រថយន្ត​មិន​ស្គាល់​ម៉ាក​ បុក​អ្នក​ថ្មើរ​ជើង​ស្លាប់​ម្នាក់​ នៅ​ពេល​ទៀបភ្លឺ

រថយន្ត​មិន​ស្គាល់​ម៉ាក​ បុក​អ្នក​ថ្មើរ​ជើង​ស្លាប់​ម្នាក់​ នៅ​ពេល​ទៀបភ្លឺ



បាត់ដំបង​ ៖​ ជនរងគ្រោះ​ម្នាក់​ ដែល​បច្ចុប្បន្ន​បាន​ស្នាក់នៅ​ជាមួយ​នឹង​លោក​មេបញ្ជាការ​រង​​ កងរាជអាវុធហត្ថ​ខេត្ត​ ​បាន​ជួប​នឹង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ​បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ ​ខណៈ​ដែល​ជនរងគ្រោះ​បាន​ដើរ​ឆ្លង​ថ្នល់​មិន​បាន​ប្រុងប្រយ័ត្ន​ ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​តែ​ម្ដង។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៦ ​វេលា​​ម៉ោង ៣​និង​៣០​នាទី​​ទៀបភ្លឺ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​ក្រុម​១៩ ​ភូមិ​អណ្ដូង​ចេញ ​សង្កាត់​អូរចារ ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង ​រវាង​ថ្មើរជើង និង​រថយន្ត​មិន​ស្គាល់​​ម៉ាក ​និង​មិន​ស្គាល់​ស្លាក​លេខ។

យោង​តាម​ប្រភព​មួយ​ចំនួន​បាន​និយាយ​ថា ​នៅ​មុន​ពេល​កើតហេតុ​ គឺ​ទំនងជា​ជនរងគ្រោះ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ ដោយ​ថ្មើរជើង ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ដែល​ប្រភព​ទាំងឡាយ​មិនបាន​ស្គាល់​ម៉ាក និង​មិន​បាន​ឃើញ​ស្លាក​លេខ ​រួច​ក៏​បាន​បុក​ទៅលើ​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​យុវជន​រូប​នេះ ប៉ើង​ជាច្រើន​ម៉ែត្រ​ ព្រម​ទាំង​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​តែ​ម្ដង។

ក្រោយពេល​កើតហេតុ មុន​ពេល​ដែល​សមត្ថកិច្ច​ចុះទៅ​ដល់ គឺ​រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់ស្រមោល ដោយ​បន្សល់​តែ​សព​ជនរងគ្រោះ​​ ​ដេក​ក្នុង​ថ្លុក​ឈាម​នៅ​លើ​ផ្លូវជាតិ​តែប៉ុណ្ណោះ។ បើ​តាម​ប្រភព​មួយ​ចំនួន​ ដែល​បាន​ស្គាល់​ គឺ​បាន​បញ្ជាក់​ថា ​ជនរងគ្រោះ​មាន​ ឈ្មោះ​ចាន់ វែង ​ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ដោយ​សព និង ម្ដាយបង្កើត​របស់​គេ រស់នៅ​ជាមួយ​នឹង​លោក​ប៉ោ វិចិត្រ ជា​មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត ដែល​មាន​ទីតាំងនៅ​ភូមិ​ហៃសាន ឃុំ ជ្រៃ ស្រុក ថ្មគោល។

បច្ចុប្បន្ន​សព​ត្រូវ​បាន​ក្រុម​គ្រួសារ សាច់ញាតិ នាំ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ។ ដោយឡែក​រថយន្ត​បង្ក ក៏​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​ផង​ដែរ ដើម្បី​នាំ​យកមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕

រថយន្ត​មិន​ស្គាល់​ម៉ាក​ បុក​អ្នក​ថ្មើរ​ជើង​ស្លាប់​ម្នាក់​ នៅ​ពេល​ទៀបភ្លឺ