៉ាង​ណា​ក្ដី ក៏​មិន​មែន​មាន​ន័យ​ថា លោក​អស់​ឧកាស​បាន​ទៅ​ច្រៀង​នៅ ប្រទេស​ទាំង​៤នោះ​ដែរ ។ ខាន់ ជេមស៍ ថា Sponsor​​ទាំង​​អស់ នៅ​តែ​ចាំ​ទទួល​យក ប្រសិន​លោក​ឆ្លើយ​អូខេ​។
 

មាន​៤ប្រទេស​ ចង់​ឲ្យ ខាន់ ជេមស៍ ទៅ​ច្រៀង ប៉ុន្តែ​…
តាម​​ការ​លើក​ឡើង​របស់​តារា​ចម្រៀង​ដែល​ទើប​សម្ពោធ​ហាង​ផឹក​ស៊ី​ជាង​២២ម៉ឺន​​ដុល្លារ​ខាង​លើ សម្រាប់​ការ​ចេញ​ទៅ​ច្រៀង​នៅ​​ក្រៅ​ប្រទេស លោក ធ្លាប់​បាន​ទៅ​ច្រៀង​បាន​៦ប្រទេស​មក​ហើយ ក្នុង​នោះ​​មាន ប្រទេស​អូស្ត្រាលី ក្នុង​ឆ្នាំ២០០៨ ប្រទេស កាណាដា ក្នុង​ឆ្នាំ២០១០ សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ២០១១ ប្រទេស ជប៉ុន ក្នុង​ឆ្នាំ២០១៣ ប្រទេស​កូរ៉េ និង បារាំង មិន​ចាំ​ឆ្នាំ។
 

ថ្មីៗ​នេះ​ទៀត​សោត ខាន់ ជេមស៍ ត្រូវ​បាន​ប្រទេស​កាណាដា ផ្ដល់​សិទ្ធិ​ឲ្យ​ទៅ​ច្រៀង​នៅ​ប្រទេស​របស់​គេ ​រហូត​ដល់​ទៅ ៥ឆ្នាំ ឯណោះ ខណៈ​ដែល​លោក​​ស្នើ​សុំ​តែ​១ខែ​​ប៉ុណ្ណោះ ៕
អត្ថបទ៖ ខុត សីហា