ដោយ​​​សារ​​​អ្នក​ដេញថ្លៃឈើ​មិនទាន់គ្រប់អាយុ​ ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​ដាក់​លក់ដេញ​ថ្លៃឈើ​របស់​រដ្ឋ​

កាលពីម្សិលមិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលុបចោលការដាក់លក់ដេញថ្លៃឈើតាមការគ្រោងទុកម្តងទៀតក្នុងគោលបំណងលក់ចេញនូវឈើខុសច្បាប់ចំនួន៧១.០០០ម៉ែត្រគូបដែលអាជ្ញាធររឹបអូសបានកាលពីដើមឆ្នាំនេះ គឺពេលនេះដោយសារអ្នកដេញថ្លៃម្នាក់ក្នុងចំណោមអ្នកដេញថ្លៃដែលបានចុះឈ្មោះនោះ មិនទាន់គ្រប់អាយុ។ កាលពីថ្ងៃអាទិត្យ ក្រសួងបានលើកឡើងថា គម្រោងដាក់លក់ដេញថ្លៃឈើចំនួន ២.៦៥៣ម៉ែត្រគូបនៅក្នុងខេត្តស្ទឹងត្រែងកាលពីថ្ងៃអង្គារបានដំណើរការតាមការគ្រោងទុកដោយមានអ្នកដេញថ្លៃបីនាក់បានចុះឈ្មោះ។ ប៉ុន្តែ កាលពីម្សិលមិញ លោក សួង ម៉េងគា អនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា ការដាក់លក់ដេញថ្លៃនេះត្រូវបានលុបចោល ដោយសារអ្នកដេញថ្លៃម្នាក់ក្នុងចំណោមអ្នកដេញថ្លៃបីនាក់អាយុក្រោម១៨ឆ្នាំ ហេតុដូច្នេះ ហើយ មិនមានសិទ្ធិដាក់ដេញថ្លៃឈើនេះឡើយ។លោកបានថ្លែងថា “យើងនឹងរៀបចំកាល វិភាគឡើងវិញសម្រាប់ពេលក្រោយ”។វាជាលើកទី៣ហើយ ដែលក្រសួងបានលុបចោលការដាក់លក់ដេញថ្លៃនេះ ដែលពីដំបូងគ្រោងចាប់ផ្តើមក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២៧ខែមិថុនា។ កាលពីពីរលើកដំបូងនោះ ក្រសួងបានលើកឡើងថា មិនមានអ្នកទិញគ្រប់គ្រាន់ដែលមានចំណាប់អារម្មណ៍ដើម្បីបន្តឡើយ។ ការដាក់លក់ដេញថ្លៃបន្ទាប់ដែលគ្រោងធ្វើកាលពីថ្ងៃច័ន្ទ ក៏នៅក្នុងខេត្តមណ្ឌលគិរីដែរ។ អាជ្ញាធររឹបអូសបានឈើចំនួន៧១.០០០ម៉ែត្រគូប ដោយដាក់លក់ក្នុងតម្លៃ១៤លានដុល្លារ ចាប់ពីពាក់កណ្តាលខែមករា ដល់ពាក់កណ្តាលខែមេសាដោយមានការសហការជាមួយក្រុមការងារពិសេសដែលបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីលុបបំបាត់ការស្តុកឈើខុសច្បាប់នៅភាគបូព៌ាប្រទេស។ ប្រាក់ដែលបានពីការលក់ដេញថ្លៃនេះត្រូវបានលៃទុកសម្រាប់ប្រើប្រាស់ដោយក្រសួងអប់រំ៕សារុន © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may […]

The post ដោយ​​​សារ​​​អ្នក​ដេញថ្លៃឈើ​មិនទាន់គ្រប់អាយុ​ ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​ដាក់​លក់ដេញ​ថ្លៃឈើ​របស់​រដ្ឋ​ appeared first on The Cambodia Daily.