សុគន្ធ​ ថេរ៉ាយុ ​ផ្អាក​ច្រៀង​បទ​ចម្លង​មួយ​រយៈ

តារា​ចម្រៀង​ផលិត​កម្ម​ថោន​ សុគន្ធ​ ថេរ៉ាយុ ថ្លែង​មក​កាន់​ Sabay ​ថា ​​លោក​បាន​សម្រេច​ផ្អាក​​ច្រៀង​បទ​ចម្លង​មួយ​រយៈ​សិន​ ដោយសារ​ពេល​នេះ​ កំពុង​តែ​ត្រៀម​បញ្ចេញ​ស្នាដៃ​និពន្ធ​ថ្មី​ដែល​ជា​ប្រភេទ ​​​Solo ​អាល់ប៊ុម ​ចំនួន​ ៩ទៅ​១០​បទ​សម្រាប់​តម្រូវ​ការ​ទី​ផ្សារ ​ក៏​ដូច​ជា​ការ​ទន្ទឹង​ចង់​បាន​ពី​ទស្សនិកជន​ផង​ដែរ។

 

“បាទ​…ឥឡូវ​នេះ​ បទ​ចម្រៀង​ ខ្ញុំ​អត់​សូវ​មាន​ចេញ​នៅ​ក្នុង​ផលិត​កម្ម​ទេ ដោយសារ​ពេល​នេះ​ កំពុង​ត្រៀម​ធ្វើ​បទ​និពន្ធ​ថ្មីៗ​ដើម្បី​ចែក​ជូន​បងប្អូន​ស្ដាប់​កម្សាន្ត ​និង​ជា​ចំណី​អារម្មណ៍​មួយ​ប្លែក​ដល់​អ្នក​​គាំទ្រ”។ សុគន្ធ ថេរ៉ាយុ រៀប​រាប់​។

 

សុគន្ធ​ ថេរ៉ាយុ ​ផ្អាក​ច្រៀង​បទ​ចម្លង​មួយ​រយៈ

 

តារា​មាន​ស្រុក​កំណើត​ក្នុង​ទឹក​ដី​រាជធានី​នេះ​​ បញ្ជាក់​ថា​ ការ​ប្រឡូក​សិល្បៈ​របស់​លោក​យូរ​ក្រែល​ហើយ​ដែរ ដូច្នេះ​គួរ​តែ​ដល់​ពេល​ធ្វើ​អ្វី​ដែល​ថ្មីៗ​ដើម្បី​បន្សល់​ស្នាដៃ​​ក្នុង​វិស័យ​ចម្រៀង​មួយ​នេះ​។​មួយ​វិញ​ទៀត​ លោក​ប្រាប់​ថា​​ នឹង​បញ្ឈប់​​ចម្រៀង​បទ​កូពី​ទាំង​ស្រុង​កាល​ណា​ បទ​ស្នាដៃ​និពន្ធ​ថ្មី​លោក​ទទួល​បាន​ការ​គាំ​ទ្រ​ត្រឡប់​មក​វិញ​។

 

យ៉ាង​ណា​មិញ​ម្ចាស់​បទ​ “មហារីក​បេះដូង” បន្ថែម៖ “​កាល​ពីមុន​ខ្ញុំ​ក៏​មាន​បទ​ ស្នាដៃ​និពន្ធ​ថ្មី​ដែរ​ ប៉ុន្តែ​មក​ពី​បងប្អូន​មិន​ធ្លាប់​ចាប់​អារម្មណ៍​។ យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​ឲ្យ​បងប្អូន​ខ្មែរ ​ក៏​ដូច​ជា​​ប្រទេស​ជាតិ​សម្បូរ​ទៅ​ដោយ​ស្នាដៃ​បទ​ចម្រៀង​ថ្មី​”៕

 

អត្ថបទ៖ ថា ម៉ាលីដា