ផឹក​ចំ​ស្រា​កាច​ វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ ត្រូវ​ម្ចាស់​ចម្ការ​ប្ដឹង​វាយ​ខ្នោះ

ផឹក​ចំ​ស្រា​កាច​ វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ ត្រូវ​ម្ចាស់​ចម្ការ​ប្ដឹង​វាយ​ខ្នោះ



ពោធិ៍សាត់​ ៖​ បុរស​ពីរ​នាក់​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន ​សហការ​ជាមួយ​កម្លាំង ​នគរបាល​អធិការ​ស្រុក​វាលវែង​ ចាប់ខ្លួន​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ផឹក​​​​​ស្រា​ស្រវឹង​ ​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​ដំណាំ​ម្ចាស់​ចម្ការ​របស់​ខ្លួន​រួច​មក។

ហេតុការណ៍​ឃាត់​ខ្លួន​ ជន​សង្ស័យ​វ័យ​ចំណាស់​ទាំង​ពីរ​នាក់​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​កណ្ដាល ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។

លោក​ឈាន ឆោម ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរសោម​បាន​ឲ្យ​ដឹង​ថា​ ៖​ ជន​សង្ស័យ​ទាំង​ពីរ​​នាក់​នោះ ​ទី​១.​ឈ្មោះ​ជួង ជុ​យ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ទី​២.​ឈ្មោះ​ជុំ ជា ភេទ​ប្រុស ​អាយុ​៥៥​ឆ្នាំ។ អ្នក​ទាំង​ពីរ​ ជា​ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​ឃុំ​ខាង​លើ​ បាន​កាប់ និង​ដក​បំផ្លាញ​ចោល​ដំណាំ​ម្ចាស់​ចម្ការ​ ដែល​ខ្លួន​រស់នៅ​ជាមួយ ​ឈ្មោះ​ជា វិ​ន អាយុ​៥៥​ឆ្នាំ ​ភេទ​ប្រុស​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។ ដំណាំ​ដែល​ខូចខាត​ទាំងស្រុង​នោះ​រួម​មានៈ ចេក​៥២​គុម្ព ដើម​ធូរេន​៣៧ ដើម ដើម​ប៊័រ​​៥។

លោក​បាន​បន្ត​ថា​ ៖​ បើ​តាម​បណ្ដឹង​របស់​លោក​ជា វិ​ន ​ម្ចាស់​ចម្ការ​​​ បាន​រៀបរាប់​ថា ​​​ជន​សង្ស័យ​ខាង​លើ ​បាន​មក​សុំ​​គាត់​នៅ​ជាមួយ​ជួយ​ដាំ​ដំណាំ​ និង​មើលថែ​ចម្ការ​ខាង​លើ​រយៈពេល​ប្រហែល​មួយ​ឆ្នាំ​មក​ហើយ ​តែ​​អ្នក​ទាំងពីរ​មិន​សូវ​ជួយ​ធ្វើ​ការងារ​ប៉ុន្មាន​ទេ​ នៅ​ក្នុង​ចម្ការ​នេះ ​រវល់​តែ​ផឹក​ស្ទើរ​រាល់ថ្ងៃ។ លុះ​នៅ​​​យប់​ថ្ងៃ​ទី​១០ ខែ​​កក្កដា​ ឆ្នាំ​២០១៦​ អ្នក​ទាំង​ពីរ​ផឹក​ស្រា​ស្រវឹង​យ៉ាង​ខ្លាំង​ ហើយ​រក​រឿង​រូប​គាត់​ប្រុង​ប្រើ​អំពើ​ហិង្សា​​​​ទៀត​ ​រួច​ក៏​បាន​នាំ​គ្នា​ទាញ​កាំបិត​ទៅ​កាប់​ដើម​ចេក​ ​​ដើម​ធូរេន ​និង​ដើម​ប៊័រ​ក្នុង​ចម្ការ​អស់​ជាច្រើន ​​ព្រម​ទាំង​ប្រមាថ​គំរាម​ដល់​អាយុជីវិត​គាត់​ទៀត​ ទើប​គាត់​​​ប្ដឹង​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​តែម្ដង។

លោក​មេ​ប៉ុស្តិ៍​បន្ត​ទៀត​ថា ​ក្រោយ​ជនរងគ្រោះ​ប្ដឹង​រួច ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ សហការ​ជាមួយ​កម្លាំង​នគរបាល​អធិដ្ឋាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បង្ក​សំណុំរឿង​ទៅ​តុលាការ៕