យី​មិន​ខ្លាច​ស្លាប់​ទេ​អី ទៅ​តោង​ដូច​ស្វា​លើដំបូល​បែប​នេះ

រាជធានី​ភ្នំពេញ ៖ យុវជន​វ័យក្មេង​ម្នាក់​បាន​ផ្លោះ​ចេញពី​បង្កាន់ដៃ​លើដំបូល​ជាន់​ទី​២​ទៅ​ឈរ​តោង​ដូច​ស្វា​បម្រុង​លោត​ទម្លាក់​ខ្លួន ព្រមទាំង​យក​ដំបង​និង​ដុំឥដ្ឋ​រក​គប់​អ្នក​ជិតខាង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជិត​២​ម៉ោង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​២០០២ នៅ​ចំណុច​ផ្ទះល្វែង ស្ថិត​នៅ​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

យុវជន​​នោះ​ឈ្មោះ ទុន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ជា​មនុស្ស​បែក​ថ្នាំ​យូរមកហើយ ។

ប្រភព​ព័​ត៌​មា​ជុំវិញ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា យុវជន​ខាងលើ​នេះ​បាន​ញៀន​ថ្នាំ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ និង​ធ្លាប់​ទៅ​មណ្ឌល​ឱកាស​ខ្ញុំ​២​ដង​ហើយ ដោយ​ទៅ​ម្តង​រយៈពេល​៣​ខែ ប៉ុន្តែ​ពេល​ដែល​ម្តាយ​បានឃើញ​កូន​របស់​ខ្លួន​បានជា​ផ្តាច់​ចេញ​ឆ្ងាយ​ពី​គ្រឿងញៀន​ក៏​ឲ្យ​ចេញពី​មណ្ឌល​ត្រឡប់​មក​ផ្ទះ​វិញ គឺ​នៅ​ដដែល ។ កន្លង​មក​យុវជន​ខាងលើ​ធ្លាប់​ធ្វើការ​ជា​បុគ្គលិក​ចាប់​កាមេរ៉ា​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​បាន​កន្លះ​ខែ បាន​ស្គាល់​មិត្ត​ភ​ក្កិ​ដែល​ជាប់​នៅ​មណ្ឌល​ជាមួយ​គ្នា ហើយ​បាន​ចាញ់បោក​អស់​ម៉ូតូ​ស្កុប​ពី​១​គ្រឿង ដោយ​មិត្ត​ភ័ក្តិ​លួង​ឲ្យ​ដាក់​ម៉ូតូ​ស៊ីចាយ និង​ជក់​គ្រឿងញៀន​ជាមួយ​គ្នា​ទៀត ។

ប្រភព​បន្ត​ទៀត​ថា ដោយសារ​តែ​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​លើស​កម្រិត ធ្វើ​ឲ្យ​យុវជន​ខាងលើ​បែក​ថ្នាំ​រវើរវាយ​បាន​វាយ​កញ្ចក់​ទ្វារ​បង្អួច​បែក​ខ្ចាត់ខ្ចាយ ហើយ​រត់​ចេញ​ទៅ​ក្រៅ​ផ្ទះ យក​ខ្សែក្រវាត់​ទៅ​វាយ​អ្នក​ដែល​រស់នៅ​ជិត​ផ្ទះ​គ្នា​បណ្តាល​ឲ្យ​បែកក្បាល រួច​ឡើង​ទៅ​លើដំបូល​ផ្ទះ​ជាន់​ទី​២​ទៅ​ឈរ​តោង​នៅ​ក្រៅ​បង្កាន់ដៃ​ដំបូល បម្រុង​នឹង​លោត​ចុះ​មក​ក្រោម ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​លួង​ឲ្យ​ចុះ​មក​ក្រោម​វិញ កុំ​គិត​ខ្លី ភ្លាម​ៗ​នោះ​ជីដូន​របស់​យុវជន​ដែល​ត្រូវ​គេ​វាយ​បែកក្បាល គាត់​ខឹង​បាន​ស្រែក​ជេរ​ម៉ែ ទើប​យុវជន​ដែល​បែក​ថ្នាំ​ខឹង​បាន​ដើរទៅ​យក​ដុំឥដ្ឋ​ចំនួន​២​ដុំ​បម្រុង​គប់​ចុះ​មក​ក្រោម ទើប​សមត្ថកិច្ច​ហាម​កុំ​ឲ្យ​តបត​ជាមួយ​ទៀត ។

ប្រមាណ​ជា​២​ម៉ោង​ក្រោយ ទើប​ជន​បែក​ថ្នាំ​បាន​ផ្លោះ​ចូល​ទៅ​ក្នុង​បង្កាន់ដៃ​វិញ ហើយ​អង្គុយ​សំកុក​នៅ​លើដំបូល​ផ្ទះ​នោះ ៕