អនិច្ចា​ទារិកា​ចម្លែក ​​​កើត​មក​គ្មាន​ស្លឹកត្រចៀក ​និង​រន្ធ​ត្រចៀក​ឡើយ

អនិច្ចា​ទារិកា​ចម្លែក ​​​កើត​មក​គ្មាន​ស្លឹកត្រចៀក ​និង​រន្ធ​ត្រចៀក​ឡើយ



បាត់ដំបង​ ៖​ រឿង​ដ៏​ចម្លែក​មួយ​បាន​កើត​ឡើង​ ព្រមទាំង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ផងដែរ ពី​សំណាក់​ប្រជាពលរដ្ឋ​ ដែល​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ ​ដោយសារ​តែ​មាន​ទារិកា​ម្នាក់​​ ​បាន​កើតមក​មាន​កាយសម្បទា​គ្រប់គ្រាន់ ប៉ុន្តែ​ចម្លែក​ត្រង់​ថា​គ្មាន​ស្លឹកត្រចៀក និង​រន្ធ​ត្រចៀក​សោះឡើយ ​​ធ្វើឲ្យ​ប្រជាពលរដ្ឋ និង​ក្រុម​គ្រូពេទ្យ​មានការ​ងឿងឆ្ងល់​ជា​ខ្លាំង​ផង​ដែរ។

ហេតុការណ៍​ដ៏​កម្រ​នេះ ​បាន​កើតឡើង​នៅ​ក្នុង​ត្រកូល​គ្រួសារ​កសិករ​​​មួយ​ ដែល​ប្រកបមុខរបរ​ធ្វើ​ចម្ការ​ រស់នៅ​ភូមិ​គគីរ​ ឃុំ​ភ្នំព្រឹក ​ស្រុក​ភ្នំព្រឹក​ ខេត្ត​បាត់ដំបង​ ដែល​ម្តាយ​ទារិកា​នោះ​មាន​ឈ្មោះ ជួន សុខា ​ អាយុ​២៥​ឆ្នាំ ព្រមទាំង​មាន​ស្វាមី​ឈ្មោះ ឌុល វុទ្ធី​ អាយុ​២៥​ឆ្នាំ​ដូចគ្នា ដោយ​ស្ត្រី​ជា​ភរិយា​បាន​សម្រាលកូន​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា ​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​យប់។

ទារិកាដែល​ទើបនឹង​កើតមក មាន​កាយសម្បទា​គ្រប់គ្រាន់ ប៉ុន្តែ​គ្មាន​ស្លឹកត្រចៀក និង​គ្មាន​រន្ធ​ត្រចៀក​ទាំងសងខាង​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រូពេទ្យ និង​ប្រជាពលរដ្ឋ​ ដែល​សម្រាក​នៅ​ក្បែរ​ខាង​នាំគ្នា​មក​ចោមរោម​មើល ព្រមទាំង​បាន​លាន់មាត់​គ្រប់​ៗ​គ្នា ដោយ​ការ​ចូលរួម​អាណិតអាសូរ​ដល់​ទារិកា​ដ៏​អភ័ព្វ​នេះ។

អ្នក​ទាំងអស់​បាន​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​ផ្លូវ​ធម៌​ ដោយ​ម្នាក់ៗ​គិត​ថា តើ​ជាតិ​មុន​ បាន​សាង​បាបកម្ម​អ្វី បាន​ជា​កើតមក​ជាតិ​នេះ​គ្មាន​ស្លឹកត្រចៀក​ និង​រន្ធ​ត្រចៀក​បែបនេះ។ ទារិកា​អភ័ព្វ​នេះ​ត្រូវបាន​គ្រូពេទ្យ​ប្រាប់​ឲ្យ​ដឹងថា មាន​ទម្ងន់​៤​គីឡូក្រាម ដោយ​កើតមក​គឺមាន​សុខភាព​ល្អជា​ធម្មតា។

បុរស​ជា​ឪពុក​បាន​និយាយ​ថា ពួកគេ​រៀបការ​៤​ឆ្នាំ​មក​ហើយ ដោយមាន​កូន​២​នាក់ កូនប្រុស​ច្បង​អាយុ​ជាង​២​ឆ្នាំ ដោយឡែក​សម្រាប់​កូនស្រី​ ទើប​កើតមក​បាន​៣​ថ្ងៃ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន ​មាន​ភាព​ចម្លែក​គ្មាន​ស្លឹកត្រចៀក ​និង​រន្ធ​ត្រចៀក​ទាំងពីរ​បែបនេះ ដែល​ធ្វើ​ឲ្យ​គាត់​មាន​ក្តី​អាណិត​ជាទីបំផុត​មិន​ដឹងថា​ធំ​ពេញវ័យ​ឡើង​ គេ​តូច​ចិត្ត​នឹង​វាសនា​យ៉ាងដូចម្តេច​នោះឡើយ ​ហើយ​ក៏​ទំនងជា​មិនអាច​ស្តាប់​អ្វីឮ​ថែម​ទៀតផង ដោយ​នៅពេលនេះ​គឺ​លោក​ទាល់គំនិត​រក​ផ្លូវ​ណា​ដើម្បី​ជួយ​កូនស្រី​នេះ​បាន​ឡើយ។

ឪពុក ម្តាយ​ទារិកា​អភ័ព្វ បាន​សំណូមពរ​ដល់​សប្បុរស​ជន​ក្នុង​និង​ក្រៅ​ប្រទេស បើ​សិន​ដឹង​ថា​មាន​មន្ទីរពេទ្យ​ណា​អាច​វះកាត់​ព្យាបាល​ត្រចៀក​បាន​សូម​មេត្តា​ជួយ​ដល់​កូនស្រី ​និង​គ្រួសារ​គាត់​ផង៕

អនិច្ចា​ទារិកា​ចម្លែក ​​​កើត​មក​គ្មាន​ស្លឹកត្រចៀក ​និង​រន្ធ​ត្រចៀក​ឡើយ