បន្លែ “​គ្មាន​ជាតិគីមី​” នៅ​សង្កាត់​ជ្រាវ កំពុង​តែ​វាយលុក​ចូល​ទីផ្សារ​​ក្នុង​ក្រុង​សៀមរាប​

បន្លែ “​គ្មាន​ជាតិគីមី​” នៅ​សង្កាត់​ជ្រាវ កំពុង​តែ​វាយលុក​ចូល​ទីផ្សារ​​ក្នុង​ក្រុង​សៀមរាប​



សៀមរាប ​៖ ​សួន​បន្លែ​គ្មាន​ជាតិគីមី​នៅ​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​កំពុងតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ជាពិសេស​បាន​នាំចូល​លក់​នៅ​ក្នុង​ទីផ្សារ​ផង​ដែរ​។​

បន្លែ “​គ្មាន​ជាតិគីមី​” នៅ​សង្កាត់​ជ្រាវ កំពុង​តែ​វាយលុក​ចូល​ទីផ្សារ​​ក្នុង​ក្រុង​សៀមរាប​

លោក ក្រួច លី ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​មួយ​របស់​សហគមន៍​ជ្រាវ​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៣​កក្កដា​ថា ​លោក​បាន​និង​កំពុង​ធ្វើការ​យ៉ាងសកម្ម​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ដែល​បាន​ចូល​មក​ទស្សនា​ សួន​បន្លែ​របស់​កសិករ​នៅ​សង្កាត់​ជ្រាវ ​ក្នុង​ក្រុង​សៀមរាប​ ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សួន​បន្លែ​គ្មាន​ជាតិគីមី​របស់​លោក។

លោក​បាន​បញ្ជាក់​ទៀត​ថា គោលបំណង​សំខាន់​នោះ​ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ជ្រាវ ​ប្រែ​ក្លាយទៅជា​សង្កាត់​បៃតង និង​បន្លែ​គ្មាន​ជាតិគីមី​។​ បើ​គេ​និយាយ​ពី​សង្កាត់​ជ្រាវ​នោះ​គេ​មិន​នឹកស្មាន​ដល់​ថា​មាន​សួន​បន្លែ​បៃតង​ដែល​អ្នកភូមិ​ស្ទើរ​គ្រប់​ផ្ទះ​យក​មុខ​របរ​នេះ​ធ្វើជា​មុខរបរ​ប្រកបដោយ​ជោគជ័យ​ក្នុង​ក្រុម​គ្រួសារ​របស់​ពួកគាត់​នោះ​ទេ។ តាម​ការ​ប៉ាន់ស្មាន​ អ្នកភូមិ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ប្រមាណ​៨០% គឺជា​កសិករ ហើយ​៩០% ​នៃ​បន្លែ​ពួកគេ គឺជា​បន្លែ​ធម្មជាតិ ដែល​ពុំ​មាន​ប្រើ​សារធាតុ​គីមី។

បន្លែ “​គ្មាន​ជាតិគីមី​” នៅ​សង្កាត់​ជ្រាវ កំពុង​តែ​វាយលុក​ចូល​ទីផ្សារ​​ក្នុង​ក្រុង​សៀមរាប​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​សហគមន៍​ជ្រាវ ក៏​កំពុង​ក្លាយ​ជា​ទិសដៅ​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​ ដោយ​មិន​រាប់​ពី​ភ្ញៀវ​ទេសចរ​ជាតិ​ក្នុង​មួយថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​មធ្យម​ប្រមាណ​៣០០​នាក់​ទៅ​៤០០​នាក់ ​ដែល​បាន​ទៅ​ទស្សនា​សួន​បន្លែ​ក្នុង​សហគមន៍​ជ្រាវ​នោះ។​

គួរ​រំលឹក​ផង​ដែរ​ថា ​គម្រោង​នេះ​បាន​លើកកម្ពស់​ជីវភាព​កសិករ​ក្នុង​សង្កាត់​ជ្រាវ​ គឺ​បាន​បង្កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​២០១២ ដោយ​ធ្វើការ​លើ​គោលការណ៍​ចំនួន​២​យ៉ាង ទី​១/បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​ទី​២/​លើកកម្ពស់​កសិករ​ក្នុង​សហគមន៍​ជ្រាវ​ តាមរយៈ​លើកទឹកចិត្ត​ឲ្យ​ចេះ​ដាំ​បន្លែ​ធម្មជាតិ​ដោយ​ពុំ​មាន​ប្រើ​ជាតិគីមី​នោះ​ឡើយ​។

ក្រៅពី​ការងារ​ទាំងនេះ ​ក្នុង​គម្រោង​របស់​អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​សហគមន៍​ក៏​មាន​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន​តាមរយៈ​ការ​បង្កើត​រទេះគោ​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ​ដើរលេងកម្សាន្ត​និង​គម្រោង​ភូមិ​កសិកម្ម​នេះ​ជាដើម​ផង​ដែរ​។​

លោក​ ក្តោប ​រ៉​ន​ ចៅសង្កាត់​ជ្រាវ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ​សព្វថ្ងៃនេះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​របស់​លោក​បាន​ឈប់​ចំណាកស្រុក​ហើយ​ នាំគ្នា​បែរ​មក​ប្រកបមុខរបរ​ដាំ​បន្លែ​ធម្មជាតិ​គ្មាន​ជាតិគីមី​វិញ ​ពីព្រោះ​វា​ងាយស្រួល​រក​ទីផ្សារ​៕

បន្លែ “​គ្មាន​ជាតិគីមី​” នៅ​សង្កាត់​ជ្រាវ កំពុង​តែ​វាយលុក​ចូល​ទីផ្សារ​​ក្នុង​ក្រុង​សៀមរាប​